ព័ត៍មានទាន់​ហេតុការណ៏
Search

លោក អ៊ុក រ៉ាប៊ុន ​ផ្តល់​ជូន​នូវ​អគារ​សិក្សា​ថ្មី​មួយ​ខ្នង​បន្ថែម​ទៀត និង​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង​៣​គីឡូ​២០០​ម៉ែត្រ ស្ថិតនៅ​ឃុំ​កំពង់ចំលង​

​ស្វាយរៀង​ ៖ ​កាលពីព្រឹក​ថ្ងៃ​ពុធ ១៥​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព .​ស ២៥៦២ ​ត្រូវ​នឹង​ថ្ងៃទី​២០​ ខែមីនា​ឆ្នាំ​២០១៩​​ លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​អគារសិក្សា​សាលាបឋមសិក្សា​តា​ជៃ​ ស្ថិត​ក្នុងភូមិ​តា​ជៃ ​ឃុំ​កំពង់ចំលង ​ស្រុក​ស្វាយជ្រំ​ ខេត្ត​ស្វាយរៀង​។​

​ពិធី​នេះ​មាន​ចូលរួម​ពី​ លោក លោកស្រី​ប្រតិភូ​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក​អភិបាលរង​ខេត្ត អភិបាល​ក្រុង​-​ស្រុក លោក​ប្រធាន​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ លោក​នាយរង​រដ្ឋបាល​សាលាខេត្ត យុវជន ស​.​ស​.​យ​.​ក​.​ស្រុក លោកគ្រូ អ្នកគ្រូ និង​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​សរុប​ប្រមាណ​៧០០​នាក់​។​

លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​លើកឡើង​អំពី​វឌ្ឍនភាព ​នៃ​ការអភិវឌ្ឍ​ខេត្តស្វាយរៀង រួម​បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់ ការអប់រំ និង​វិស័យ​សំខាន់ៗ ដែល​ខេត្តស្វាយរៀង​សម្រេចបាន នា​ពេល​កន្លងទៅ ជាមួយគ្នានេះ​។​

លោក ម៉ែន វិបុល អភិបាលខេត្ត​បានធ្វើការ​អំពាវនាវ​ដ​ល់បង​ប្អូន​ប្រជាពលរដ្ឋ​អំពី​ការ​សន្សំសំចៃ​ការ​ប្រើប្រាស់ ទឹក ​ភ្លើង ស្របតាម​ការណែនាំ​រប​ស់​ប្រមុខ​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា នា​ពេល​ថ្មី​ៗកន្លង​មក​នេះ​។ ក្នុងករណី​មានការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ សូម​បងប្អូន​រាយការណ៍​ជាបន្ទាន់​មក​អាជ្ញាធរ​ដែនដី ឬ ​រដ្ឋបាល​ខេត្តស្វាយរៀង ​ដើម្បី​ចុះជួយ​អន្តរាគមន៍​ឲ្យ​បាន​ទាន់ពេលវេលា​។​

លោក​ បណ្ឌិត អ៊ុក រ៉ាប៊ុន បាន​មានប្រសាសន៍​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់ រដ្ឋបាល​ខេត្ត​ ដែល​ធ្វើឲ្យ​ខេត្ត​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចាប់ពី​ក្រុង​រហូតដល់​ជនបទ រួមទាំង​វិស័យ​អប់រំ និង​កំណើន​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។ ទាំងនេះ ​គឺ​ដោយសារ​កត្តា ​នៃ​សុខសន្តិភាព ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ​របស់​សម្ដេច​អគ្គ​មហាសេ​នាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​លោក​បាន​ខិតខំ​ស្តា និង​អភិវឌ្ឍន៍​ប្រទេស​ឡើងវិញ​ ក្រោយ​ដួលរលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត ចាប់តាំងពី​បាតដៃ​ទទេ រហូត​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ដូច​អ្វីដែល​យើងទាំងអស់គ្នា​បាន​ឃើញ​សព្វថ្ងៃនេះ​។​

បន្ទាប់ពី​មានប្រសាសន៍​សំណេះសំណាល​ទៅកាន់​ពិធី​នេះ​ លោក​បណ្ឌិត និង​គណៈប្រតិភូ​អម​ដំណើរ បាន​អញ្ជើញ​ចុះ​ពិនិត្យ​អគារ​សិក្សា​អនុវិទ្យាល័យ ហ៊ុន សែន តា​ជៃ ដែល​អគារ​មួយ​ខ្នង​កំពុងមាន​សភាព​ចាស់​ទ្រុឌទ្រោម លោក​បានផ្តល់​ជូន​នូវ​អគារ​សិក្សា​ថ្មី​ចំនួន​មួយ​ខ្នង​៦​បន្ទប់​ នៅ​អនុវិទ្យាល័យ​នេះ​ផងដែរ​។​

ឯកឧត្តម និង​គណៈប្រតិភូ​អម​ដំណើរ​ បាន​បន្ត​ចុះ​ពិនិត្យ​មើលផ្លូវ​ក្រាល​នៅ​កៅស៊ូ​ ដែល​ស្ថាបនា​រួច​រាល់ ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ចាប់ពី​ភូមិ​តា​ជៃ​ ឆ្ពោះទៅ​ភូមិ​តា​ស្អាង និង​ភូមិ​ឫស្សីព្រៃ​។ ដោយ​មើល​ឃើញ​ពី​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ លោក​បណ្ឌិត​ បាន​បន្ត​ផ្តល់ជូន នូវ​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​បន្ថែមទៀត ​ប្រវែង​៣​គីឡូ​២០០​ម៉ែត្រ ដែល​ត​ភ្ជាប់​ពី​ភូមិ​តា​ជៃ កាត់​តាម​ភូមិ​វា​ល្ងើ​ត ភូមិ​កំពង់ចំលង ឆ្ពោះ​មក​ភូមិ​ឫស្សីព្រៃ​ ត​ភ្ជាប់​ជាមួយ​ផ្លូវ​កៅស៊ូ​ដែល​មាន​ស្រាប់​វិញ​ផង​ដែរ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114