ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​និង តំណាង​ស្ថានទូត អាមេរិក អង្គការ USAID ចុះ​ពិនិត្យ​ស្ថានភាព ការអនុវត្ត​គម្រោង គាំទ្រ​ពី USAID ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

ភ្នំពេញ​ ៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ​របស់​ក្រសួង តំណាង​ស្ថានទូត​សហ រដ្ឋ​អាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមការងារ​នៃ​អង្គការ​ដៃគូ​អភិ វឌ្ឍន៍ USAID នា​ថ្ងៃ​អង្គារ ១៤​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ បានរួម​គ្នា​ចុះ​ពិនិត្យ​ស្ថានភាព និង​វឌ្ឍនភាព នៃ​ការអនុវត្ត​គម្រោង​នានា​ដែល​បាន និង​កំពុង​ទទួល​ការជួយ​គាំទ្រ​ពី USAID ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។

ក្រសួង​បាន​ឲ្យ​ដឹង​ថា យោង​តាម​កម្មវិធី​ដែល​បានគ្រោង​ទុក​ក្នុង​ដំណើ​រ​ទស្សនកិច្ច​ពេញ​មួយ​ថ្ងៃនេះ​គឺ​រួមមាន​៖ កម្មវិធី​ទី​១: ពិនិត្យ​គម្រោង Nourish ដែល​គម្រោង​នេះ​ផ្តោតជាសំខាន់​លើ​ការ​បង្កើន​អាហារូបត្ថម្ភ​ដល់​កុមារ​តូច​នៅ​ភូមិ​ពួក​ឆ្មារ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។ កម្មវិធី​ទី​២: ពិនិត្យ​ខ្សែ​ច្រវាក់​ផលិតកម្ម និង​រោងចក្រ​កែច្នៃ​ផលិតផល​ផ្លែឈើ​របស់​ក្រុមហ៊ុន Misota រួម​ជា​មួយ​ការ​សំណេះសំណាល​ជាមួយ​ប្រជាកសិករ ដែល​ស្ថិតនៅក្នុង​គម្រោង Cambodia Harvest ជំហាន​២​។

កម្មវិធី​ទី​៣ ទស្សនកិច្ច​មជ្ឈមណ្ឌល​ឧត្ដមភាព ប្រពលវប្បកម្ម​កសិកម្ម​និរន្តរភាព និង​អាហារូបត្ថម្ភ Center of Excellence on Substainable Agricultural Intensification and Nutrition (CE SAIN) ដែល​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ទទួលបន្ទុក​អនុវត្ត​គម្រោង​ផ្ទាល់​នៅ​ខេត្តបាត់ដំបង​។

កម្មវិធី​ទី​៤ បន្តដំណើរ​ឆ្ពោះទៅ​ខេត្តពោធិ៍សាត់ ដើម្បី​ពិនិត្យ​វឌ្ឍនភាព​នៃ​គម្រោង Rice Field Fisheries ជំហាន​២ (RFF II) ដោយ​គម្រោង​នេះ​ផ្តោតលើ​ការ​លើកកម្ពស់​ចំណីអាហារ និង​អាហារូបត្ថម្ភ​របស់​ប្រជាជន​ក្រីក្រ​ រស់នៅ​តាម​ដង​ទន្លេសាប​ក្នុង​ខេត្ត​គោលដៅ​ចំនួន​៤ គឺ​ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប និង​កំពង់ធំ​តាមរយៈ​លើកកម្ពស់​ផលិតកម្ម​ស្រូវ ការធ្វើ​វារីវប្បកម្ម និង​ប្រព័ន្ធ​ផលិត​ចំណីអាហារ​និង​ស្បៀង៕