ព័ត៍មានទាន់​ហេតុការណ៏
Search

ផល សោ​ភ័​ណ្ឌ ជួប កូ​លាប ដាំ ឯ ចាន់ ប៊ុន​ហឿន ជួប យុគ ផេ​ត នៅ​សង្វៀន​ស្ទឹងមានជ័យ​

អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​២​រូប គឺ​ ផល សោ​ភ័​ណ្ឌ និង ចាន់ ប៊ុន​ហឿន នឹងត្រូវ​ជួប​ប្រកួត​ជា​អ្នក​ប្រដាល់​ថៃ នា​យប់​ថ្ងៃ​សៅរ៍​ ទី​២៣ ខែ​​មីនា​ ឆ្នាំ​២០១៩​នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ។​

អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​នោះ គឺ​ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ត្រូវគេ​ផ្គូ​ឲ្យ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​កូ​លាប ដាំ ប្រាន​២៦(Kolabdam Phran26 ) ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦៣,៥០០ គីឡូក្រាម​។​ អ្នក​ប្រដាល់​ថៃ​នេះ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក។​

ផល សោ​ភ័​ណ្ឌ តាមពិត​ជាមួយ​កូ​លាប​ដាំ ត្រូវ​ផ្គូ​ឲ្យ​ជួបគ្នា​តាំងពី​ថ្ងៃទី​០៨​មីនា​មកម្ល៉េះ ប៉ុន្តែ​ពេលនោះ​សោ​ភ័​ណ្ឌ គេ​មាន​បញ្ញា​សុខភាព ក៏​ផ្អាក​ការប្រកួត​វិញ។​

កូ​លាប ដាំ ប្រាន​២៦ គេ​ធ្លាប់​មក​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក តែ​មិនដែល​ប៉ះ​ប្រកួត​ជាមួយ​ផល សោ​ភ័​ណ្ឌ​ទេ។ អ្នក​ប្រដាល់​ថៃ​នេះ កាលពី​បី​ឆ្នាំមុន គេ​ធ្លាប់​ផ្តួល​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​បី​រូប ដែល​មក​លើក​ទី​១ គេ​បាន​វាយ​ឈ្នះ​ផាន់ គ្រាន់ ដោយ​ពិន្ទុ​(២៤​មេសា​២០១៦) លើក​ទី​២ បាន​វាយ​ឈ្នះ​សេក គឹម​រួន អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ដោយ​ពិន្ទុ​(២៤​កក្កដា​២០១៦ ) លើក​ទី​៣​ថ្ងៃទី​០៩​តុលា​២០១៦ គេ​បាន​វាយ​ឈ្នះ​សូត្រ ប៊ុន​ធី ជើង​ខ្លាំង​ក្លិប​បក្សី​ស្លាប​ដែក​ដោយ​ពិន្ទុ ហើយ​លើក​ទី​៤​ថ្មីៗ​កន្លងទៅនេះ គេ​បាន​វាយ​ឈ្នះ​សេង ស្រឿ​ន ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​មាសរ​ថ្ង​ក​ខេត្តស្វាយរៀង ​ក្នុង​ទឹក​ទី​៤ និង​ចុង​ក្រោយនេះ​(០៨​មីនា​២០១៩) គេ​បាន​វាយ​ឈ្នះ​ចាន់ ប៊ុន​លាភ ក្លិប​និរោធ​មានជ័យ​ដោយ​ពិន្ទុ។​

អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៩៤​លើក ឈ្នះ​៧៨​លើក ចាញ់​១៤​លើក និង ស្មើ​០២​លើក​។​ ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ប្រាកដថា អាច​ឈ្នះ​ផល សោ​ភ័​ណ្ឌ​នោះ​ឡើយ ព្រោះថា​ផល​សោ​ភ័​ណ្ឌ​នេះ គេ​រឹងមាំ​ទាំង​កាយសម្បទា ខ្លាំង​ទាំង​ស្នៀត​ប្រដាល់ ហើយ​វាយ​មិន​ប្រណី​ដៃ​ថែមទៀត។

ផល សោ​ភ័​ណ្ឌ គេ​មាន​ផ្លែ​ល្អ ពិសេស​គឺ​ផ្លែ​កែង និង​កណ្តាប់ដៃ ហើយ​សោ​ភ័​ណ្ឌ​នៅមាន​ស្នៀត​ទាត់​ល្អ​ខ្លាំង​និង​ធ្ងន់​ថែមទៀត។ ឯ បញ្ហា​កម្លាំង​ស៊ុ​ហ្វ​វិញ សោ​ភ័​ណ្ឌ ក៏​រឹងមាំ​មិន​ងាយ​ស្រុត​ខ្សោយ​នោះដែរ ។​ផល សោ​ភ័​ណ្ឌ មាន​ប្រវត្តិ​ប្រកួត​មិនតិចជាង​១០០​លើក​នោះទេ​។ សោ​ភ័​ណ្ឌ​ មាន​កំណត់ត្រា​ប្រកួត​ចំនួន​១៣៩​លើក ក្នុងនោះ ផល សោ​ភ័​ណ្ឌ វាយ​ឈ្នះ​១២៣​លើក​ហើយ ដោយ​ចាញ់​តែ​១៤​លើក និង​ស្មើ​០២​លើក ហើយ​ធ្លាប់​ផ្តួល​គូប្រកួត​អោយ​សន្លប់​លើ​រេញ​ចំនួន​៤៥​លើក។ ប្រកួត​ជាមួយ​ថៃ​លើក​ចុងក្រោយ​នេះ សោ​ភ័​ណ្ឌ​ វាយ​ឈ្នះ​Rithiara ដោយ​ពិន្ទុ​កាលពី​ថ្ងៃទី​២៤​កុម្ភៈ​កន្លងមកនេះ។

ទោះជា​យ៉ាងណា ផល សោ​ភ័​ណ្ឌ ដែល​ជួប​ប្រកួត​ជាមួយ​ថៃ​កូ​លាប ដាំ នេះ គេ​មិន​ហ៊ាន​អះអាង​មុន​ថា សោ​ភ័​ណ្ឌ ​ឈ្នះ​ក្នុងការ​ប្រកួត​នេះ​ទេ។ ចាំមើល តើ​ផល សោ​ភ័​ណ្ឌ​ ឈ្នះ ​ឬមួយ​ក៏​កូ​លាប ​ដាំ ​ឈ្នះ សម្រាប់​ការជួបគ្នា​លើកដំបូង​នេះ?។​

ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ក្លិប​និរោធ​មាន នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​យុគ ផេ​ត ផេ​ត​កា​សាម​(Yokphetch Phetch karsamat ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦១​គីឡូក្រាម។​

យុគ ផេ​ត ជា​អ្នក​ប្រដាល់​ថៃ​ជើងចាស់ ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ប៉ុន្មាន​លើក​ហើយ​កន្លងមក ក្នុង​នោះគេ​ធ្លាប់​ប៉ះ​ជាមួយ​ឃុន ឌី​ម៉ា ២​ដង ដោយ​លើក​ទី​១ វាយ​ស្មើ​ពិន្ទុ​គ្នា​និង​លើក​ទី​២ មក​សងសឹក​នោះ ត្រូវ​ឌី​ម៉ា​វាយឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ។

អ្នក​ប្រដាល់​ថៃ យុគ ផេ​ត នេះ ជា​ជើង​ខ្លាំង​ម្នា​ក់នៅ​ស្រុកថៃ ដែលមាន​ស្នៀត​ប្រដាល់​ល្អ​ និង​ខ្លាំង ហើយ​បទពិសោធន៍​លើ​រេញ​របស់គេ​គួរសម​ដែរ ព្រោះ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៩​លើក ឈ្នះ​៦៨​លើក និង ចាញ់​១១​លើក មិនដែល​ស្មើ ។ នេះ​បើតាម​អ្នក​ផ្គូផ្គង​ប្រចាំ​សង្វៀន​បាយ័ន​ឲ្យដឹង​នោះ។​

ទោះជា​យ៉ាងណា យុគ ផេ​ត​លើក​នេះ ជួប​ជាមួយ​ចាន់​ប៊ុន​ហឿន ក៏​ប្រហែលជា​មិន​ស្រួលខ្លួន​ប៉ុន្មាន​ដែរ ព្រោះ​ប៊ុន​ហឿន គេ​មាន​ផ្លែ​ល្អ​។ និយាយ​រួម បើតាម​កម្រិត​សមត្ថភាព​របស់​ចាន់ ប៊ុន​ហឿន អាច​ចាត់ទុកថា យុគ ផេ​ត ពុំ​អាចជា​ឧបសគ្គ​សម្រាប់​ការទទួល​ជ័យជំនះ​របស់គេ​នោះឡើយ។

ចាន់ ប៊ុន​ហឿន ក្នុងការ​ប្រកួត​ចំនួន​១០២​លើក គេ​វាយ​ឈ្នះ​៨៨​លើក ចាញ់​១២​លើក និង​ស្មើ​០២​លើក។ ការប្រកួត​ចុងក្រោយ​ជាមួយ​ថៃ ប៊ុន​ហឿន​បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ផេ​ត ផូ​ស្រ៊ី (Petchphosri Site Chharngnunuthumporn) កាលពី​ថ្ងៃទី​០១​មីនា​កន្លងមកនេះ។ តែ​យ៉ាងណា ចាន់ ប៊ុន​ហឿន ក៏ត្រូវ​ប្រយ័ត្ន​ដែរ។

អ្នក​ប្រដាល់​ចាន់ ប៊ុន​ហឿន គេ​មាន​កណ្ដាប់ដៃ​ខ្លាំង​ និង​សន្ទុះ​ជើង​ទាត់​ខ្លាំង ហើយ​ក៏​មាន​ស្នៀត​ជង្គង់​កែង​ល្អ​ដែរ។ ដូច្នេះ​ចាំ​មើល តើ​នរណា​ឈ្នះ ​រវាង​ ចាន់ ប៊ុន​ហឿន និង​យុគ ផេ​ត នេះ?៕​