ព័ត៍មានទាន់​ហេតុការណ៏
Search

អនុស្សរណៈ និង​កិច្ចព្រមព្រៀង​បង្កើត​ប្រព័ន្ធ​សេវា​ភស្តុភារ​ឆ្លងដែន ដើម្បី​ជំរុញ​ការទិញ​-​លក់ទំនិញ​នៅលើ​អន​ឡាញ​ត្រូវបាន​ចុះហត្ថលេខា

ភ្នំពេញ​ ៖ អនុស្សរណៈ​យោគយល់​គ្នា និង​កិច្ចព្រមព្រៀង​សហ​ហិរញ្ញប្បទាន​ក្នុង​ភាពជា​ដៃគូ រវាង​អង្គការសហប្រជាជាតិ ដើម្បី​កម្មវិធី​អភិវឌ្ឍន៍ ហៅ​កាត់​ថា UNDP និង​ក្រុមហ៊ុន​ផ្តល់​សេវា​ភស្តុភារ​ឆ្លងដែន​ឯកជន​មួយ ត្រូវបាន​ចុះហត្ថលេខា​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមីនា​នេះ​នា​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​។

លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​ក្រុម​ប្រឹក្សា​ជាតិ​ភស្តុភារ​កម្ពុជា ព្រមទាំង​ឯកអគ្គរដ្ឋទូត​បារាំង និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ធ្វើជា​សក្ខីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​។

ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ និង​កិច្ចព្រមព្រៀង​នេះ ជា​កិច្ច​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​ឯកជន Shenzhen 4PX Express រៀបចំ​ប្រព័ន្ធ​សេវា​ភស្តុភារ​ឆ្លងដែន ដែល​អាច​ឲ្យ​កម្ពុ​ជាមាន​សក្តានុពល ក្នុងការ​ទាញ​ប្រយោជន៍​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Commerce) ដើម្បី​ផ្តល់​ភាពងាយស្រួល និង​មាន​ប្រសិទ្ធភាព​ដល់​អតិថិជន​អ្នក​លក់រាយ ទីផ្សារ និង​ការ​ទទួលបាន​ព័ត៌មាន​ពាណិជ្ជកម្ម​។ ជាពិសេស​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មាន​អត្ថប្រយោជន៍ ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ ព្រមទាំង​មាន​សក្តានុពល​ក្នុង​ការជួយ​លើកកម្ពស់​ទីផ្សារ​ក្នុងស្រុក​ផងដែរ​។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រំពឹង​ថា វិស័យ​សហគ្រាស​ខ្នាត​តូច​បំផុត ខ្នាតតូច និង​មធ្យម​របស់​កម្ពុជា នឹង​មាន​ទីផ្សារ​កាន់តែ​ធំ ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​ជំរុញ​ឲ្យ​មានការ​បង្កើត​នូវ​ប្រព័ន្ធ​អេកូ​ស៊ី​ស្ទឹម​មួយ ដែល​ផ្តល់​លក្ខណៈ​ងាយស្រួល​ដល់​អ្នក​វិនិយោគ តាមរយៈ​ក្រុម​ប្រឹក្សាជាតិ​ភស្តុភារ​កម្ពុជា ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នានា​ក្នុង​សេវា​ភស្តុភារ និង​បង្កើន ប្រសិទ្ធភាព​លំហូរ​ទំនិញ និង​សេវាកម្ម​ផ្សេងៗ​។

លោក និក បេ​រ៉េ​សហ្វ​ត​(Nick Beresford) តំណាង​UNDP​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការបង្កើត​ប្រព័ន្ធ​សេវា​ភស្តុភារ​ឆ្លងដែន និង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​នេះ មាន​គោលបំណង​លើកកម្ពស់ និង​ពង្រឹង​សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​មធ្យម​របស់​កម្ពុជា តាមរយៈ​ការ​ចងក្រង​បណ្តាញ​ការងារ​ដែល​មាន​ការចូល​រួម​ពី​រាជរដ្ឋាភិបាល ធុរកិច្ច​ជន និង​ឯកត្តជន ឬ​អ្នកប្រើប្រាស់​។ លោក​បន្ត​ថា ប្រព័ន្ធ​នេះ​នឹង​ផ្តល់​ឱកាស​ដល់​ការធ្វើ​ពិពិធ​កម្ម និង​នវានុវត្តន៍ ជួយ​ដល់​ការបង្កើត​អាជីវកម្ម​ដំបូង និង​គាំទ្រ​ដល់​ការអភិវឌ្ឍ​ជំនាញ និង​បច្ចេកទេស​។

ចំណែក លោក Yue (KEVIN) Li នាយក​ប្រតិបត្តិ​ក្រុមហ៊ុន 4PX Express មានប្រសាសន៍ថា សេវា​ភស្តុភារ​ឆ្លងដែន នឹង​បង្កើត​នូវ​មធ្យោបាយ​សម្រាប់​ឲ្យ​កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ពី​ចរន្ត​ដ៏​រស់​រវើក នៃ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​នៅក្នុង​តំបន់​។ ជា​មួយ​គ្នា​នេះ ក៏​ជួយ​ឲ្យ​កម្ពុជា​ទទួល​បាន​ការ​វិនិយោគ​កាន់តែច្រើន​ពី​សំណាក់​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ ដែល​កំពុងផ្តល់​សេវា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច និង​ភស្តុភារ​នៅក្នុង​ប្រទេស៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114