ព័ត៍មានទាន់​ហេតុការណ៏
Search

បើក​ពិព័រណ៍​ស្តីពី​” សិលាចារឹក​សម័យមុន​អង្គរៈ សិលាចារឹក​ដែលមាន​សញ្ញា​លេខ​សូន្យ​ដំបូង​គេ​”

ភ្នំពេញ ៖​ សារមន្ទីរ​ជាតិ​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​១៨​ ខែមីនា ​ឆ្នាំ​២០១៩ បាន​បើក​ពិព័រណ៍​ស្តីពី​” សិលាចារឹក​សម័យមុន​អង្គ​រៈ សិលាចារឹក​ដែលមាន​សញ្ញា​លេខ​សូន្យ​ដំបូង​គេ​” រួម​ជាមួយនឹង​ការ​សម្ពោធ​សៀវភៅ​ស្តីពី​”​ការស្វែងរក​លេខ​សូន្យ​”​របស់​លោក​សាស្ត្រាចារ្យ Amir Aczel ដែល​បាន​បង្ហាញ​សញ្ញា​លេខ​សូន្យ​នៃ​សិលាចារឹក​K.127​របស់​កម្ពុជា​ទៅកាន់​ពិភព​វិទ្យាសាស្ត្រ​ឲ្យ​បាន​ដឹង​ឮ​ឡើងវិញ។

លោក គង់ វីរៈ ប្រធាន​នាយកដ្ឋាន​សារមន្ទីរ បាន​មានប្រសាសន៍ថា ​ពិព័រណ៍​នេះ​ ជា​ចំណែក​មួយ​នៃ​ការ​លើក​កម្ពស់​ការ​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​ខ្មែរ និង​ផ្ដល់​ឱកាស​ជូន​សាធារណជន សិក្សា​ស្វែងយល់​អំពី​សិលាចារឹក​ខ្មែរ ក៏ដូចជា​ពី​អារ្យធម៌​ខ្មែរ និង​ជា​ផ្នែក​មួយ​ក្នុង​ការ​ជំរុញ​ទឹកចិត្ត​យុវជន​ខ្មែរ​ជំនាន់​ក្រោយ ឲ្យ​មាន​ចំណាប់អារម្មណ៍​កាន់តែខ្លាំង​លើ​វិស័យ​អក្សរសាស្ត្រ​ខ្មែរ​បុរាណ។ លើសពីនេះ ក៏​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​នៃ​សារៈសំខាន់​សិលាចារឹក​សម័យមុន​អង្គរ​របស់​ខ្មែរ។

លោក ប្រាក់ សុ​ណ្ណា​រ៉ា រដ្ឋលេខាធិការ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ដែល​បាន​អញ្ជើញ​ចូលរួម​បើក​ពិព័រណ៍​ស្តីពី​” សិលាចារឹក​សម័យមុន​អង្គ​រៈ សិលាចារឹក​ដែលមាន​សញ្ញា​លេខ​សូន្យ​ដំបូង​គេ​”​សៀវភៅ​ស្វែងរក​លេខ​សូន្យ បានបញ្ជាក់​បន្ថែមថា សិលាចារឹក​K.127 គេ​បាន​រកឃើញ​នៅ​សំបូរ ខេត្តក្រចេះ តាម​ដង​ទន្លេមេគង្គ គឺ​បាន​ចារ​សញ្ញា​លេខ​សូន្យ ជា​អក្សរ​បុរាណ​ក្នុង​មហាសករាជ​៦០៤ ត្រូវ​នឹង​គ​.​ស​៦៨២(​ស​.​វ​ទី​៧ គ​.​ស​) ដែល​បុរាណ​វិទូ​បារាំង លោក George Coedes បាន​បកប្រែ​ហើយ​ចុះផ្សាយ​ក្នុង​គ​.​ស ឆ្នាំ​១៩៤២​។​នៅ​ឆ្នាំ​២០១៣​លោក​សាស្ត្រាចារ្យ Amir Aczel បានបង្ហាញ​សញ្ញា​លេខ​សូន្យ​នៃ​សិលាចារឹក​K.127 របស់​កម្ពុជា ទៅកាន់​ពិភព​វិទ្យាសាស្ត្រ​ឲ្យ​បានដឹង​ឭ​ឡើងវិញ ។​លោក​Amir Aczel គិតថា សញ្ញា​លេខ​សូន្យ​ខ្មែរ​នៅលើ​សិលាចារឹក​K.127 គឺជា​តួលេខ​សូន្យ​ចាស់​ជាងគេ​ដែល​យើង​បានដឹង​នៅលើ​ពិភពលោក​។​

លោក រដ្ឋលេខាធិការ​បា​នប​ន្ត​ថា យើង​ជា​ខ្មែរ​ពិតជា​មាន​សេចក្តី​អំណរ​សាទរ និង​មោទនភាព​ចំពោះ​អារ្យធម៌​និង​កេរ​មរតក ដែល​ដូនតា​យើង​បាន​ចារ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​។​”​ខ្ញុំ សង្ឃឹមថា សៀវភៅ​”​ស្វែងរក​លេខ​សូន្យ​” និង​សិលាចារឹក​K.127 ដែល​តាំង​បង្ហាញ​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ នឹង​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​អស់លោក អ្នកប្រាជ្ញ នានា​ពី​ទីជិត​ឆ្ងាយ​ក្នុង​ការសិក្សា​ស្រាវជ្រាវ៕