ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ក្រសួងការពារជាតិ ប្រកាស​ជ្រើសរើស​យុវជន​ចូល​ហ្វឹកហាត់​ក្នុង​ក្រុម U15 និង​U18 របស់ខ្លួន

ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) បាន​ប្រកាស​នៅ​រសៀល​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ​ថា ​ក្លិប​កំពុងតែ​ត្រូវការ​យុវជន​មាន​សមត្ថភាព​ជា​ច្រើន​រូប ដើម្បី​ចូលរួម​ក្នុង​ក្រុមយុវជន​ក្រោម​អាយុ​១៥​ឆ្នាំ និង​យុវជន​ក្រោម​អាយុ​១៨​ឆ្នាំ​របស់​ក្រុម​ខ្លួន​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្លិប​បាន​បញ្ជាក់ថា​ យុវជន​ដែល​អាច​អារម្មណ៍​អាច​ចូលធ្វើ​តេស្ត​សមត្ថភាព​នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២៣ ខែមីនា សម្រាប់​ក្រុម U15 និង​នៅវេលា​ម៉ោង​៧​ព្រឹក​ដូចគ្នា​នៅ​ថ្ងៃទី​២៤ ខែមីនា សម្រាប់​ក្រុម U18 លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​)​។ បេក្ខជន​ត្រូវ​មាន​ខោអាវ ស្បែកជើង​កីឡា​ដោយ​ខ្លួនឯង ខណៈ​អ្នកចូលរួម​គឺ​ត្រូវមាន​អាយុ​មិន​លើសពី​១៥​ឆ្នាំ​និង​១៨​ឆ្នាំ​នោះ​ទេ មិនតែប៉ុណ្ណោះ​គឺ​ត្រូវមាន​ក​ន្លែង​ស្នាក់នៅ​ដោយ​ខ្លួនឯង​សម្រាប់​អ្នក​មកពី​តាម​បណ្តា​ខេត្ត​។

នេះ​ជា​ឱកាស​ដើម្បី​ក្លាយជា​កីឡាករ​របស់​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ នៅ​ថ្ងៃ​អនាគត បន្ទាប់ពី​បេក្ខជន​បញ្ចប់​ការចូលរួម​ជាមួយ​ក្រុម​កម្រិត​យុវជន​របស់​ក្លិប​រួចរាល់​។ សម្រាប់​អ្នក​ចាប់អារម្មណ៍​សូម​ទាក់ទង​សួរ​ព័ត៌មាន​តាម​លេខ​ទូរស័ព្ទ 095 644 565, 015282928, 015 649 750 ឬ​អាច​ទៅទាក់ទង​សួរ​ព័ត៌មាន​ផ្ទាល់​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​ក្នុង​រាជធានី​ភ្នំពេញ តែម្តង​។

ក្រុម​ក្រសួងការពារជាតិ ជា​បេក្ខភាព​មួយ​មិនអាច​មើលរំលង​បាន​ក្នុង​ការ​ប្រជែង​យក​ជើងឯក​នៅ​រៀងរាល់​ឆ្នាំ ​ខណៈ​អំឡុង​ពេល​ដែល​លី​គ​កំពូល​កម្ពុជា សម្រាក​បន្ទាប់ពី​បញ្ចប់​រដូវ​កាល​ឆ្នាំ២០១៨ ក្រុម​នេះ​បាន​ឈ្នះ​ជើងឯក​ក្នុង​ពានរង្វាន់​អន្តរជាតិ 2018 China-ASEAN Cities Football Tournament នៅ​ខេត្ត Nanning ប្រទេស​ចិន​។ យ៉ាងណាក្តី​កីឡាករ​បរទេស​ចាស់ៗ​កាលពី​ឆ្នាំមុន​បាន​ចាក​ចេញពី​ក្លិប​អស់ហើយ ស្របពេល​ក្លិប​បាន​បន្ថែម​កម្លាំង​មួយចំនួន​ជំនួស​វិញ​។

​បើ​និយាយ​ពី​បេសកកម្ម​ក្នុង​រដូវ​កាល​ចាស់​ឆ្នាំ​២០១៨ កន្លងទៅ​ក្រុម​ក្រសួងការពារជាតិ បានបញ្ចប់​ចំណាត់ថ្នាក់​លេខ​៤ ក្នុងចំណោម​ក្លិប​ទាំង​១២​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​(Metfone Cambodian League 2018) ក្រោយ​ប្រកួត​បាន​២២​លើក​ឈ្នះ​បាន​១៣ លើក​ហើយ​ធ្លាប់​ស្មើគ្នា​បាន​៣​លើក និង​ចាញ់​រហូតដល់​៦​លើក​។ ចំណែក​ពានរង្វាន់​សម្តេច​តេ​ជោ វិញ​គឺ​បានឈ្នះ​ជើងឯក​ក្រោយ​យកឈ្នះ​លើ​ក្រុមអគ្គស្នងការនគរបាល​ជាតិ ៣ទល់០ ក្នុង​វគ្គផ្តាច់​ព្រ័ត្រ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114