ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រកាស​តែងតាំង​មុខងារ មេបញ្ជាការ​យោធភូមិភាគ​ពិសេស មេបញ្ជាការ​រង និង​នាយសេនាធិការ

​ភ្នំពេញ ៖ លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង ​នៃ​កងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខងារ មេបញ្ជាការ​យោធភូមិភាគ​ពិសេស មេបញ្ជាការរង និង​នាយសេនាធិការ យោធភូមិភាគ​ពិសេស​នៅ​ទីបញ្ជាការ​យោធភូមិភាគ​ពិសេស រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ ទី​១៩ ខែ​មិនា ឆ្នាំ​២០១៩​។​

​ថ្លែង​ទៅកាន់​អ្នកចូលរួម លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​អបអរសាទរ​ក្នុងឱកាស​វិសេសវិសាល​នេះ និង​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ដោយ​ក្តី​នឹករលឹក​ប្រកបដោយ​មនោសញ្ចេតនា​ជ្រាលជ្រៅ​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ជូន​ចំពោះ នាយទាហាន នាយទាហានរង និង​ពលទាហាន​ នៃ​យោធភូមិភាគ​ពិសេស​​។

សូម​ធ្វើការ​កោត​សរសើរ​យ៉ាង​ស្ញប់ស្ញែង​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ នៃ​ការ​កសាង​នៅក្នុង​អង្គភាព​កន្លង​ទៅ​តាំងពី​ការលំបាក និង​ការដោះស្រាយ​បញ្ហា​ផ្សេងៗ គឺ​យើង​តែងតែ​ខិតខំ​ច្នៃប្រឌិត​បំពេញភារកិច្ច​បាន​គ្រប់​វិស័យ​ទាំង​ការកសាង​ជុំរុំ​ជម្រក ការហ្វឹកហ្វឺន​ក៏ដូចជា​ការទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ជាមួយ​អង្គភាព​ផ្សេងទៀត បំពេញភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ​។ ជាការ​ឆ្លើយ​តប​ចំពោះ​គុណូបការៈ គុណបំណាច់ និង​ស្នាដៃ​របស់ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍​ក្នុង​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន នាពេល​កន្លងមក​ដែលជា​ទំនុកចិត្ត​សម្រាប់​ប្រមុខ​ថ្នាក់ដឹកនាំ​លោក​បាន​តម្លើង​ឋានន្តរសក្ដិ​នេះ​ គឺជា​ការ​សមស្រប​បំផុត ជាការ​ទទួលស្គាល់ និង​ជាការ​លើក​ទឹកចិត្ត ចំពោះ​បុព្វ​ហេតុ​ជាតិ​មាតុភូមិ ក្នុង​ការខិតខំ​ប្រឹងប្រែង​របស់​ឯកឧត្តម​។

​លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា យោធភូមិភាគ​ពិសេស​គឺជា​ភូមិភាគ​មួយ បើ​ប្រៀបធៀប​ជាមួយ​យោធភូមិភាគ​ផ្សេងទៀត​ គឺមាន​ការងារ​ច្រើន​ជាងគេ​នៅក្នុង​ដំណាក់កាល​សន្តិភាព គឺ​ដើរ​តួនាទី​ពិសេស​ក្នុង​ថែរក្សា​សេចក្តីសុខ​ប្រជាពលរដ្ឋ សុវត្ថិភាព​សម្រាប់​ប្រមុខ​ថ្នាក់​ដឹកនាំ​។ ការការពារ​ប្រទេសជាតិ ​គឺ​មិនចាំបាច់​តែ​ច្បាំង​នៅ​លើ​សមរភូមិ​នោះទេ ការការពារ​សុខ​សន្តិភាព ស្ថិរភាព​របស់​ថ្នាក់ដឹកនាំ ​គឺជា​ការងារ​សំខាន់​។ ក្រៅពីនេះ ភូមិភាគ​ក៏បាន​ដើរ​តួនាទី​សំខាន់​នៅក្នុង​ទំនាក់ទំនង​ជាមួយនឹង​បណ្ដា​ប្រទេស​ផ្សេងៗ និង​ជាមួយ​ភាគី​មិត្ត​នៅតាម​តំបន់​ព្រំដែន​។ ការសម្រេចបាន​លទ្ធផល​ទាំងអស់នេះ ​គឺជា​ការឆ្លុះបញ្ចាំង​អំពី​ការដឹកនាំ សមត្ថភាព ឆន្ទៈ និង​ការ​ច្នៃប្រឌិត​នៅក្នុង​ការដឹកនាំ ការ​កៀរគរ​កម្លាំង​ឲ្យ​បាន​គ្រប់គ្រាន់​នៅក្នុង​ការបំពេញ​បេសកកម្ម ទោះបីជា​ក្នុង​កាលៈទេសៈ​លំបាក និង​កាលៈទេសៈ​ស្មុគស្មាញ ពេលខ្លះ​កើ​ត​មាន​ឡើង​ទាំង​ការងារ​នយោបាយ និង​ទាំង​ការងារ​យោធា​។ សូម​កោតសរសើរ​ចំពោះ​ការងារ​ដែល​ភូមិភាគ​ពិសេស​ដែល​សម្រេចបាន​នាពេល​កន្លងមក ​ក្រោម​កា​រដឹក​នាំ​របស់​ឯកឧត្ដម​មេបញ្ជាការ និង​នាយទាហាន​ទាំងអស់​។​

