ព័ត៍មានទាន់​ហេតុការណ៏
Search

មឿង សុខ​ហ៊ុ​ច ដឹក​ដៃ​ផាន រះ ជួប​កីឡាករ​ថៃ​រុង​ណា​ផា ស​.​សំ​រ៉ូង​យី​ម និង​យ៉​ត​ស៊ុ​វិត វ៉​.​ស៊ុ​ង​នឺន

ភ្នំពេញ ៖ កីឡាករ​ជើង​ខ្លាំង​ទម្ងន់​មធ្យម​មឿង សុខ​ហ៊ុ​ច អ្នក​ប្រដាល់​នៃ​ពុទ្ធ​សេរី​វង្ស​ពោ​សែន​ជ័យ​កីឡា ដឹក​ដៃ​កីឡាករ​ផាន រះ អ្នក​ប្រដាល់​របស់​ក្លិប​តា​ព្រហ្ម​មានជ័យ ជួប​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ថៃ​រុង​ណា​ផា ស​.​សំ​រ៉ូង​យី​ម និង​កីឡាករ​ថៃ​យ៉​ត​ស៊ុ​វិត វ៉​.​ស៊ុ​ង​នឺ​ន នៃ​ការប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ នៅលើ​សង្វៀន​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សុក្រ​ទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ។

កីឡាករ​មឿង សុខ​ហ៊ុ​ច ដែល​ត្រូវ​ជួប​ជាមួយ​កីឡាករ​ជនជាតិ​ថៃ​រុង​ណា​ផា ស​.​សំ​រ៉ូង​យី​ម ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ដែល​អ្នក​ទាំង​២​នាក់​នេះ​មិនដែល​ជួបគ្នា​ទេ​នាពេល​កន្លងមក​ក្នុង​កម្មវិធី​នេះ តែ​កីឡាករ​ថៃ​ម្នាក់​នេះ ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​ស្រុក​ខ្មែរ​ជាច្រើនលើក​មកហើយ​មាន​ឈ្នះ​ចាញ់​ជាមួយ​កីឡាករ​ជួរ​មុខ​របស់​កម្ពុជា​។

មួយ​រយៈ​ចុងក្រោយ​នេះ​មឿង សុខ ហ៊ុ​ច​ត្រូ វ​បាន​គេ​មើលឃើញ​ថា ដើរ​លុកលុយ​រករឿង​តាម​បណ្តា​សង្វៀន​ទូរទស្ស​ន៍​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​ដែល​ខ្លាំងៗ និង​កីឡាករ​អន្តរជាតិ​ជាច្រើន​នាក់​ដែលមាន​លទ្ធផល​គួរ​ឲ្យ​សរសើរ ជាមួយ​ផ្តួល​គូប្រកួត​ជា​បន្ត​បន្ទាប់មក​នោះ​។ មឿង សុខ​ហ៊ុ​ច គេ​មាន​កាយសម្បទា​រឹងមាំ ព្រមទាំង​មាន​ស្នៀត​កែង និង​ជង្គង់ ដែល​ធ្វើ​ឲ្យ​គូរ​ប្រកួត​របស់​ខ្លួន ពិបាក​ទប់ទល់ និង​ជា​ស្នៀត​សម្រាប់​ផ្ដួល​គូរ​ប្រកួត​ដ៏​អស្ចារ្យ​ទៀត​ផង​។ ការ​វាយ​ចេញ​របស់​សុខ​ហ៊ុ​ច ធ្ងន់​ហើយ​រហ័ស ជាពិសេស​ស្នៀត​ជើង​ទាត់ និង​ជង្គង់ របស់​គេ​ខ្លាំង​ណាស់​ អាច​បញ្ចេញ​បាន​ភ្លាមៗ​ស្រប​ជាមួយ​ដៃ​តែម្តង​។ ប៉ុន្តែ​យ៉ាងណា មឿង សុខ​ហ៊ុ​ច ក៏មាន​ចំណុចខ្សោយ​ខ្លះ​ដែរ គឺ​ត្រង់​វាយ​ចេញ​ហើយ​មិនសូវ​ការពារ​វិញ​នោះ​ទេ​ ដែល​ធ្វើ​ឲ្យ​ដៃគូ​ប្រកួត​ឆាប់​ដឹង​ពី​ចំណុចខ្សោយ​ទាំងនេះ​។ ចាំមើល​មឿង សុខ​ហ៊ុ​ច អាច​យកឈ្នះ កីឡាករ​ថៃ​រុង​ណា​ផា ស​.​សំ​រ៉ូង​យី​ម នេះ​បាន​ដោយ​របៀប​ណា​?

ដោយឡែក កីឡាករ​ផាន រះ ត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ​យ៉​ត​ស៊ុ​វិត វ៉​.​ស៊ុ​ង​នឺ​ន ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម អ្នក​ទាំងពីរ​ក៏​មិន​ធ្លាប់​ជួបគ្នា​ដែរ​នា​ពេល​កន្លងមក ស្នៀត​ខ្លាំង​របស់​កីឡាករ​ថៃ​គឺ​ជើង​ទាត់​កាត់ ជង្គង់ និង​ស្នៀត​កាច់​ផ្តួល​គូប្រកួត​ឲ្យ​ដួល​ទាំង​ជំ​ហ៊ ហើយ​មាន​កម្លាំង​ស៊ុ​ហ្វ​ខ្លាំង​ទៀតផង​។

ការ​ជួបគ្នា​រវាង​អ្នក​ទាំងពីរ ​ត្រូវ​បាន​អ្នក​តាម​ដាន​កីឡាប្រដាល់​ក្នុងស្រុក​លើកឡើង​ថា ភាគរយ​នៃ​ការ​ឈ្នះ​គឺ​ហាសិប​ភាគរយ​ម្នាក់​ប៉ុណ្ណោះ ព្រោះ​កីឡាករ​កម្ពុជា​ផាន រះ វាយ​ពេលខ្លះ​ឃើញ​ល្អ​តែ​ពេលខ្លះ​វាយ​អន់ ពេលខ្លះ​គេ​ប្រើ​ក្បាច់​បាន​គ្រប់​ស្នៀត តែ​ពេលខ្លះ​គេ​ឃើញ​ផាន រះ វាយ​ចេញ​តែ​កណ្តាប់​ដៃ​មួយ​មុខ ដោយសារតែ​ចិត្ត​ប្រដាល់​របស់​គេ​តូច ហើយ​អន់​ខាង​កម្លាំង​សុ​ហ្វ​ទៀត​ផង​នោះ ឆាប់​ធ្វើ​ឲ្យ​គូប្រកួត​ដឹង​ពី​ចំណុចខ្សោយ​របស់​គេ​។ ចាំ​មើល​ផាន រះ ជា​អ្នកឈ្នះ​ឬ​កីឡាករ​ថៃ​យ៉​ត​ស៊ុ​វិត វ៉​.​ស៊ុ​ង​នឺ​ន​?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114