ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកស្លាប់​ដោយសារ​ទឹកជំនន់​ក្នុងប្រទេស​ម៉ូ​សំ​ប៊ិក​និង​ហ្ស៊ី​ម​បា​វ៉េ​ បាន​កើន​លើស​៣០០​នាក់​ ខណៈ UN បង្កើន​ជំនួយ

ចំនួន​អ្នកស្លាប់​ដោយសារ​ព្យុះ​ស៊ីក្លូន​មួយ​ដែល​វាយប្រហារ​លើ​ប្រទេស​ម៉ូ​ហ្សំ​ប៊ិក​និង​ហ្ស៊ី​ម​បា​វ៉េ​បាន​កើន​ឡើងដល់​ជាង​៣០០​នាក់​កាលពី​ថ្ងៃ​អង្គារ​ ខណៈ​អ្នក​ជួយសង្គ្រោះ​បានធ្វើការ​ទាំង​ថ្ងៃ​ទាំងយប់​ដើម្បី​ជួយ​អ្នក​នៅរស់​ហើយ​អង្គការសហប្រជាជាតិ​បាន​ដឹកនាំ​ការ​ផ្តល់ជំនួយ។

​ប្រធានាធិបតី​ម៉ូ​ហ្សំ​ប៊ិក​លោក Filipe Nyusi បានប្រកាសថា “​យើង​មាន​អ្នកស្លាប់​ជាង​២០០​នាក់​រួចទៅហើយ​និង​មនុស្ស​ជិត​៣៥០,០០០​នាក់​កំពុង​ស្ថិតក្នុង​គ្រោះថ្នាក់​” ខណៈពេលដែល​រដ្ឋាភិបាល​ហ្ស៊ី​ម​បា​វ៉េ​និយាយថា មនុស្ស​ប្រហែល​១០០​នាក់​បាន​ស្លាប់​ប៉ុន្តែ​ចំនួន​អ្នកស្លាប់​អាច​កើនឡើង​លើស​នេះ​បី​ដង​ឯណោះ​។​

ទន្ទឹមនឹង​នេះដែរ អង្គការសហប្រជាជាតិ​បាន​និយាយថា ព្យុះ​ដ៏​អាក្រក់​បំផុត​មួយ​ដែល​បាន​វាយលុក​ទ្វីបអាហ្វ្រិក​ភាគខាងត្បូង​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លងមកនេះ​ក៏បាន​បណ្ដាល​ឲ្យ​មាន​វិបត្ដិ​មនុស្សធម៌​មួយ​នៅក្នុង​ប្រទេស​ម៉ាឡាវី​ផង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស​ជិត​មួយ​លាន​នាក់​និង​បង្ខំ​ឲ្យ​មនុស្ស​ជាង​៨០,០០០​នាក់​ចាក​ចេញពីផ្ទះ​របស់​ពួកគេ​។​

បួន​ថ្ងៃ​បន្ទាប់ពី​ព្យុះ​ស៊ីក្លូន Idai បង្ក​ឲ្យ​មានការ​បាក់​ដី​, ក្រុមការងារ​សង្គ្រោះបន្ទាន់​នៅ​កណ្តាល​ប្រទេស​ម៉ូ​សំ​ប៊ិក​បានដាក់​ពង្រាយ​តាម​ទូក​និង​ឧទ្ធម្ភាគចក្រ​ដើម្បី​ព្យាយាម​ជួយសង្គ្រោះ​អ្នក​នៅរស់​ពីលើ​ដំបូលផ្ទះ​និង​ចុងឈើ​នៅក្នុង​តំបន់​ទឹកជំនន់​។​

កងទ័ពអាកាស​មកពី​ប្រទេស​ម៉ូ​សំ​ប៊ិក​និង​អាហ្វ្រិក​ខាងត្បូង​ត្រូវបាន​បម្រុង​ទុក​សម្រាប់​បេសកកម្ម​ជួយសង្គ្រោះ​ខណៈ​អង្គការក្រៅរដ្ឋាភិបាល​មួយ​ឈ្មោះ Rescue South Africa បាន​និយាយថា ខ្លួន​បាន​ជួយ​មនុស្ស​ចំនួន​៣៤​នាក់​ចាប់តាំងពី​យប់​ថ្ងៃ​សុ​ក្រម​កដោយ​ប្រើ​ឧទ្ធម្ភាគចក្រ​៣​គ្រឿង​។​

លោក Abrie Senekal នៃ​អង្គការ Rescue SA បាន​ប្រាប់ AFP ថា “​វា​គឺជា​មធ្យោបាយ​តែមួយគត់​ដើម្បី​ចូលដល់​មនុស្ស​ដែល​ជាប់គាំង​”​។​អង្គការ​នេះ​កំពុង​ព្យាយាម​ជួល​ឧទ្ធម្ភាគចក្រ​បន្ថែមទៀត​។​

ទីក្រុង Beira ដែលជា​ទីក្រុង​ធំ​លំដាប់​ទី​២​របស់​ប្រទេស​ម៉ូ​សំ​ប៊ិក​និង​កំពង់ផែ​ដ៏​សំខាន់​មួយ​ត្រូវបាន​កាត់ផ្តាច់​ភ្លាមៗ​បន្ទាប់ពី​ព្យុះ​នេះ​។ យោងតាម​កាកបាទក្រហម​បាន​ឲ្យ​ដឹងថា ព្យុះ​ស៊ីក្លូន​នេះ​បាន​បំផ្លាញ​ឬ​បង្ក​ការខូចខាត​៩០​ភាគរយ​ដល់ទី​ក្រុង​ដែលមាន​ប្រជាជន​កន្លះ​លាន​នាក់​មួយ​នេះ​៕ AFP


TAG