លោក​បន្តថា បច្ចុប្បន្ននេះ ពិនិត្យឃើញថា យោធភូមិ​ភាគ​ពិសេស រួមទាំង​បណ្តា​អង្គភាព​ចំណុះ កាន់តែ​ត្រូវបាន​ពង្រឹង និង​មានការ​រីកចម្រើន​គួរឲ្យ​កត់សម្គាល់​លើ​គ្រប់​វិស័យ និង​ការងារ​ជំនាញ ជាពិសេស​ការងា​រកសា​ង​អង្គភាព​, ការសហការ​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​, ការ​សហការ​ការពារ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ​, ការលើកកម្ពស់​ជីវភាព និង​ថែរក្សា​សុខុមាលភាព​របស់​កង​ទ័ព ក្នុងនោះ​ក៏​រួមមាន​ការជួយ​សង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ផងដែរ​។

​លោក​ពិត​ជាមាន​មោទនភាព​ចំពោះ​សមិទ្ធផល​ដែល​សម្រេចបាន​ទាំងនេះ ជាពិសេស​វា​បាន​ឆ្លុះ បញ្ចាំង​ឲ្យ​ឃើញ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ពលិកម្ម និង​ការ​ប្ដេជ្ញា​ចិត្ត ក៏ដូចជា​សាមគ្គីភាព​ផ្ទៃក្នុង​ដ៏​ធំធេង​របស់​ថ្នាក់ដឹកនាំ និង​យោធិន​ទូទាំង​យោធភូមិភាគ​ក្នុងការ​សម្រេច​ភារកិច្ច​បម្រើ​ជាតិ​មាតុភូមិ​។​

តាម​លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​
កា​រត​ម្លើង​ឋានន្តរសក្ដិ ការតែងតាំង​មុខងារ ការប្រគល់​ភារកិច្ច​ដែល​កំពុង​ធ្វើ​ឡើង​នៅថ្ងៃនេះ គឺជា​ការសម្រេច​ដោយ​ឈ​រ​លើ​ការពិនិត្យ និង​វាយតម្លៃ​យ៉ាង​ល្អិតល្អន់​របស់​ថ្នាក់ដឹកនាំ​ នៃ​កងយោធពលខេមរភូមិន្ទ ស្រប​នឹង​គោលការណ៍​ច្បាប់​ជា​ធរមាន ជាពិសេស​ការវាយតម្លៃ​ទៅ​លើ ឆន្ទៈ សមត្ថភាព ចំណេះដឹង បទពិសោធន៍ ការ​តស៊ូ អំណត់​ព្យាយាម និង​ឥរិយាបថ​ទទួលខុសត្រូវ​ចំពោះ​ការងារ​របស់​សាមី​ខ្លួន​។

ការប្រគល់​ភារកិច្ច​នេះ​ យើង​ក៏​គិត​ទៅដល់​និរន្តរភាព​ផងដែរ ហើយ​សំខាន់បំផុត​នោះ​ គឺ​ការតែងតាំង​ប្រកបដោយ​ប្រសិទ្ធភាព​តម្លាភាព និង​និង​ការឯកភាព​ផ្ទៃក្នុង​។ ការតែងតាំង ការទទួលបាន​នូវ​មុខ​ងារ​នេះ មិនមែនជា​ការផ្ទេរសិទ្ធិ ឬ ផ្ទេរអំណាច​នោះទេ ប៉ុន្តែ​វា​ជាការ​ផ្ទេរ​នូវ​ការទទួលខុសត្រូវ​បន្ត​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ដើ​ម្បី​ឲ្យ​មាន​សិទ្ធិ មានអំណាច​នៅក្នុង​ការ​ធ្វើការ​ដឹកនាំ ហើយ​ការ​ទទួល​ខុសត្រូវ​ គឺ​ត្រូវតែ​ខ្ពស់​ដាច់ខាត​ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​ការងារ​ជូន​កងទ័ព​ទាំងអស់​។​

លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​យក​ឱកាស​ដ៏​វិសេសវិសាល​នេះ ដើម្បី​ចូលរួម​អបអរ​សាទរ​ចំពោះ ឯកឧត្តម ព្រហ្ម ឌិន អតីត​មេបញ្ជាការ​យោធភូមិភាគ​ពិសេស ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់​ដំឡើង​ឋានន្តរសក្ដិ​ជានា​យ​ឧត្ដមសេនីយ៍ និង​តែង​តាំង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​។​

ជាមួយគ្នានេះ​ផងដែរ លោក​ក៏បាន​ចូលរួម​អបអរសាទរ​ចំពោះ​ឧត្ដមសេនីយ៍ទោ ពូ សា​ប៊ុត​ឌី ដែល​ទទួលបាន​ការទុកចិត្ត​ពី​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​កងយោធពលខេមរភូមិន្ទ ចំពោះ​ការតែងតាំង​មុខងារ​ជា​មេបញ្ជាការ​រង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ពិសេស និង​ឧត្ដមសេនីយ៍​ទោ ប៉ូ វណ្ណៈ ក្នុង​មុខងារ​ជា​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​យោធភូមិភាគ​ពិសេស​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114