ព័ត៍មានទាន់​ហេតុការណ៏
Search

លី​គ​កំពូល​ម៉ាឡេស៊ី​ ៖ កីឡាករ ចាន់ វឌ្ឍនាកា ស្ថិត​ក្នុង​បញ្ជី​អ្នក​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​ប​ញ្ជូ​ល​ទី​បាន​ច្រើនជាងគេ

នៅ​ឆ្នាំ​២០១៩ នេះ​មាន​កីឡាករ​សមាជិក​ក្រុម​ជម្រើសជាតិ​កម្ពុជា ចំនួន​២​នាក់​កំពុង​ប្រកប​អាជីព​នៅ​លី​គ​កំពូល​ម៉ាឡេស៊ី (Malaysia Super League) ដោយ​ក្នុងនោះ​មាន​កីឡាករ ចាន់ វឌ្ឍនាកា ជា​សមាជិក​ក្លិប​បាល់ទាត់ PKNS (Kelab Bolasepak Perbadanan Kemajuan Negeri Selangor) និង​កីឡាករ ធា​រី ចន្ថា​ប៊ី​ន សមាជិក​របស់​ក្លិប​Terengganu FA​។

ចំណែក​កីឡាករ ចាន់ វឌ្ឍនាកា វិញ​ធ្លាប់​បាន​រក​គ្រាប់​បាល់​ឲ្យ​ក្រុម PKNS របស់ខ្លួន​បាន​១​គ្រាប់​ហើយ​នៅពេលនេះ​រូបគេ​ស្ថិតនៅ​ក្នុង​បញ្ជី​កីឡាករ​ដែល​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​ប​ញ្ចូ​ល​ទី​បានសម្រេច​ច្រើន​ជាង​គេ (Top Assists) បន្ទាប់ពី​កីឡាករ​ជនជាតិ​អង់គ្លេស Lee Tuck របស់​ក្លិប Terengganu FC បាន​៤​លើក​ម្នាក់ឯង​កីឡាករ ប្រេ​ស៊ី​ល Diogo របស់​ក្លិប JDT បាន​៣​លើក​ម្នាក់ឯង និង​ស្មើគ្នា​ជាមួយ​កីឡាករ Baddrol Bakhtiar របស់​ក្រុម​Kedah FA កីឡាករ Faiz Nasir របស់​ក្រុម Selangor និង​កីឡាករ Ze Love របស់​ក្រុម JDT ដែលមាន​២​លើក​ដូចគ្នា​។

​សូម​រំលឹក​ថា ​រដូវ​កាល​ឆ្នាំ​២០១៩ នៅ​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី​មាន​សមាជិក​ចំនួន​១២​ក្រុម ដែល​ត្រូវ​ប្រកួត​ពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ដល់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩​។ ក្រុម​ទាំង​១២​ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ​ចំនួន​២​ជើង ហើយ​ក្រុម​ជើងឯក​ទទួល​កៅអី​ទៅលេង​វគ្គ​ចែក​ពូ​ល​ពានរង្វាន់​កម្រិត​ទ្វីបអាស៊ី (AFC Champions League group stage) និង​ក្រុម​ជើងឯក​រង​ទទួល​បាន​កៅអី​ចូល​លេង​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Champions League ជុំ​ទី​២​។ ចំណែក​ក្រុម​បាត​តារាង​ចំនួន​២​ក្រុម វិញ​ត្រូវ​ធ្លាក់​ទៅលេង​នៅ​ពានរង្វាន់​លី​គ​លំដាប់​ទី​២Malaysia Premier League​។

​សម្រាប់​ប្រកួត​បន្ទាប់​ក្នុង​សប្ដាហ៍​ទី​៧ វិញ​នឹង​ធ្វើឡើង​នៅ​ចុងខែ​មីនា នេះ​ដោយ​ក្រុម Terengganu FA ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ Selangor នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៩ លើ​ទីលាន​កីឡដ្ឋាន​Stadium Shah Alam ក្នុង​ទីក្រុង Shah Alam​។ ចំពោះ​ក្រុម PKNS ត្រូវធ្វើ​ដំណើរ​ទៅ​ប៉ះ​ក្រុម​Petaling Jaya City​នៅវេលា​ម៉ោង​៧​យប់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៩ លើ​ទីលាន​កីឡដ្ឋាន​Stadium Petaling Jaya ក្នុង​ទីក្រុង Petaling Jaya​។

​ចំពោះ​ប្រទេស​កម្ពុជា ធ្លាប់​មាន​កីឡាករ​៤​នាក់​ចេញទៅ​ប្រកប​អាជីព​នៅ​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី កាលពី​ឆ្នាំ​២០១៨ កន្លង​ទៅដោយ​ក្នុងនោះ​មាន​កីឡាករ ចាន់ វឌ្ឍនាកា ចូលរួម​ក្លិប Pahang FA ហើយ​កីឡាករ កែវ សុខ​ផេង ចូលរួម​ក្លិប PKNP កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ចូល​ក្លិប​Negeri Sembilan និង​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ចូលរួម​ក្លិប​Terengganu FA​។ ក្នុងចំណោម​កីឡាករ​ទាំង​៤​មាន​៣​នាក់​ត្រូវ​ក្លិប​សម្រេច​បញ្ចប់​កិច្ចសន្យា​ត្រឹម​ពាក់កណ្ដាល​រដូវ​កាល​ ហើយ​មានតែ ធា​រី ចន្ថា​ប៊ី​ន ប៉ុណ្ណោះ​ក្លិប​រក្សា​កិច្ចសន្យា​រហូតដល់​ចប់​រដូវ​កាល​ព្រមទាំង​បន្ត​កិច្ចសន្យា​រហូតដល់​ឆ្នាំ​២០១៩​នេះ​ទៀត​៕