ព័ត៍មានទាន់​ហេតុការណ៏
Search

បាត់​កូន​ពី​ផ្ទះ​២​ថ្ងៃ​ អត់​ប្តឹង​សមត្ថកិច្ច​ ទាល់តែ​អ្នកភូមិ​រក​ឃើញ​ ហួសពេល​បាត់

បាត់ដំបង ៖ ក្រុម​គ្រួសារ​ យំសោក​បោក​ប្រាណ​ នៅពេលដែល​បាន​បាត់បង់​កូនប្រុស​ជាទី​ស្រឡាញ់​មួយ​ប៉ប្រិច​ភ្នែក ​ទើបតែ​នៅ​វ័យ​ក្មេងខ្ចី​ កំពុងតែ​សិក្សា ​ខណៈ​ដែល​បាន​លង់​ទឹកស្រះ​ស្លាប់ ​ដោយ​មិន​ដឹង​អំពី​មូលហេតុ​ទាល់តែសោះ​ ធ្វើឲ្យ​ក្រុមគ្រួសារ​មិន​អស់ចិត្ត​ក្នុង​ហេតុការណ៍​នេះ​។

តាម​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​បានឲ្យ​ដឹង​ថា​ ហេតុការណ៍​នេះ​មានការ​ភ្ញាក់ផ្អើល​ កាលពី​រសៀល​ម៉ោង​០២​និង​៤៥​នាទី​ នា​ថ្ងៃទី​១៩ ​ខែ​មីនា ឆ្នាំ​​២០១៩ ​នៅត្រង់ចំណុច​ស្រះ​ធំ​១​កន្លែង ​ចម្ងាយ​ពី​ផ្ទះ​ជនរងគ្រោះ​ប្រមាណ​ជាង​១​ពាន់​ម៉ែត្រ ​ស្ថិត​ក្នុងភូមិ​អង់​ សង្កាត់​អូ​ចារ​ ក្រុង​បាត់ដំបង​។​

សេចក្ដីរាយការណ៍​ឲ្យ​ដឹង​បន្តថា ​ជនរងគ្រោះ​មាន ឈ្មោះ​ ថេត​ សាន់​ដេ​ ភេទ​ប្រុស​ អាយុ​១៣​ឆ្នាំ មាន​ទីលំនៅ​ក្រុមទី​១៧ ​ភូមិ​អង់​ សង្កាត់​អូរ​ចារ​ ក្រុង​បាត់ដំបង​ ដែលជា​ទីកន្លែង​កើតហេតុ​ផង​ដែរ​ ហើយ​ជនរងគ្រោះ​ជា​សិស្ស​។​

នៅក្នុង​ហេតុការណ៍​នេះ​ លោក​ សួន​ ឆៀ​ត ​អធិការរង​ក្រុង​បាត់ដំបង​បានឲ្យ​ដឹង​ដែរ​ថា​ ករណី​ក្មេង​ប្រុស​ដែល​បាន​លង់ទឹក​ស្លាប់​នេះ​ គឺ​បាន​កើតឡើង​២​ថ្ងៃ​ហើយ ​ព្រោះ​ឪពុកម្ដាយ​ទើបតែ​ប្រាប់​ថា​ ជន​រងគ្រោះ​បាត់​ពី​ផ្ទះ​រយៈពេល​២​ថ្ងៃ​ហើយ ​តែ​ឪពុកម្ដាយ​មិនបាន​ប្តឹង​សមត្ថកិច្ច​នោះ​ទេ​ លុះដល់​រសៀល​ម៉ោង​ និង​ថ្ងៃកើតហេតុ​ខាងលើ ​ទើប​ប្រជាពលរដ្ឋ​ប្រទះឃើញ​សាកសព​អណ្តែត​ទឹកតែ​ម្តង​។​

លោក​អធិការរង​បន្តថា​ តាម​ការពិនិត្យ​សាកសព​ពុំមាន​ចំណុច​ណាមួយ​គួរ​ឲ្យ​​សង្ស័យ​ទៅលើ​ករណី​ឃាតកម្ម​ពី​មនុស្ស​ផ្សេង​នោះទេ ​ដូច្នេះ​ការសន្និដ្ឋាន​របស់​ក្រុម​ជំនាញ​សមត្ថកិច្ច​ គឺ​ជនរងគ្រោះ​ចុះ​ងូត​ទឹក​ខ្លួនឯង ​ហើយ​ស្មានតែ​ទឹកស្រះ​នោះ​រាក់​ ទើប​សាកល្បង​ហែល​ ដោយ​ជនរងគ្រោះ​មិន​ចេះ​ហែល​ទឹក​ផង​នោះ ​ក៏​លង់​តែម្តង​ ស្រប​ពេលដែល​ទៅ​ងូត​ទឹកតែ​ម្នាក់ឯង​ផង ​ទើប​គ្មាន​អ្នក​ជួយ​ទាន់​ពេល​។​

លោក​បន្តថា​ ការសន្និដ្ឋាន​ពី​សមត្ថកិច្ច​បែបនេះ​ ដោយយោង​ទៅលើ​ចំណុច​១​ទៀត​នោះ ​គឺ​ជនរង​គ្រោះ​មុន​ នឹង​ចុះ​ងូត​ទឹក បាន​ដោះ​ខោអាវ​របស់​ខ្លួន​ទុកដាក់​បាន​ល្អ​ទើប​ចុះទៅ​អង្គុយ​ងូត​នៅ​នឹង​ជណ្ដើរ។ ​ក្រោយមក​ ជនរងគ្រោះ ​ទំនង​ចង់​ហែល​លេង​ ក៏​យក​ជើង​ធាក់​ជណ្ដើរ​រុញ​ខ្លួន​ទៅមុខ​ដើម្បី​ហែល​លេង​ ដោយ​ស្មានតែ​ទឹក​នោះ​រាក់​ផង​ ក៏​លង់​តែម្តង​ ព្រោះ​ទឹកស្រះ​នោះ​មាន​ជម្រៅ​ប្រហែលជា​ជិត​៣​ម៉ែត្រ​ឯណោះ​។​

ក្រោយពី​ក្រុមគ្រួសារ​សព​បានដឹង​អំពី​មូលហេតុ​ នៃ​ការស្លាប់​របស់​កូន​ពី​សមត្ថកិច្ច​ ទើប​ពួកគាត់​ស្ងប់​អារម្មណ៍​ពី​មន្ទិល​សង្ស័យ​ផ្សេងៗ​ ហើយ​បច្ចុប្បន្ន ​ក៏​ត្រូវបាន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕​