ព័ត៍មានទាន់​ហេតុការណ៏
Search

ផឹក​ចំ​ស្រា​កាច បងថ្លៃ ​និង​ប្អូនថ្លៃ ​កាប់​គ្នា ​របួសធ្ងន់​

កំពង់ចាម ៖ អំពើ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស ​ដោយ​ប្រើ​អាវុធ​បាន​កើត​ឡើង​ កាលពី​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩និង​៤៥​នាទី នៅ​ចំណុច​ភូមិ​ចំការអណ្តូង ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្ត​កំពង់ចាម បាន​បណ្តាល​ឲ្យ​ភាគី​សងខាង​រង​របួស​ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ ​នៅ​មន្ទីរពេទ្យ​។

​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ ឈ្មោះ សុង ល័​ក្ខ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ ជន​ជាតិខ្មែរ នៅ​ភូមិ​ចំការអណ្តូង ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ​ ខេត្ត​កំពង់ចាម របួស​៤​កន្លែង របួស​លើ​ចិញ្ចើម​១​កន្លែង របួស​ទ្រូង​១​កន្លែង ជម្រៅ​ចូលដល់​ក្នុង ​របួស ក១​កន្លែង របួស​ត្រគាក​ខាងស្ដាំ​០១​កន្លែង​។ រីឯ​ជនសង្ស័យ ​ឈ្មោះ ឡូត សុ​លាក់ ​ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ​រស់នៅ​ភូមិ/ឃុំ​កើតហេតុ មាន​របួស ម្រាម​ចង្អុល​ដៃ​១​កន្លែង ត្រូវ​ឃាត់ខ្លួន​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ ជនសង្ស័យ និង​ជនរងគ្រោះ ត្រូវជា​បងថ្លៃ​ប្អូនថ្លៃ​ជីដូន​មួយ​នឹង​គ្នា បានមកពី​ផឹកស៊ី​ជាមួយគ្នា​ពី​ខាងក្រៅ ហើយក៏​នាំគ្នា​មក​ផ្ទះ​របស់​ជនរងគ្រោះ​។ នៅពេល​មកដល់​ផ្ទះ​ហើយ អ្នក​ទាំងពីរ​ ក៏​នាំ​គ្នា​ទិញ​ស្រា​ ដើម្បី​ផឹក​បន្ត​ទៀត តែ​មិនទាន់បាន​ផឹកស្រា​ផង ​ក៏មាន​ទំនាស់​ពាក្យសំដី​គ្នា ភ្លាម​នោះ​ ជនសង្ស័យ​បាន​បោក​ចាន និង​កែវ ហើយ​ជនរងគ្រោះ បាន​យក​កាំបិត​កាប់​ទៅលើ​ជនសង្ស័យ​ បណ្តាលឲ្យ​របួស​ម្រាមដៃ​១​កន្លែង។ បន្ទាប់មក ​ជនសង្ស័យ​បាន​យក​កាំបិត​ផ្សេងទៀត​កាប់​ទៅលើ​ជនរងគ្រោះ​របួស​ចំនួន​០៤​កន្លែង​។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​​ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​កន្លែងកើតហេតុ និង​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ​ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិ​វិធី។ ចំណែក​ជនរងគ្រោះ ​បាន​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចំការលើ ហើយ​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​៕