ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ម្នាក់​ ដេកស្លាប់​នៅ​គល់ស្ពាន​អ្នក​លឿង​ សង្ស័យ​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​

​ព្រៃវែង ៖ បុរស​ម្នាក់​ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្បែរ​គល់​ស្ពាន​ហ្សឹ​បា​សា (​ហៅ​ស្ពាន​អ្នក​លឿង )​ដែល​ស្ថិត​ក្នុងភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​១០​យប់ ​ថ្ងៃទី​១៩​មីនា ​សង្ស័យ​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅវេលា​ម៉ោង​១០និង​១៥​នាទី សមត្ថកិច្ច​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា មាន​បុរស​ម្នាក់​ដេកស្លាប់​នៅលើ​ថ្នល់​ក្បែរ​គល់ស្ពាន​អ្នក​លឿង ពេល​សមត្ថកិច្ច​ទៅ​ដល់​កន្លែងកើតហេតុ​ ក៏​ឃើញ​ជន​រង​គ្រោះ​ដេកស្លាប់​តែម្នាក់ឯង ដោយ​រាងកាយ​ប្រឡាក់​សុទ្ធតែ​ឈាម​ នៅត្រង់​ក្បាលមាន​ស្នាម​ដាច់ និង​បែក​ជាច្រើន​កន្លែង ហើយ​នៅ​ក្បែរ​សព​ មាន​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​សៀមរាប ១AA- ៨៨០១ ផ្នែក​ខាងមុខ​ នៃ​ម៉ូតូ​ខូចខាត​ស្ទើរ​ទាំងស្រុង ទើប​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជនរងគ្រោះ​ទំនងជា​ស្រវឹង​ស្រា ហើយ​បើក​ម៉ូតូ​ទៅ​បុក​អ្វីមួយ ទើប​បណ្តាលឲ្យ​ដួល​បោក​ក្បាល​ស្លាប់​បែបនេះ។​

​ទោះជា​យ៉ាងណា​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ទេ ហើយ​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២០​មីនា​នេះ ​សមត្ថកិច្ច​បាន​ដឹក​យក​សព​ជនរងគ្រោះ​ទៅ​រក្សា​ទុក នៅក្នុង​វត្ត​ឧ​ត្ត​ម​ខេមរា​រាម ក្បែរ​ផ្សារ​អ្នក​លឿង​សិន រង់ចាំ​សាច់ញាតិ​ទៅ​ទទួលយក​សព​ទៅ​ធ្វើ​បុណ្យ ចំណែក​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែក​ខ្សាយ​(​ក​) ដូច្នេះ​បើ​ក្រុមគ្រួសារ​ នៃ​សព​បាន​ដឹង​ហើយ ​សូម​មក​ទទួល​ម៉ូតូ ​និង​សព​ ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ផង​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114