ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​អ្នកស្រាវជ្រាវ​អះអាង​ថា​ កម្ពុជា​ជា​អ្នកបង្កើត​សញ្ញា​លេខ​សូន្យ​មុនគេ​បំផុត​នៅ​លើ​ពិភពលោក

ភ្នំពេញ ​៖ ​ក្រុម​អ្នកស្រាវជ្រាវ​បាន​អះអាង​ថា ​កម្ពុជា​ជា​អ្នកបង្កើត​សញ្ញា​លេខ​សូន្យ​មុនគេ​បំផុត​ដែល​ពិភពលោក​បាន​យក​ទៅ​ប្រើប្រាស់ ហើយ​បាន​ជួយ​លើក​មុខមាត់​ប្រទេស​កម្ពុជា​កាន់តែ​ល្បី​រន្ទឺ​ថែមទៀត​នៅលើ​ឆាក​អន្តរជាតិ​។​

លោក​សាស្ត្រា ប៉ាត់ ស៊ុយ​គ្រី ប្រធាន​ក្រុម​អ្នកស្រាវជ្រាវ​ស្ម័គ្រចិត្ត​ខ្មែរ​មានប្រសាសន៍ថា​យោង​តាម​ប្រវត្តិ​សញ្ញា​លេខ​សូន្យ​ដែល​ដូនតា​ខ្មែរ​ដែល​បាន​បង្កើត​ឡើង​តាំងពី​សតវត្សរ៍​ទី​៧​នេះ​បាន​ជួយ​ជំរុញ​ដល់​ផ្នែក​វិទ្យាសាស្ត្រ​របស់​ពិភពលោក​មានការ​រីក​ចម្រើន​តាំងពី​សម័យមុន​រហូត​មកដល់​សម័យ​បច្ចុប្បន្ននេះ​។

ថ្លែង​នៅក្នុង​សន្និសីទ​ស្តីពី​ប្រវត្តិ​គណិតវិទ្យា​នៃ​លេខ​សូន្យ​ដែល​រៀបចំឡើង​ដោយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​កាលពី​ព្រឹក​ថ្ងៃទី​១៩ ​ខែមីនា​ ឆ្នាំ​២០១៩ ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា កូរ៉េ លោក​សាស្ត្រាចារ្យ​បាន​បន្ត​ថា ​កាល​ជំនាន់​នោះ ​គេ​មិន​ប្រើ​លេខ​ទេ​គេ​ប្រើ​សញ្ញា​អក្សរ​សម្រាប់​សំគាល់​លេខ​១០​ ឬ​ លេខ​៥០​តែ​ក្រោយមក​បន្ទាប់ពី​ខ្មែរ​បាន​បង្កើត​សញ្ញា​លេខ​សូន្យ​នេះ​គេ​ក៏បាន​យក​ទៅ​ប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក​រហូតមកដល់​បច្ចុប្បន្ន​នេះ​។

​ចំណែក​លោក​បណ្ឌិត​ប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់​សាស្ត្រាចារ្យ​សិលាចារឹក​និង​ប្រវត្តិសាស្ត្រ​ខ្មែរ​និង​អាស៊ីអាគ្នេយ៍​បាន​មានប្រសាសន៍ថា​ លេខ​សូន្យ​នេះ​គឺ​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​កត់ត្រា​សំគាល់​ឆ្នាំ​មហាសករាជ​ដែល​កើត​ក្រោយ​គ្រឹះ​សករាជ​៧៨​ឆ្នាំ​ ដោយ​មិនបាន​យក​មក​សម្រាប់​កត់ត្រា​លេខ​នោះទេ​។

លោក​បណ្ឌិត​បាន​ណែនាំ​ដល់​យុវជន​ជំនាន់​ក្រោយ​ ត្រូវ​ខិតខំ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​និង​បង្កើត​នូវ​អ្វី​ដែល​ថ្មីៗ​បន្ត​ពី​ដូច​តា​ជំនាន់​មុន​ដែល​បាន​បង្កើត​សញ្ញា​លេខ​សូន្យ​សម្រាប់​ប្រើប្រាស់​នៅលើ​ពិភពលោក​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​មាន​អរិយធម៌​រុងរឿង​ឈានមុខ​គេ​នៅលើ​ពិភពលោក​។

សូម​រំលឹក​ថា ​សញ្ញា​លេខ​សូន្យ​នេះ​ត្រូវ​បាន​ចារ​ទុក​នៅលើ​សិលា​ចារិក K127​ជា​អក្សរ​ខ្មែរ​បុរាណ​ក្នុង​មហាសករាជ​៦០៤​ត្រូវ​នឹង​គ្រឹះសករាជ​៦៨២​នា​សតវត្សរ៍​ទី​៧​ដែល​គេ​បាន​រកឃើញ​នៅលើ​បំណែក​មេ​ទ្វារ​ប្រាសាទ​នៅ​ស្រុក​សម្បូរ​ខេត្តក្រចេះ​នៅក្នុង​គ្រឹះ​សករាជ​១៨៩១​ដែល​ជា​លេខ​ដែលមាន​វ័យ​ចំណាស់​ជាងគេ​នៅលើ​ពិភពលោក​។

បច្ចុប្បន្ននេះ​សិលា​ចារិក​K127​នេះ​ត្រូវ​បាន​យកមក​រក្សាទុក​នៅក្នុង​សារមន្ទីរ​ជាតិ​ភ្នំពេញ​ដើម្បី​ដាក់​តាំង​បង្ហាញ​ជូន​ឲ្យ​សាធារណជន​និង​អ្នកស្រាវជ្រាវ​បានឃើញ​និង​ស្គាល់​ពិសេស​តាម​បំណងប្រាថ្នា​របស់​លោក​សាស្ត្រាចារ្យ​អា​មៀ អាក់​ស៊ែ​ល​ដែល​បាន​ខិតខំ​សិក្សា​ស្រាវជ្រាវ​លេខ​សញ្ញា​សូន្យ​នេះ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​រហូត​បាន​រកឃើញ​សិលា​ចារិក​នេះ​នៅ​ប្រទេស​កម្ពុជា​ហើយ​បានបង្ហាញ​សិលា​ចារិក​នេះ​ទៅកាន់​ពិភពលោក​បាន​ស្គាល់​នៅក្នុង​ខែមេសា​ឆ្នាំ​២០១៣​កន្លងទៅ​។

គួរ​បញ្ជាក់​ថា សន្និសីទ​ស្តីពី​ប្រវត្តិ​គណិតវិទ្យា​នៃ​លេខ​សូន្យ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្តល់​ចំណេះដឹង​លើ​ការអប់រំ​គណិតវិទ្យា ប្រវត្តិ​និង​ការវិវត្តន៍​គណិតវិទ្យា ការ​លើកកម្ពស់​គណិត​វិទ្យា​និង​ជំរុញ​វប្បធម៌​គណិតវិទ្យា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114