ព័ត៍មានទាន់​ហេតុការណ៏
Search

ចំនួន​អ្នកស្លាប់​ដោយសារ​ទឹកជំនន់​នៅ​ឥណ្ឌូនេស៊ី​ឡើងដល់​៨៩​នាក់​ ខណៈ​រាប់សិប​នាក់​កំពុង​បាត់​ខ្លួន

ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា មនុស្ស​យ៉ាងតិច​៨៩​នាក់ ​ត្រូវបាន​គេ​ដឹងថា ​ស្លាប់​បន្ទាប់ពី​ទឹកជំនន់​ឡើង​ភ្លាមៗ​និង​ការបាក់​ដី​បាន​វាយប្រហារ​តំបន់​ប៉ា​ពួ​របស់​ប្រទេស​ឥណ្ឌូនេស៊ី ​ហើយ​ចំនួន​អ្នកស្លាប់​ត្រូវបាន​គេ​គិតថា​នឹង​កើនឡើង​បន្ថែមទៀត​ ខណៈ​ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​ស្វែងរក​អ្នក​ដែល​នៅតែ​កំពុង​បាត់​ខ្លួន​ជាច្រើន​នាក់​។​

មនុស្ស​ជាច្រើន​នាក់​ក៏បាន​រងរបួស​ផងដែរ​នៅក្នុង​គ្រោះមហន្តរាយ​នេះ​ដែល​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ថ្ងៃ​សៅរ៍​ខណៈ​មនុស្ស​៦,៨០០​នាក់​ត្រូវបាន​គេ​ជម្លៀស​ទៅកាន់​ជម្រក​បណ្តោះអាសន្ន​នានា​។​

យោធា​បានចាប់ផ្តើម​ភារកិច្ច​ដ៏​គួរ​ឲ្យ​រន្ធ​ត់នៃ​ការដាក់​សាកសព​ដែល​ប្រឡាក់​ដោយ​ភក់​ចូលទៅក្នុង​ថង់​ខណៈ​ការស្វែងរក​ត្រូវ​រារាំង​ដោយ​គំនរ​នៃ​កំទេចកំទី​រួមទាំង​ដុំថ្ម​និង​ដើមឈើ​ដែល​ដួលរលំ​ផងដែរ​។​

មនុស្ស​ចំនួន​៧៧​នាក់​នៅតែ​បាត់​ខ្លួន​ខណៈពេលដែល​មនុស្ស​ប្រមាណ​១៥០​នាក់​បាន​រងរបួស​បាក់ឆ្អឹង មុត​និង​រងរបួស​ផ្សេងៗ​ទៀត​។​

អ្នកនាំពាក្យ​ភ្នាក់ងារ​គ្រោះមហន្តរាយ​ជាតិ​លោក Sutopo Purwo Nugroho បាន​និយាយថា “​មនុស្ស​ជាច្រើន​បានសម្រេច​ចិត្ត​ស្នាក់​នៅក្នុង​ជម្រក​ពីព្រោះ​ពួកគេ​នៅតែ​តក់ស្លុត​និង​ភ័យខ្លាច​អំពី​ទឹកជំនន់​ដែល​អាច​កើតឡើង​ភ្លាមៗ​ជា​បន្តទៀត​”​។​

រដ្ឋាភិបាល​បានចេញ​នូវ​ភាពអាសន្ន​រយៈពេល​១៤​ថ្ងៃ​នៅក្នុង​តំបន់​ប៉ា​ពួ​ដែលមាន​ព្រំប្រទល់​ជាមួយ​ប្រទេស​ប៉ា​ពួ​ញូ​ហ្គី​ណេ​ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី​។​

គួរបញ្ជាក់​ជាថ្មី​ថា ទឹកជំនន់​គឺជា​រឿង​ធម្មតា​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ជាពិសេស​អំឡុង​រដូវវស្សា​ដែលមាន​ចាប់ពី​ខែតុលា​ដល់​ខែមេសា​។​

កាលពី​ខែមករា ទឹកជំនន់​និង​ការបាក់​ដី​បានសម្លាប់​មនុស្ស​យ៉ាងតិច​៧០​នាក់​នៅលើ​កោះ Sulawesi ខណៈ​នៅ​ដើមខែ​នេះ មនុស្ស​រាប់រយ​នាក់​ក្នុង​ខេត្ត​ជ្វា​ខាងលិច​ត្រូវ​បង្ខំ​ឲ្យ​ជម្លៀស​នៅពេល​ភ្លៀង​ធ្លាក់​ឥតឈប់ឈរ​បា​នប​ង្ក​ឲ្យ​មាន​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​។​
ទន្ទឹមនឹង​នេះដែរ មនុស្ស​បីនាក់​ត្រូវបាន​សម្លាប់​រួមទាំង​ភ្ញៀវទេសចរ​ម៉ាឡេស៊ី​ពីរ​នាក់​ផងដែរ​ហើយ​មនុស្ស​១៨២​នាក់​ទៀត​ត្រូវ​រងរបួស​បន្ទាប់ពី​ការរញ្ជួយ​ដី​ថ្ងៃអាទិត្យ​បាន​បង្ក​ឲ្យ​មានការ​បាក់​ដី​លើ​កោះ​ទេសចរណ៍ Lombok របស់​ប្រទេស​ឥណ្ឌូនេស៊ី​ជាប់​កោះ​បាលី​៕ AFP