ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ ដាស់តឿន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​ សូម​​​ភ្ញាក់រលឹក​ស្រឡាញ់​ទីក្រុង​ស្អាត

ស្ទឹងត្រែង​ ៖​ ​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង​ បាន​ដាស់តឿន​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​ភ្ញាក់រលឹក​ស្រឡាញ់​ទីក្រុង​ស្អាត ព្រោះ​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​យើង​ជិត​ឈានចូល​មកដល់​ហើយ​ដូចនេះ ត្រូវ​នាំគ្នា​សម្អាត​បរិស្ថាន​និង​កុំ​ចោល​សំរាម​រាយប៉ាយ។

លោក​សាយ​កុសល​ អភិបាលក្រុង​បាន​បញ្ជាក់ថា​ ៖​ បងប្អូន​ប្រជាពលរដ្ឋ​យើង​មួយចំនួន​នៅតែ​លួច​ចោល​សំរាម​ផ្តេសផ្តាស​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សោភណភាព​ក្រុង ក្នុងពេលដែល​អាជ្ញាធរ​ខេត្ត ក្រុង​កំពុង​ប្រឹងប្រែង​រៀបចំ​អភិវឌ្ឍ​ទីក្រុង​ស្អាត សាងសង់ សួនច្បារ និង​រង្វង់​មូល​ផងដែរ​។​

លោក​អភិបាលក្រុង​បន្តថា ​៖ ​ទីក្រុង​ស្អាត​គឺ​ផ្តើមចេញពី​យើងទាំងអស់គ្នា​ មិនមែន​តែ​អាជ្ញាធរ​រៀបចំ​បាន​ស្អាត​តែឯង​បាន​នោះទេ ដូចនេះ​សូម​បងប្អូន​ភ្ញាក់រលឹក​ឡើង​និង​រួមគ្នា​ស្រឡាញ់​ទីក្រុង​ហើយ​នាំគ្នា​តុបតែង​ផ្ទះសម្បែង​ត្រៀម​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ដែល​នឹង​ឈានចូល​មកដល់​នៅ​ថ្ងៃទី​១៤​មេសា​ខាងមុខ​ដ៏​ឆាប់ៗ​នេះ។

លោក​ឡា​ផាត រស់នៅ​ភូមិ​ឃុំ​កោះ​សំពាយ ស្រុក​សៀម​បូក បាន​គាំទ្រ​ដល់​អាជ្ញាធរ​ក្រុង​បានធ្វើការ​ដាស់តឿន​នេះ ហើយ​នេះ​គ្រាន់តែ​ជាការ​រួមចំណែក​ក្នុងការ​ដាស់​ស្មារតី​មួយ​តែប៉ុណ្ណោះ​។​

លោក​បន្ត​ថា ​៖ ​ជា​មួយ​នេះ ​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​សម្តែង​ក្តី​បារម្ភ​​ ព្រោះ​គំនរ សំរាម​ដ៏​ក្រាស់ក្រែល នេះ ពេល​គរ​ទុក​យូរ បាន​បង្ក​ក្លិនស្អុយ​អសោច ពេល​ខ្យល់​បក់​មក ក្លិន​វា​សាយភាយ​ទៅគ្រប់​ទីកន្លែង​ ជាពិសេស​គំនរ​សំរាម នៅ​ជិត​មណ្ឌល​សុខភាព​ខេត្ត​នេះ​តែម្តង ហើយ អ្នក​ជំងឺ​ឈឺ​ល្មមៗ​មក​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក ធុំក្លិន​ស្អុយ​កាន់តែ​បង្កើន​ភាព​ឈឺ​នោះ​បន្ថែមទៀត​។​

លោក​ថា ​៖​ មិនតែប៉ុណ្ណោះ សំរាម គរ បែបនេះ វាក៏​ជា​បញ្ហា​ប្រឈម​មួយ ធ្វើឱ្យប៉ះពាល់​ដល់​ផ្នែក​សោ​ភណភាព​ក្រុង​ផងដែរ ក្នុងពេលដែល​អាជ្ញាធរខេត្ត ក្រុង ផ្ចិតផ្ចង់​រៀប​ទីក្រុង​ឱ្យមាន​សួនច្បារ ដាំ​ផ្កា ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​ស្អាត តែ​អ្នកគ្រប់គ្រង​សំរាម​ពន្យារពេល ប្រ​មូល​ទុក​គរ​រហូតដល់​៥​ទៅ​៧​ថ្ងៃ បានមក​យក​នៅ​ចំណុច​នេះ​ម្តង វា​បង្ក​ផលប៉ះពាល់​ផ្នែក​បរិស្ថាន​រស់នៅ​។​

ប្រជាពលរដ្ឋនៅក្នុង​ក្រុង​ស្ទឹងត្រែង​បាន​សំណូមពរ​ដល់​លោក​ជា គង់​ដេញថ្លៃ​ប្រមូល​សំរាម​កុំ​ស្ពឹក​ពេក ងាក​មក​មើល​គំនរ​សំរាម​នៅ​ជិត​មន្ទីរពេទ្យបង្អែក​ខេត្ត​ផង បើសិនជា​អស់លោក ធ្វើ​មិនកើត​ទេ បង្ហាញថា​មាន​ភាព​​​កម្សោយ គួរតែ​ខ្មាសអៀន​ព្រោះ​យកតែ​លុយ​ការងារ​មិន​រហ័ស​។​
​ជាមួយនេះ ពួកគាត់ បាន​បំភ្លឺ​ជូនទៅ​អាជ្ញាធរ​ថា​ ៖​ អង្គភាព​ប្រមូល​សំរាម​ចេះតែ​ផ្លាស់ប្ដូរ​មក​យកលុយ​ថ្លៃ​សំរាម​ឡើងថ្លៃ មួយ​ជា​២​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍ ប្រជាពលរដ្ឋ​ក្រុង​​ ​ទើប​ធ្វើឱ្យ​ពួកគាត់ ឈប់​បង់លុយ​ចេះតែ​យក​ទៅ​ចោល​តាម​ទីកន្លែង​ផ្តេសផ្តាស​បែបនេះ​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ​ភ្នាក់ងារ​អ្នកយកព័ត៌មាន បាន​ធ្វើការ​ទាក់ទង​ទៅ​ម្ចាស់​ប្រមូល​សំរាម​ថ្មី​លោក​ជា​គង់​សាកសួរ​បញ្ជាក់​ពី​ហេតុផល​នេះ​ដែរ​ តែ​ទូរស័ព្ទ​ចូល​មិន​លើក៕