ព័ត៍មានទាន់​ហេតុការណ៏
Search

UN បង្ហាញ​ផែនការ​ថ្មី​សម្រាប់​ការដក​កងកម្លាំង​យេ​មែន​ចេញពី​កំពង់ផែ​សំខាន់

ប្រេសិត​អង្គការសហប្រជាជាតិ​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា អង្គការសហប្រជាជាតិ​នឹងដាក់​ផែនការ​ថ្មី​មួយ​សម្រាប់​ការដក​កងកម្លាំង​ចេញពី​ទីក្រុង Hodeida របស់​ប្រទេស​យេ​មែន​ទៅកាន់​រដ្ឋាភិបាល​និង​ពួក​ឧទ្ទាម Huthi។

ការដាក់​ពង្រាយ​កងក​ម្លាំ​ង​ជាថ្មី​ត្រូវបាន​យល់ព្រម​កាលពី​ខែធ្នូ​នៅក្រោម​កិច្ចព្រមព្រៀង​ឈប់​បាញ់​មួយ​ដែល​បានសម្រេច​នៅក្នុង​ប្រទេស​ស៊ុយ​អ៊ែត​ដែល​ផ្តល់​ក្តីសង្ឃឹម​ដ៏​ល្អ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នៃ​ការឈាន​ទៅដល់​ការបញ្ចប់​សង្គ្រាម​។​

សេចក្តីថ្លែងការណ៍​មួយ​ពី​លោក Martin Griffiths ដែលជា​បេសកជន​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ប្រទេស​យេ​មែន​បាន​និយាយថា “​បន្ទាប់ពី​កិច្ចពិភាក្សា​ប្រកបដោយ​ការស្ថាបនា​ជាមួយ​ភាគី​ទាំងពីរ មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ឆ្ពោះទៅរក​កិច្ចព្រមព្រៀង​មួយ​ដើម្បី​អនុវត្ត​ដំណាក់កាល​មួយ​នៃ​ការពង្រីក​កិច្ចព្រមព្រៀង​ទីក្រុង Hodeida”​។​

លោក​បាន​បន្ថែមថា “​ព័ត៌មាន​លម្អិត​អំពី​ប្រតិបត្តិការ​នឹងត្រូវ​បង្ហាញ​ដល់​ភាគី​នានា​នៅក្នុង​គណៈកម្មាធិការ​សម្របសម្រួល​ការដាក់​ពង្រាយ​ជាថ្មី (RCC) សម្រាប់​ការអនុម័ត​ឆាប់ៗ​”​។​
RCC ដែល​ត្រូវបាន​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​សញ្ជាតិ​ដា​ណឺ​ម៉ាក​ឈ្មោះ Michael Lollesgaard គឺ​ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចព្រមព្រៀង​ទីក្រុង Stockholm ដើម្បី​នាំយក​រដ្ឋាភិបាល​និង​ក្រុម Huthi ទៅកាន់​តុ​ចរចា​ដើម្បី​ស្វែងរក​ព័ត៌មាន​លម្អិត​នៃ​កិច្ចព្រមព្រៀង​ឈប់​បាញ់​។​

សេចក្តីថ្លែងការណ៍​រប​ស់​ប្រេសិត UN មិនបាន​ផ្តល់​កាលបរិច្ឆេទ​សម្រាប់​ការចាប់ផ្តើម​នៃ​ការដក​កងទ័ព​ទេ​ដែល​វា​នឹង​កត់សម្គាល់​ជា​ជំហាន​ដ៏​រឹងមាំ​លើកដំបូង​ឆ្ពោះទៅកាន់​ការបន្ធូរបន្ថយ​ភាព​តានតឹង​នៅក្នុង​ទីក្រុង Hodeida។

គួរ​បញ្ជាក់ថា អង្គការសហប្រជាជាតិ​បានប្រកាស​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការដក​កងទ័ព​ចំនួន​ពីរ​ដំណាក់កាល​ចេញពី​ទីក្រុង Hodeida និង​កំពង់ផែ​របស់ខ្លួន​កាលពី​ថ្ងៃទី​១៧​ខែកុម្ភៈ​ប៉ុន្តែ​ការដាក់​ពង្រាយ​ឡើងវិញ​បាន​បរាជ័យ​ហើយ​កិច្ចប្រឹងប្រែង​សន្តិភាព​ហាក់ដូចជា​មិន​ដំណើរការ​។​

យោងតាម​អ្នកការទូត UN បាន​ឲ្យ​ដឹងថា ក្រុម Huthi បាន​បដិសេធ​ដកខ្លួន​ចេញពី​កំពង់ផែ​ជា​ផ្នែក​មួយ​នៃ​ដំណាក់កាល​ដំបូង​ដោយ​លើកឡើង​ពី​ភាពភ័យខ្លាច​ថា កងកម្លាំង​ដែល​ពាក់ព័ន្ធ​នឹង​សម្ព័ន្ធភាព​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​នឹង​ចូលទៅ​គ្រប់គ្រង​ទីតាំង​ទាំងនោះ៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114