ព័ត៍មានទាន់​ហេតុការណ៏
Search

មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​៦​នាក់ ក្នុង​តំបន់​ទន្លេសាប ​ត្រូវបាន​ចាប់ខ្លួន​

បាត់ដំបង ៖ ជនសង្ស័យ​មួយ​សំបុក​ ដែលជា​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​យ៉ាងសកម្ម​ ត្រូវបាន​កម្លាំង​ប៉េអិម​ប្រចាំ​ស្នាក់ការ ៥០៨ ទិស​ទន្លេសាប បង្ក្រាបបាន រួមជាមួយ​នឹង​ថ្នាំញៀន​ជាច្រើន​កញ្ចប់​ផងដែរ។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​ថ្នាំញៀន​រួចមក នៅ​វេលា​ម៉ោង៧និង៣០នាទី ព្រឹក​ថ្ងៃទី១៩ ខែ​មីនា ឆ្នាំ​២០១៩ កម្លាំង​ស្នាក់ការ​៥០៨ ទិស​ទន្លេសាប​របស់​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត ដែល​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ត្រី ពៅ ទុំ ប្រធាន​ស្នាក់ការ​សន្តិសុខ ៥០៨ ប្រចាំ​តំបន់​បឹង​ទន្លេសាប បានចេញ​ប្រតិបត្តិការ​ទៅកាន់​ចំណុច​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង។​

​នៅក្នុង​កិច្ច​ប្រតិបត្តិការ​នេះ លោក​ប្រធាន​ស្នាក់ការ សន្តិសុខ ៥០៨ រួម​នឹង​កម្លាំង​របស់លោក​បាន​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ជាក់ស្តែង ព្រមទាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៦នាក់ ក្នុងនោះ​គឺ ៖ ១; ឈ្មោះ ចៅ ចិន្តា ភេទ​ស្រី អាយុ២៦ឆ្នាំ។ ២-ឈ្មោះ ប៉ូ ហ៊ួ​យ ភេទ​ស្រី អាយុ៥៤ឆ្នាំ ៣-ឈ្មោះ ផល ថា ភេទ​ប្រុស អាយុ៥៨ឆ្នាំ។ ៤-ឈ្មោះ ថា សំ ភេទ​ស្រី អាយុ២០ឆ្នាំ។ ៥-ឈ្មោះ ថា សល់ ភេទ​ប្រុស អាយុ១៧ឆ្នាំ និង ៦-ឈ្មោះ មាន សុភ​ក្រ័ ភេទ​ប្រុស អាយុ៣៩ឆ្នាំ​ ទាំង​៦​នាក់ រស់​នៅ​ភូមិ/ឃុំ ខាងលើ និង​មាន​មុខរបរ​នេសាទ។​

​ក្នុងការ​ឃាត់ខ្លួន​មុខសញ្ញា​ដែល​តែង​ធ្វើ​សកម្មភាព​ចែកចាយ​យ៉ាងសកម្ម​នៅក្នុង​តំបន់​បឹង​ទន្លេសាប​នេះដែរ កម្លាំង​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន៣០កញ្ចប់ ស្មើនឹង​ទម្ងន់ 6,52 ក្រាម ទូរស័ព្ទ​ដៃ១​គ្រឿង លុយ​ដុល្លារ១៥៥ដុល្លារ និង លុយ​ខ្មែរ ចំនួន​៨១​ម៉ឺន​រៀល ដោយ​បច្ចុប្បន្ន​កំពុង​បញ្ជូន​ទៅកាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114