ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ស្រុក​សាលា​ក្រៅ ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ធ្វើ​ឲ្យ​ផ្ទះ​សម្បែង​រង​ការខូចខាត​

​​ប៉ៃលិន​ ៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ លោក សំ សារ៉េត អភិបាលស្រុក​សាលា​ក្រៅ បាន​ដឹកនាំ​មន្ត្រីរាជការ​ស្រុក រួមទាំង​សមត្ថកិច្ច ចុះសួរសុខទុក្ខ និង​ស្រង់​ស្ថិតិ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទទួលរង​នូវ​ការ​រលំ​ផ្ទះសម្បែង ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែមីនា កន្លងទៅ ស្ថិត​ក្នុង​ភូមិ​ភ្នំ​ស្ពង់ ឃុំ​សាលា​ក្រៅ និង​ភូមិ​ស្ទឹងត្រង់ ឃុំ​ស្ទឹងត្រង់ នៃ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

លោក សំ សារ៉េត អភិបាលស្រុក​សាលា​ក្រៅ មានប្រសាសន៍​ឲ្យ​ដឹង​ថា​ ៖ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន ពី​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ពីរ​ឃុំ ក្នុង​មូលដ្ឋាន ដែល​លោក​គ្រប់​គ្រង ពេល​នោះ​លោក​ក៏​ចាត់​ក្រុមការងារ រួម​ទាំង​សមត្ថកិច្ច ចុះ​ដល់ទី​តាំង​ភ្លាមៗ ដើម្បី​ពិនិត្យ​ពី​ផល​ប៉ះពាល់ ការ​ខូចខាត​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ពិសេស​មនុស្ស ដែល​ទទួលរង​ដោយ​គ្រោះធម្មជាតិ​មួយ​នេះ។

លោក​អភិបាលស្រុក មានប្រសាសន៍​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់ ​ឯកឧត្ដម ផាន់ ចាន់​ធុល អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ដោយ​ឯកឧត្ដម តែងតែ​យកចិត្តទុកដាក់ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជួបប្រទះ​ការលំបាក និង​ជួប​គ្រោះ​មហន្តរាយ​ផ្សេងៗ ដូចជា គ្រោះ​មហន្តរាយ​ធម្មជាតិ នាពេលនេះ​ជាដើម។ ជាមួយគ្នានេះ ​លោក​ក៏បាន​ក្រើន​រលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មេត្តា​មានការ​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ភ្លៀង​ផ្គរ​រន្ទះ ពិសេស​បញ្ហា​ខ្យល់​កន្ត្រាក់​នេះ​តែម្ដង ហើយ​ចំពោះ​អាកាសធាតុ ​ក៏​មាន​ការប្រែប្រួល​ខ្លាំង ស្រប​ពេលនេះ​ ប្រទេស​កម្ពុជា​យើង កំពុង​ជួប​នូវ​គ្រោះ​រាំងស្ងួត​តាម​តំបន់​មួយ​ចំនួន នៃ​ប្រទេស​កម្ពុជា​ ចំណែក​នៅ​ខេត្ត​ប៉ៃលិន ក៏​មាន​ករណី​គ្រោះរាំងស្ងួត​ផងដែរ នៅ​តាម​តំបន់​មួយចំនួន ​នៃ​ស្រុក​សាលា​ក្រៅ ដូច្នោះ​សូម​បងប្អូន​ទាំង​អស់ រក្សា​ឲ្យ​បាន​នូវ​អនាម័យ​ស្អាត ហូប​ស្អាត ដើម្បី​ជៀសវាង​នៅ​ជំងឺតម្កាត់​ផ្សេងៗ​ផងដែរ​។

សូមបញ្ជាក់ថា ​៖ កាលពី​វេលា​ម៉ោង​១៦និង​៣០​នាទី​ល្ងាច ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ ម្សិលមិញ មាន​ករណី​ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បាន​វាយប្រហារ​ទៅលើ​ឃុំ​ចំនួន​២ ក្នុងស្រុក​សាលា​ក្រៅ នៃ​ខេត្ត​ប៉ៃលិន បណ្ដាលឲ្យ​លំនៅឋាន របស់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​០៧​ខ្នង ត្រូវ​រង​ការខូចខាត ក្នុង​នោះ​មាន​០២​ខ្នង បាន​ខូចខាត​ទាំងស្រុង និង​០៥​ខ្នង​ទៀត រង​ការខូចខាត​មធ្យម ព្រមទាំង​បាក់​អង់​តែង​មួយ​ដើម បាក់​ដើមឈើ​ធំៗ ដែល​ដាំ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩ ជាច្រើន​ដើម ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឡើយ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114