ព័ត៍មានទាន់​ហេតុការណ៏
Search

នី សុ​ភី ជួប​ជើង​ខ្លាំង ​ផុង សា​រិ ឯ ធន អៀង​ឡៃ ជួប​ ម៉ា​ធី​ នៅ​សង្វៀន​SEA-TV

អ្នក​ប្រដាល់​ថៃ​២​រូប នឹង​ឆ្លងដែន​មក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ខ្មែរ នា​រសៀល​ថ្ងៃ​សៅរ៍ ​ទី​២៣ ខែ​មីនា​ ឆ្នាំ​២០១៩​នេះ នៅលើ​សង្វៀន​ប្រដាល់​SEA-TV។​
​ ​
នី សុ​ភី អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ក្លិប​សាល​វ័​ន្ត​កីឡា និង​ធន អៀង​ឡៃ​ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ដើម្បី​តទល់​ជាមួយ​អ្នក​ប្រដាល់​ថៃ​២​នាក់​ដែល​ឆ្លងដែន​មក​នោះ។​

អ្នក​ប្រដាល់​ថៃ ដែល​មកជួប​ប្រកួត​ជាមួយ​នី សុ​ភី ជា​ជើង​ខ្លាំង​ថៃ ដែលជា​ម្ចាស់​ខ្សែក្រវាត់​ដល់​ទៅ​៣​ឯណោះ គឺ​ផុង សិរិ (Phong Seri)​ដែល​គេ​នឹង​មក​បង្ហាញខ្លួន​ម្តងទៀត ជាមួយ នី សុ​ភី ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គ​.​ក្រ។

តាម​លោក​ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹងថា ផុង សិរិ អ្នក​ប្រដាល់​ថៃ​ម្នាក់នេះ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តង​ហើយ ដោយ​ត្រូវ​បឺត ខាំ វាយ​ឲ្យ​ចេញ​បាយ​ក្នុង​ទឹក​ទី​៤ កាលពី​ប៉ុន្មាន​ឆ្នាំមុន​នៅលើ​សង្វៀន​SEATV​នេះ។

លោក ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​នោះ បាន​និយាយ​ឲ្យ​ដឹង​ដែរ​ថា ផុង​សិរិ នេះ​វាយ​ខ្លាំង។ សម្រាប់​ផុង សិរិ នេះ គេ​ធ្លាប់​ប្រកួត​បាន​១៣៦​ដង ក្នុងនោះ​វាយ​ឈ្នះ​បាន​១១០​ដង ចាញ់​២១​ដង ស្មើ​០៥​ដង។

នី សុ​ភី បើ​ប្រៀប​ជាមួយ​ប្រវត្តិ​ប្រកួត​ជាមួយ​ផុង សិរិ នេះ គេ​ប្រកួត​ច្រើនជាង។ ​សុ​ភី​ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៥៨​លើក​ឯណោះ ក្នុង​នោះ​ឈ្នះ​១២០​លើក ចាញ់​២៨​លើក ស្មើ​១០​លើក និង​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​លើស​ង្វៀន​ច្រើន​នាក់​ណាស់។​

សុ​ភី ជា​អ្នក​ប្រដាល់​ដែល​ខ្លាំងជាងគេ​ក្នុង​ទម្ងន់​៦៩​គីឡូក្រាម​នៅ​កម្ពុជា​សព្វថ្ងៃនេះ។​ គេ​មានចិត្ត​ប្រដាល់​ធំ ហ៊ាន​វាយ​ប្ដូរ​ជាមួយ​គូប្រកួត​ដោយ​មិន​ញញើត​នោះឡើយ ដើម្បី​ប្តូរ​យកជ័យ​ជម្នះ​នៅ​ពេល​ដែល​ស្ថានភាព​ប្រកួត​របស់គេ​មាន​សភាព​ចាញ់​ប្រៀប​គូប្រកួត គឺ​គេ​ប្តូ​រហើយ។

ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​លើក​នេះ ក្រុមអ្នកវិភាគ​ប្រដាល់​ក្នុងស្រុក​នៅតែ​រំពឹងថា ផុង សិរិ ទំនងជា​មិនអាច​ឈ្នះ​នី សុ​ភី នោះឡើយ ព្រោះ​នី សុ​ភី ពេលនេះ​មាន​កម្លាំង​កាយសម្បទា​រឹងមាំ មិន​ដូច​ពីមុន​នោះឡើយ ហើយ​គេ​ខ្ពស់ជាង​ផុង សិរិ ថែមទៀត។​

ដូច្នេះ ចាំមើល​ជួប​ប្រកួត​ជាមួយ​ផុង សិរិ អ្នក​ប្រដាល់​ថៃ​ជើង​ខ្លាំង​លើក​នេះ នី សុ​ភី អាច​យកឈ្នះ​បាន​ឬ​អត់​?។​

ចំពោះ ធន អៀង​ឡៃ អ្នក​ប្រដាល់​ស្រករ​ក្រោយ​ នៃ​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ គេ​ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី​ឈ្មោះ​ម៉ា​ធី​( Mathy) ក្នុង​ទម្ងន់​៥៤​គីឡូក្រាម។

ម៉ា​ធី នេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​បី​លើក​ហើយ​កន្លងមក ដោយ​វាយ​ឈ្នះ​ទាំងបី​លើក។ នេះ​ជា​លើក​ទី​៤ សម្រាប់​រូបគេ​ដែល​មកជួប ធន អៀង​ឡៃ អ្នក​ប្រដាល់​កម្ពុជា​នៅលើ​ទឹកដី​កម្ពុជា​នោះ។

តាម​លោក​ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​និង​ជា​ផ្គូផ្គង អោយដឹង​នោះ​ថា ម៉ា​ធី មក​លើក​ទី​១ វាយ​ឈ្នះ​ម៉ន វិ​រៈ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក លើក​ទី​២ គេ​វាយ​ឈ្នះ​អាំង សំអាត អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ​ក្នុង​ទឹក​ទី​២ និង​លើក​ទី​៣ ឈ្នះ​សិស្ស​លោក​ឡុង សាល​វ័​ន្ត​(​ភ្លេចឈ្មោះ​)។​

ម៉ា​ធី​នេះ នៅ​ស្រុកថៃ គេ​ជា​ជើងឯក​រង​ខ្សែក្រវាត់​នៅក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម នេះ ហើយ​គេ​មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៦៩​លើក ឈ្នះ​៥៩​លើក ចាញ់​០៧​លើក និង ស្មើ​០៣​លើក។​

ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ប្រាកដថា​អាច​ឈ្នះ ​ធន អៀង​ឡៃ នោះឡើយ។ ធន អៀង​ឡៃ ក៏​ជា​ជើងឯក​រង​ខ្សែក្រវាត់​ដែរ។​ គេ​ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​របស់​កម្ពុជា​នេះ មិន​ធ្លាប់​ដែល​ជួប​ប្រកួត​ជាមួយ​ថៃ​បាន​ម្តងណា​នៅឡើយ​ទេ​កន្លងមក។​

អៀង​ឡៃ គេ​មាន​កណ្ដាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់​ និង​ជង្គង់ កែង ក៏​ល្អ ព្រមទាំង​មាន​កាយសម្បទា​កម្លាំង​រឹងមាំ​ថែមទៀត។

ទោះជា​បែបនេះ​ក្តី មិនទាន់​ហ៊ាន​សន្និដ្ឋានថា ធន អៀង​ឡៃ ជួប​សំណាងល្អ​នៅក្នុង​ការប្រកួត​ជា​អ្នក​ប្រដាល់​ថៃ ម៉ា ធី នេះឡើយ ? ។ អៀង​ឡៃ គេ​មាន​ប្រវត្តិ​ប្រកួត​តិចតួច​ទេ តែ​គេ​ល្អ និង​ខ្លាំង។ ចាំ​មើល​រវាង​ធន អៀង​ឡៃ និង ម៉ា ធី តើន​រណា​ជា​អ្នកឈ្នះ​ក្នុង​ការជួប​ប្រកួត​គ្នា​លើកដំបូង​នេះ?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114