ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ហ៊ុន ម៉ា​ណែ​ត​ ៖ ​ដើម្បី​និរន្តរភាព នៃ​កិច្ច​ការពារ​ជាតិ រាជរដ្ឋាភិបាល​ផ្តល់​តម្លៃ​ដល់​នាយទាហាន​វ័យ​ចំណាស់ ដែល​មាន​ស្នាដៃ ហើយ​ជាគោលការណ៍ ថែរក្សា​ចាស់ បង្កើន​ថ្មី

បាត់ដំបង ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ថ្លែង​បែបនេះ នៅក្នុង​ពិធី​ប្រកាស​តែងតាំង​ផ្លាស់ប្តូរ​ភារកិច្ច មេបញ្ជាការ​យោធភូមិ​ភាព​ទី​៥ និង​មេបញ្ជាការ​កងពលតូច​លេខ​៥១ នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៥ នា​ថ្ងៃ ចន្ទ ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩។

មាន​ប្រសា​សន៍​នៅក្នុង​ពិធី​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ជូន​ចំពោះ​នាយទាហាន​នាយទាហានរង និង​ពលទាហាន​ទាំងអស់​នៃ​ភូមិភាគ​៥ និង​បណ្តា​អង្គភាព​ចំណុះ​ទាំងអស់ និង​បាន​ចូលរួម​អបអរសាទរ​ចំពោះ​ថ្នាក់ដឹកនាំ​យោធភូមិភាគ​ទី​៥ ដែល​ត្រូវបាន​ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល ផ្តល់​សេចក្តីទុកចិត្ត ប្រគល់​ភារកិច្ច ដើម្បី​ជាការ​ឆ្លើយតប​ទៅ​និង​គុណបំណាច់ នៃ​ការលះបង់​ក្នុងដំណាក់កាល​ដ៏​លំបាក​បំផុត​នៃ​សង្គ្រាម និង​ចូលរួម​ការកសាង​យោធភូមិ​ភាព​នៅទីនេះ ក៏ដូចជា​អបអរសាទរ​ដល់​មេបញ្ជាការ​យោធភូមិភាគ​ថ្មី នាយសេនាធិការ​ថ្មី មេបញ្ជាកា​កងពល​លេខ​៥១​ថ្មី​ដែល​បានទទួល​ភារកិច្ច ក្នុងការ​ដឹកនាំ​កងទ័ព​បន្ត​ដើម្បី​ការពារជាតិ ការពារ​បូរណភាព​ទឹកដី​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ទៀតថា ដើម្បី​និរន្តរភាព​នៃ​កិច្ច​ការពារជាតិ គឺ​រាជរដ្ឋាភិបាល បានផ្តល់​តម្លៃ​ទៅដល់​នាយទាហាន​វ័យ​ចំណាស់ ដែលមាន​ស្នាដៃ ដែល​នេះ​ជាគោលការណ៍ ថែរក្សា​ចាស់ បង្កើន​ថ្មី និង​មាន​យន្តការ​ជាច្រើន​ទៀត ដើម្បី​ចូលរួម​ការពារជាតិ​បន្តទៀត​សម្រាប់​នាយទាហាន​ជំនាន់​ក្រោយ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អះអាងថា ការតែងតាំង និង​ការវាយតម្លៃ​លើ​លក្ខណ​:​បុគ្គល​ដែល​ត្រូវ​បន្ត​ភារកិច្ច គឺ​លើ​បុគ្គល​ដែលមាន​ភាពជា​គំរូ មានការ​ឯកភាព​ផ្ទៃក្នុង មាន​ឆន្ទៈ សមត្ថភាព​នៅក្នុង​ការ​បំពេញភារកិច្ច មានបទពិសោធន៍​ដឹកនាំ សុខភាព​ល្អ និង​អាយុ​សមស្រប​ជា ដើម្បី​យើង​រួមគ្នា​ធ្វើ​ដើម្បី​បន្ត​និរន្តរភាព​សម្រាប់​នាយទាហាន​ជំនាន់​ក្រោយ​។ ការលើកទឹកចិត្ត​ផ្សេងៗ យើង​ធ្វើ​ដោយ​ផ្អែកលើ​និរន្តរភាព និង​ប្រសិទ្ធភាព​ការងារ​។ នេះ​គឺជា​គោលការណ៍​របស់​ថ្នាក់ដឹកនាំ​ជើងគោក​យោធភូមិភាគ​ផងដែរ និង​មានការ​ដឹកនាំ​ប្រជុំ​វាយតម្លៃ និង​តែងតាំង​ជា​សមូហភាព ឯកភាព​ផ្ទៃក្នុង​។ លោក​បន្តថា កា​ធ្វើ​កំណែទម្រង់កងទ័ព គឺ​ដើម្បី​ផលប្រយោជន៍​កងទ័ព​យើងទាំងអស់គ្នា គឺ​យើង​រក្សា​មនោសញ្ចេតនា និង​កែប្រែ​ការងារ​ជា​ជំហានៗ​រួមគ្នា​សាមគ្គី​ផ្ទៃក្នុង គោរព​តួនាទី​ភារកិច្ច ដឹកនាំ​ប្រកបដោយ​វិជ្ជាជីវៈ សីលធម៌ គុណធម៌ ដោយមាន​មនោសញ្ចេតនា និង​ប្រសិទ្ធភាព​ការងារ ដើម្បី​រួមគ្នា​ថែរក្សា​បូរណភាព​ទឹកដី​។ តុល្យភាព​រវាង​ចំណុច​ទាំងពីរ​នេះ គឺ​មនោសញ្ចេតនា និង​ប្រសិទ្ធភាព​ការងារ មិនមាន​រូបមន្ត​នោះទេ ប៉ុន្តែ​សំខាន់ គឺ​សម្រេច​ភារកិច្ច និង​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង ព្រោះ​សាមគ្គី​ផ្ទៃ​ក្នុងនេះ​ផ្ដើមចេញពី​ថ្នាក់លើ​រហូតដល់​ថ្នាក់ក្រោម​។​

ជាមួយគ្នា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​អគុណ​ដល់​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ ដែលជា​មេបញ្ជាកា​អង្គភាព​ចំណុះ នីមួយៗ​ដែល​បាន​ចូលរួម និង​លះបង់​ក្នុងការ​ធ្វើកំណែទម្រង់​ដើម្បី​រក្សា និង​និរន្តរភាព​ការងារ និង​ទិសដៅ​វែងឆ្ងាយ​សម្រាប់​កងយោធពល​ខេមរភូមិន្ទ​ជំនាន់​ក្រោយ និង​បាន​កោត​ស​រសើរ នាយទាហាន​នៅ​យោធ​ភូម​ភាគ​ទី​៥ ដែល​បាន​ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​ផ្តល់​សេចក្តីទុកចិត្ត ប្រគល់​ភារកិច្ច​ដើម្បី​ដឹកនាំ​បម្រើ​ការងារ ការពារ​បូរណភាព​ទឹកដី និង​មានការ​ឯកភាព​ផ្ទៃក្នុង រួមគ្នា​ពង្រឹង​ការងារ និង​ថែរក្សា​សន្តិភាព ស្ថិរភាព និង​និរន្តរភាព​ការងារ​ក្នុង​យ​រៈ​ពេល​យូរ​ដើម្បី​ទុក​ឲ្យ​នាយទាហាន​ជំនាន់​ក្រោយ​ទៀត​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114