ព័ត៍មានទាន់​ហេតុការណ៏
Search

ក្មេងស្រី​ឥណ្ឌា​អាយុ ១២ ឆ្នាំ​ម្នាក់​ត្រូវបាន​ចាប់រំលោភ និង​សម្លាប់​ដោយ​បងប្អូន​ប្រុស និង​ពូ​របស់​នាង​

ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា បុរស​ពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ប្រទេស​ឥណ្ឌា​ពីបទ​ចាប់រំលោភ​ប្អូនស្រី​អាយុ ១២ ឆ្នាំ​របស់​ពួកគេ​ ដែល​ក្រោយមក​ត្រូវបាន​កាត់​ក្បាល​ដោយ​កាំបិត។

យោងតាម​ទិន្នន័យ​ចុងក្រោយបង្អស់​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ប្រទេស​ឥណ្ឌា​មានកំណត់​ត្រា​ដ៏​អាក្រក់​នៃ​ការរំលោភបំពាន​ផ្លូវភេទ​លើ​អនីតិជន​ដែលមាន​ជាង ៣៦,០០០ ករណី​បាន​រាយការណ៍​នៅ​ឆ្នាំ ២០១៦។

គណៈកម្មាធិការ​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​កុមារ​នៅ​ឆ្នាំ ២០១៤ បាន​និយាយថា ជនរងគ្រោះ​ពី​ការរំលោភ​សេពសន្ថវៈ​ម្នាក់​ក្នុងចំណោម​បីនាក់​នៅក្នុង​ប្រទេស​ឥណ្ឌា​គឺជា​អនីតិជន។ ស្ទើរតែ​ពាក់កណ្តាល​នៃ​អ្នក​រំលោភបំពាន​បាន​ស្គាល់​ចំពោះ​ជនរងគ្រោះ។

ក្នុងករណីនេះ​ពូ​អាយុ ៤០ ឆ្នាំ​របស់​ក្មេងស្រី​ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ ហើយ​ប៉ូលិស​កំពុង​ស្វែងរក​បងប្រុស​ច្បង​ក្រោយពី​សាកសព​ត្រូវបាន​រកឃើញ​នៅក្នុង​រដ្ឋ Madhya Pradesh កាលពី​សប្តាហ៍​មុន។​

ជនជាប់ចោទ​ដំបូង​បាន​ព្យាយាម​ដាក់​កំហុស​ទៅលើ​គ្រួសារ​មួយ​នេះ​មុនពេល​ប៉ូលិស​នៅក្នុង​ស្រុក Sagar រកឃើញ​ភាពខុសគ្នា​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ពួកគេ​ ហើយ​បានដឹងថា​ បងប្រុស​ច្បង​បាន​បាត់បង់​ខ្លួន។

អគ្គមេបញ្ជាការ​ប៉ូលិស​ស្រុក​លោក Amit Sanghi បាន​ប្រាប់ AFP តាម​ទូរស័ព្ទ​ថា “​នោះ​គឺជា​តម្រុយ​ដ៏​ធំ​មួយ​” ។​

លោក​បាន​និយាយថា “​បុរស​ទាំងអស់ (​បងប្អូន​បីនាក់ និង​ពូ​ម្នាក់​) ជាប់​ពាក់ព័ន្ធ​ក្នុងការ​ចាប់រំលោភ​ក្មេងស្រី ហើយ​នៅពេល​នាង​គំរាម​ប្រាប់​ប៉ូលិស​ពួកគេ​បាន​ច្របាច់ក​នាង​រហូតដល់​ស្លាប់ និង​កាប់​ក្បាល​របស់​នាង​” ។​

លោក Sanghi បាន​និយាយថា ការធ្វើ​កោសល្យវិច័យ​បាន​បញ្ជាក់ថា​ ជនរងគ្រោះ​ត្រូវបាន​គេ​រំលោភ និង​បាន​ទទួលរង​នូវ​ការ​រួមភេទ​ខុសធម្មតា។​

លោក​បាន​បន្តថា “​ខ្ញុំ​មិនដែល​ឃើញ​ឧក្រិដ្ឋកម្ម​បែបនេះ​នៅក្នុង​ជីវិត​របស់ខ្ញុំ​ឡើយ​សូម្បីតែ​មេធាវី​ក៏បាន​និយាយ​ដែរ​ថា ពួកគេ​មិន​ចង់​តំណាង​ឲ្យ​ជនជាប់ចោទ​ក្នុងករណីនេះ​ទេ​”។
អត្រា​នៃ​ការ​រំលោភបំពាន​ខ្ពស់​នៅតែ​បន្ត​ថ្វីបើ​មានការ​ផ្លាស់ប្តូរ​ច្បាប់​ក្រោយពី​មានការ​រំលោភបំពាន​យ៉ាង​ឃោរឃៅ​មួយ​ទៅលើ​និស្សិត​ក្រុង Delhi នៅ​ឆ្នាំ ២០១២ ដែល​បាន​បង្ក​ឲ្យ​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​និង​ការ​រឹតបន្តឹង​ច្បាប់​ក៏ដោយ។

ឧក្រិដ្ឋកម្ម​នោះ ​បាន​ឆ្លុះបញ្ចាំង​ពី​ការ​កើនឡើង​នៃ​អំពើ​ហិង្សា​ប្រឆាំងនឹង​ស្ត្រី​នៅក្នុង​ប្រទេស​ឥណ្ឌា​ហើយ​បានឃើញ​ការដាក់ទណ្ឌកម្ម​ដ៏​តឹងតែង​ចំពោះ​ជនល្មើស ហើយ​ការកាត់ទោស​បា​នព​ន្លឿ​ន​តាមរយៈ​តុលាការ៕ AFP