ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ដែងៗ ​មួយ​គ្រួសារ​ប្ដី​ប្រពន្ធ​ និង​កូន​តូច​អាយុ​១​ឆ្នាំ​ស្លាប់​ទាំង​៣​នាក់ ​ក្រោម​សម្ពាធ​នៃ​កង់​រថយន្ត

កំពង់ឆ្នាំង ​៖ ​ពិតជា​គួរ​អោយ​អនិច្ចា ប្តី​ប្រពន្ធ រួម​ទាំង​កូន​តូច​អាយុ​១​ឆ្នាំ ​បាន​ស្លាប់ ព្រម​គ្នា​ទាំង​គ្រួសារ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​នីសាន់​បើក​បត់​បុក​ម៉ូតូ​ចូល​កង់​ខាងក្រោយ។

ករណី​នេះ​ បានកើត​ឡើង​នៅវេលា​ម៉ោង ៤​និង​០០ នាទី ល្ងាច​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ នៅលើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូ ម៉ែត្រ​លេខ ៤៩ និង​លេខ​៥០ ស្ថិតក្នុង ភូមិ​តា​កុល ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច។

នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ លោក នន ស៊ី​ណាត អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច បាន​ឲ្យ​ដឹងថា ​៖ ​អ្នក​ទាំង​៣​ក្នុង គ្រួសារ​រងគ្រោះ​ខាងលើនេះ មាន ១​ប្តី​ឈ្មោះ ប៉ុក សារឿន អាយុ ២៧ ឆ្នាំមាន​ទីលំនៅ ភូមិ​សុ​បិ​ន្ត ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ជា​អ្នកបើក​ម៉ូតូ ម៉ាក​ហុងដា​សេ​125 ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង ចំណែក​ស្ត្រី​ជា​ប្រពន្ធ ជិះ​ពីក្រោយ​មាន ឈ្មោះ ច្រិ​ក សម្ផស្ស អាយុ​២៥ ឆ្នាំ ​ ដោយឡែក​កូនប្រុស​អាយុ​១​ឆ្នាំ ឈ្មោះ ស៊ឹម សុ​ចាន់ ក៏បាន​ស្លាប់​ជាមួយ​ឪពុកម្ដាយ​ខាងលើ​ដែរ។

លោក​អធិការ​បាន​បន្តថា ​៖ មុនពេល​កើតហេតុ ​ជនរងគ្រោះ​ទាំង ៣​នាក់​ប្តី​ប្រពន្ធ​និង​កូន បាន​ជិះ​ម៉ូតូ ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង តាម​បណ្តោយ​ផ្លូវជាតិ លុះ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់​តែមាន​រថយន្ត​ធុន​ធំ​ម៉ាក​នីសា​ន់ ពណ៌​ក្រហម ឆ្នូត​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ក្រចេះ 3 A 0365 បើកបរ​ដោយ​បុរស​ឈ្មោះ យឿន សុភា​អាយុ ២៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្រប​ទិស​គ្នា ​ដោយ​រថយន្ត​នោះ ​បាន​បត់​ទៅ​ទិស​ខាងលិច​បណ្ដាលឱ្យ​បុក​ជាន់​ម៉ូតូ​ជនរងគ្រោះ ចូល​កង់​ក្រោយ​ស្លាប់​ទាំង​គ្រួសារ​៣​នាក់​ភ្លាមៗ​តែម្តង។

ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត ឈ្មោះ យឿន សុភា បាន​បើក​រត់គេច​ចូលទៅ​លាក់​រថយន្ត​ទុក​នៅ​ការដ្ឋាន​រណ្តៅ​ដី ហើយក៏​គេចខ្លួនបាត់ ប៉ុន្តែ​សមត្ថកិច្ច​ក៏បាន​តាមរក​រថយន្ត​នោះ​ឃើញ និង​បាន​អូស​យកមក​រក្សាទុក​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់។ ចំណែក​សព​ជនរងគ្រោះ​ទាំង​៣​នាក់​ប្តី ប្រពន្ធ និង​កូនតូច ត្រូវ​ក្រុមគ្រួសារ​ទទួលយក​ទៅធ្វើ​បុណ្យ​នៅក្នុង​មូលដ្ឋាន​តាម​ប្រពៃណី​ក្នុង​ក្ដី​សោកសង្រេង​យ៉ាងខ្លាំង។

ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើ​ ត្រូវបាន​សមត្ថកិច្ច​ឲ្យ​ដឹងថា ​៖ អ្នកបើកបរ​រថយន្ត និង​ម៉ូតូ​ខ្វះ​ការប្រុងប្រយ័ត្ន​ទាំងសងខាង ព្រោះ​កន្លែង​កើតហេតុ ជា​ការដ្ឋាន​កំពុង​ធ្វើ​ផ្លូវ មាន​ស្លាក​សញ្ញា​ជា​សំគាល់ អោយ​ប្រុងប្រយ័ត្ន​និង​បន្ថយល្បឿន៕