ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​ក្រឡាហោម ស ខេង ទទួល​ជួប​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប ករណី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA

​ភ្នំពេញ ៖ នៅវេលា​ម៉ោង​១០និង​៣០​នាទី​ព្រឹក ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ទទួល​ជួប​បេសកជន​របស់​សហភាព​អឺរ៉ុប ដែល​បំពេញ​ទស្សនកិច្ច​ នៅ​ប្រទេស​កម្ពុជា នៅក្នុង​ក្របខណ្ឌ នៃ​ការ​ត្រួតពិនិត្យ​មើល​ឡើងវិញ អំពី​ការ​អនុវត្ត​នូវ​កិច្ចការ​ទាំងឡាយ ទាក់ទង​ទៅ​នឹង​ការ​បំពេញ​ឲ្យ​លក្ខខណ្ឌ EBA ដែល​ជំនួប​នេះ​ធ្វើ​ឡើង​នៅ​ក្រសួងមហាផ្ទៃ​។

​ប្រមុខ​ការទូត​កម្ពុជា​ធ្លាប់បាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ យើង​នៅតែ​ប្ដេជ្ញា​អនុវត្ត​ឲ្យ​បានល្អ ហើយ EBA នេះ គង់តែ​នឹង​បាត់​ដោយ​ស្វ័យប្រវត្ត នៅ​ពេល​ប្រទេស​កម្ពុជា ក្លាយ​ទៅ​ជា​ប្រទេស​មួយ ដែល​មាន​ចំណូល​ខ្ពស់​។ ទោះយ៉ាងណា​ លោក​អះអាង​ថា ជំហរ​ទី​មួយ​របស់​កម្ពុជា គឺ​មិន​ដោះដូរ មិន​លក់​អធិបតេយ្យភាព​ជាតិ ទោះ​ស្ថិតក្នុង​តម្លៃ​ណាក៏ដោយ។ យើង​អរគុណ​ចំពោះ​របប​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប ដែល​ធ្វើ​ឲ្យ​កម្ពុ​ជា​មាន​កំណើន​សេដ្ឋកិច្ច ហើយ​ក្នុង​នោះ ក៏បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា មានការ​ងារ​ធ្វើ​ច្រើន​ផង​ដែរ ពីព្រោះ​គ្រាន់តែ​អ្នកធ្វើការ​នៅ​ក្នុង​វិស័យ​ស្បែក​ជើង​មាន​ប្រមាណ​៨​សែន​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី។​

​បើតាម​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អ្វី​ដែល​ជា​បញ្ហា​នោះ គឺ​ តើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មានតម្លៃ​អ្វី ប្រសិនបើ​យើង​បាត់បង់​ឯករាជ្យភាព​របស់​ប្រទេស ពីព្រោះ​លក្ខខណ្ឌ​ផ្សារភ្ជាប់​ជាមួយ EBA នេះ មាន​លក្ខខណ្ឌ​ការងារ ហើយ​ក៏​មាន​លក្ខខណ្ឌ​អធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ផង​ដែរ ដូច្នេះ​មានន័យថា ការ​ចាត់​ការ​របស់​រាជរដ្ឋាភិបាល ដើម្បី​រក្សា​អធិបតេយ្យភាព និង​ឯករាជ្យ​ភាព​របស់​ខ្លួន សហភាព​អឺរ៉ុប​ មិន​ទទួលយក គឺ​គាត់​មិន​ទទួលយក​ការអនុវត្ត​ច្បាប់​នៅក្នុង​ស្រុក​របស់​យើង​។​

​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អះអាងថា “​បើ​យើង​មិនអាច​អនុវត្ត​ច្បាប់​ស្រុក​យើង​បាន តើ​យើង​ធ្វើ​អ្វី​ទៀត ហើយ​ច្បាប់​មួយចំនួន​របស់​កម្ពុជា សហភាព​អឺរ៉ុប​អ្នក​ជួយ​ឲ្យ​យោបល់ និង​តាក់​តែង​ថែមទៀត។ ការអនុវត្ត​ច្បាប់ ការការពារ​អធិបតេយ្យភាព ការការពារ​សន្តិភាព ពង្រឹង​ការ​ឯកភាព​ជាតិ ក្នុងឋានៈ​ជា​រដ្ឋាភិបាល ដែល​ទទួលខុសត្រូវ​មួយ ហើយ​បើ​ធ្វើ​អ្វី​តាម​គេ​ប្រាប់​រហូត​នោះ គឺ​បាត់បង់​អធិបតេយ្យភាព ហើយ​វា​មាន​អធិបតេយ្យ​មក​ពីណា វា​ទៅជា​ខ្ញុំគេ​ហើយ​។ ឆ្នាំ​១៩៧០ គឺជា​មេរៀន​សម្រាប់​កម្ពុជា​”៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114