ព័ត៍មានទាន់​ហេតុការណ៏
Search

មេដឹកនាំ​ប្រេ​ស៊ី​លបើក​មូលដ្ឋាន​សម្រាប់​រ៉ុក្កែត​អាមេរិក​ដើម្បី​ទាក់ទាញ​លោក Trump

ប្រធានាធិបតី​ស្តាំនិយម​ថ្មី​របស់​ប្រទេស​ប្រេ​ស៊ី​ល​លោក Jair Bolsonaro បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​បើក​មូលដ្ឋាន​បាញ់​បង្ហោះ​ផ្កាយរណប​របស់​អាមេរិក​ស្របពេល​ដែល​លោក​បាន​អំពាវនាវ​ឲ្យ​មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយ​លោក Donald Trump ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​។​

អ្នក​អភិរក្ស​និយាយ​ឥត​សំចៃ​ម្នាក់​រូបនេះ​នឹងត្រូវ​ជួប​លោក Trump នៅឯ​សេត​វិមាន​នៅ​ថ្ងៃ​អង្គារ​។ លោក​មាន​ភាពស្និទ្ធស្នាល​ខាង​មនោគមន៍វិជ្ជា​ជាមួយ​មេដឹកនាំ​អាមេរិក​និង​បានធ្វើ​ខុស​ទម្លាប់​របស់​ប្រេ​ស៊ី​ល​ដោយសារតែ​ការធ្វើដំណើរ​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​មិនមែន​ប្រទេស​អា​ហ្ស​ង់​ទីន​សម្រាប់​ការធ្វើដំណើរ​ជា​ផ្លូវការ​លើកដំបូង​របស់​លោក​នៅ​បរទេស​។​

ដោយ​លើកកម្ពស់​វិធីសាស្ត្រ​ជំនួញ​បន្ទាប់ពី​ការដឹកនាំ​ជាង​មួយ​ទសវត្សរ៍​ដោយ​ប្រធានាធិបតី​សង្គមនិយម​, លោក Bolsonaro បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុមហ៊ុន​អាមេរិក​លើ​ការការពារ​បច្ចេកទេស​ដើម្បី​អនុញ្ញាត​ឲ្យ​ផ្កាយរណប​ពាណិជ្ជកម្ម​អាច​បាញ់​បង្ហោះ​ចេញពី​មូលដ្ឋាន Alcantara នៅ​រដ្ឋ Maranhao ភាគ​ខាងជើង​ប្រទេស​ប្រេ​ស៊ី​ល​បាន​។​

លោក Bolsonaro បាន​ថ្លែង​នៅ​សភាពាណិជ្ជកម្ម​អាមេរិក​ថា “​យើង​គួរតែ​អរគុណ​ព្រះ​ចំពោះ​ការផ្លាស់ប្តូរ​មនោគមវិជ្ជា​នាពេល​ថ្មីៗ​នេះ​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​។ យើង​ចង់​ឲ្យ​មាន​ប្រទេស​ប្រេ​ស៊ី​ល​ដ៏​អស្ចារ្យ​ដូចដែល​លោក Trump ចង់​ធ្វើ​ឲ្យ​អាមេរិក​ជា​ប្រទេស​ដ៏​អស្ចារ្យ​”​។​

មូលដ្ឋាន Alcantara គឺជា​ទីតាំង​ដ៏​ល្អឥតខ្ចោះ​មួយ​ដែល​វា​ស្ថិត​នៅក្បែរ​ខ្សែ​អេក្វាទ័រ​ដោយ​កាត់បន្ថយ​តម្រូវការ​ប្រេង​បាន​៣០​ភាគរយ​។​

ប្រទេស​ប្រេ​ស៊ី​ល​សង្ឃឹមថា ខ្លួន​នឹង​ទទួលបាន​ចំណែក​ទីផ្សារ​លក់​រាប់ពាន់​លាន​ដុល្លា​ខណៈដែល​ខ្លួន​កំពុង​ប្រកួតប្រជែង​ជាមួយ​មជ្ឈមណ្ឌល​អវកាស Kourou នៅ​កោះ​ហ្គី​ណេ​បារាំង​។​

ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀង​នេះ​ត្រូវការ​ការអនុម័ត​ពី​សភា​ប្រេ​ស៊ី​ល​។ សភា​បាន​រារាំង​កិច្ចព្រមព្រៀង​ស្រដៀង​គ្នា​នេះ​របស់​អតីត​ប្រធានាធិបតី Fernando Henrique Cardoso ដោយ​អះអាងថា ប្រទេស​នេះ​នឹង​បាត់បង់​អធិបតេយ្យភាព​ក្នុង​ដៃ​សហរដ្ឋអាមេរិក​៕ AFP