ព័ត៍មានទាន់​ហេតុការណ៏
Search

អូស្ត្រាលី​កាត់បន្ថយ​ជនអន្តោប្រវេសន៍​ប្រចាំឆ្នាំ​ចំនួន​១៥​ភាគរយ

ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​ពុធ ​បាន​កាត់បន្ថយ​ការទទួលយក​ជនអន្តោប្រវេសន៍​ប្រចាំឆ្នាំ​ជិត​១៥​ភាគរយ ​ហើយ​បាន​ហាមឃាត់​អ្នក​មកដល់​ថ្មី​មួយចំនួន​ពី​ការរស់នៅ​ក្នុង​ទីក្រុង​ធំ ៗ របស់ខ្លួន​រយៈពេល​៣​ឆ្នាំ​ក្នុង​គោលបំណង​បន្ធូរបន្ថយ​ការកកស្ទះ​នៅតាម​ទីប្រជុំជន​។​

លោក Scott Morrison នាយករដ្ឋមន្ត្រី​អូស្ត្រាលី​កំពុង​ជួប​ភាពអវិជ្ជមាន​មុន​ការបោះឆ្នោត​សហព័ន្ធ​ក្នុង​ខែឧសភា​ហើយ​សង្ឃឹមថានឹង​ទទួលបាន​ភាពល្អប្រសើ​ឡើងវិញ​ពី​អ្នកបោះឆ្នោត​ដែល​ខឹងសម្បា​លើ​តម្លៃ​ផ្ទះ​និង​ការកកស្ទះ​។​

លោក Morrison បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​កង់​បេ​រ៉ា​ថា “​នេះ​គឺជា​បញ្ហា​ជាក់ស្តែង​មួយ​ដែល​អូស្ត្រាលី​ចង់​ដោះស្រាយ​” ។ លោក​បានលើកឡើង​បែបនេះ​បន្ទាប់ពី​ការប្រកាស​ថា ការទទួលយក​ជនអន្តោប្រវេសន៍​ប្រចាំឆ្នាំ​នឹងត្រូវ​កាត់បន្ថយ​ដល់​១៦០,០០០​នាក់​ដែល​កាលពីមុន​មាន​១៩០,០០០​នាក់​។​

ការផ្លាស់ប្តូរ​គោលនយោបាយ​អន្តោប្រវេសន៍​នេះ​បាន​កើតឡើង​ចំពេល​មានការ​ឆ្លុះបញ្ចាំង​ទូទាំងប្រទេស​អំពី​អាកប្បកិរិយា​របស់​អូស្ត្រាលី​ចំពោះ​ជនអន្តោប្រវេសន៍​បន្ទាប់​ពី​ការបាញ់ប្រហារ​លើ​មនុស្ស​យ៉ាងតិច​៥០​នាក់​នៅ​វិហារ​ឥស្លាម​២​ក្នុង​ទីក្រុង Christchurch របស់​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​។​

ជនសង្ស័យ​អូស្ត្រាលី​ឈ្មោះ Brenton Tarrant អាយុ​២៨​ឆ្នាំ​ត្រូវបាន​ចោទប្រកាន់​ពីបទ​មនុស្សឃាត​កាលពី​ថ្ងៃ​សៅរ៍​បន្ទាប់ពី​ខ្មាន់កាំភ្លើង​រូបនេះ​បើក​ការបាញ់ប្រហារ​អំឡុងពេល​អធិស្ឋាន​ថ្ងៃ​សុក្រ​។​

ការស្ទង់មតិ​របស់ ReachTel ដែល​ចេញផ្សាយ​កាលពី​ខែកញ្ញា​បាន​បង្ហាញថា ប្រជាជន​រស់នៅ​ទីក្រុង​ស៊ីដនី​ចំនួន​៦៣​ភាគរយ​បាន​គាំទ្រ​ការកាត់បន្ថយ​ចំនួន​ជន​ចំណាកស្រុក​ដែល​កំពុងធ្វើដំណើរ​ទៅកាន់​ទីក្រុង​ធំ​បំផុត​របស់​អូស្ត្រាលី​មួយ​នេះ​៕REUTERS