ព័ត៍មានទាន់​ហេតុការណ៏
Search

លោកស្រី May ព្យាយាម​ជួយសង្គ្រោះ​ផែនការ Brexit មុន​កិច្ចប្រជុំ​កំពូល EU

នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោកស្រី Theresa May នឹង​សរសេរ​ផែនការ​មួយ​ទៅ​ប្រធាន​សហភាព​អឺរ៉ុប​លោក Donald Tusk សម្រាប់​ការពន្យារពេល Brexit ឲ្យ​លើស​ថ្ងៃទី​២៩​ខែមីនា​ដោយបាន​ទទួលស្គាល់ថា ការជាប់គាំង​របស់​ស​ភា​បាន​ឈានដល់​កម្រិត​វិបត្តិ​ហើយ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​ពី​អ្នកនាំពាក្យ​របស់លោក​ស្រី​។​

លិខិត​នេះ​នឹងត្រូវ​បាន​ផ្ញើ​មុនពេល​លោកស្រី May ឆ្ពោះ​ដំណើរ​ទៅកាន់​កិច្ចប្រជុំ​កំពូល​ទីក្រុង​ប្រ៊ូ​ស​សែ​ល​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដែល​នៅ​ទីនោះ​លោកស្រី​បាន​សន្យា​រួចទៅហើយ​ថា​នឹង​ស្វែងរក​អ្វីដែល​អាចជា​ការពន្យារ​ពេល​ដ៏​យូរ​នៃ​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​។​

លោកស្រី May មាន​សង្ឃឹមថានឹង​បញ្ចុះបញ្ចូល​សមាជិកសភា​ឲ្យ​គាំទ្រ​កិច្ចព្រមព្រៀង​លែងលះ​ដែល​លោកស្រី​បានសម្រេច​ជាមួយ​សហភាព​អឺរ៉ុប​ប៉ុន្តែ​ផែនការ​របស់លោក​ស្រី​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ថ្មី​មួយ​ត្រូវបាន​រារាំង​យ៉ាងខ្លាំង​ដោយ​ប្រធានសភា​។​

ឥឡូវនេះ មេដឹកនាំ​អ៊ឺរ៉ុប​កំពុង​ទាមទារ​ឲ្យ​ទីក្រុង​ឡុង​ដ៍​ប្រាប់​ពួកគេ​ឲ្យ​បាន​ច្បាស់​អំពី​អ្វីដែល​ខ្លួន​ចង់បាន​ដោយ​ព្រមាន​ថា ហានិភ័យ​នៅតែមាន​ដែលថា ចក្រភព​អង់គ្លេស​អាច​នឹង​ខ្ទាត​ចេញពី​ប្លុក​នេះ​ក្នុង​រយៈពេល​១០​ថ្ងៃ​ដោយ​គ្មាន​ការរៀបចំ​ជា​ផ្លូវការ​ដោយ​បញ្ចប់​ភាពជា​សមាជិកភាព​រប​ស់​ខ្លួន​រយៈពេល​៤៦​ឆ្នាំ​។​

លោក Michel Barnier ប្រធាន​ក្រុម​ចរចា​របស់​សហភាព​អឺរ៉ុប​បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គា​រថា ការពង្រីក​ណាមួយ​នៃ​កិច្ចចរចារ Brexit នឹងធ្វើ​ឲ្យ​ខាតបង់​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច​សម្រាប់​ប្រទេស EU ចំនួន​២៧​ដែល​នៅ​សេសសល់​។​

អ្នកនាំពាក្យ​លោកស្រី May បាន​និយាយថា លិខិត​របស់​របស់លោក​ស្រី May ទៅ​លោក Tusk នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​ខណៈ​របាយការណ៍​បាន​និយាយ​ពី​ការស្វែងរក​ការពន្យារពេល​១២​ខែ​។​

ទោះបីជា​យ៉ាងណាក៏ដោយ ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​នៅ​ទីក្រុង Prague លោក Nick Archer បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ទីក្រុង​ឡុង​ដ៍​ក៏មាន​ការព្រួយបារម្ភ​ផងដែរ​ចំពោះ​ការពន្យារពេល​ដ៏​យូរ​នៃ​ការបោះឆ្នោត​សភា​អឺរ៉ុប​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ទូទាំង​ប្លុក​នេះ​ក្នុង​ខែឧសភា​៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114