ព័ត៍មានទាន់​ហេតុការណ៏
Search

ស​.​ប​.​ក ចាប់ផ្តើម​លក់​សំបុត្រ​ចូល​ទស្សនា​ប្រកួត​ជម្រុះ​ជើងឯក​យុវជន​ប្រចាំ​ទ្វីបអាស៊ី​ដែល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ

​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) ទទួលបាន​សិទ្ធិ​ធ្វើជា​ផ្ទះ​ក្នុង​វគ្គ​ជម្រុះ​ពូ​ល H ប្រចាំ​ពានរង្វាន់​ជើងឯក​យុវជន​ប្រចាំ​ទ្វីបអាស៊ី​អាយុ​ក្រោម​២៣​ឆ្នាំ (AFC U-23 Championship 2020) សម្រាប់​ឆ្នាំ​២០២០ ខណៈ​សំបុត្រ​សម្រាប់​ចូល​ទស្សនា​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​បាន​ដាក់លក់​ជា​ផ្លូវការ​ហើយ​គិត​ចាប់​ពីថ្ងៃ​ពុធ សប្ដាហ៍​នេះ​តទៅ​។

​សម្រាប់​សំបុត្រ​ចូល​ទស្សនា​ការប្រកួត​វគ្គ​ជម្រុះ​ជា​លើក​ទី​២​នេះ គឺ​បែង​ចែកចេញ ជា​២​ប្រភេទ​គឺមាន​តម្លៃ ១០,០០០​រៀល នៅ​តំបន់​មាន​កៅអី​ជ័រ និង ៥,០០០​រៀល តំបន់​គ្មាន​កៅអី​ជ័រ និង​អាច​ទស្សនា​បាន​២​ប្រកួត ក្នុង​ថ្ងៃ​តែមួយ​។ សូម​រំលឹកថា​ក្រុម​កម្ពុជា ស្ថិតនៅក្នុង​ពូ​ល H កម្ពុជា នឹងត្រូវ​ជួប​ជាមួយ​ក្រុម​ខ្លាំងៗ​ដូចជា យុវជន U-23 អូស្ត្រាលី​, កូរ៉េខាងត្បូង និង ឆាយ​នី​ស​តៃប៉ិ (​តៃវ៉ាន់​) ដោយ​ការប្រកួត​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ២២ ខែ មិនា ឆ្នាំ ២០១៩ ខាងមុខ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​។ កាលពី​ឆ្នាំ ២០១៧ កន្លងទៅ កម្ពុជា ធ្លាប់​បានទទួល​ធ្វើ​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U-23 នេះ​ម្តង​ហើយ ដោយ​កាលនោះ​ជួប​ជាមួយ ចិន​, ជប៉ុន និង ហ្វីលីពីន តែ​មិន​មានឱកាស​ឆ្លង​ផុត​វគ្គ​នេះឡើយ​។

សម្រាប់​ប្រកួត​បើកឆាក​នៅ​ថ្ងៃទី​២២ ខែមីនា​ឆ្នាំ​២០១៩ ក្រុម​កូរ៉េខាងត្បូង ជួប​តៃវ៉ាន់ នៅវេលា​ម៉ោង​៥​ល្ងាច​ហើយ​ក្រុម​ម្ចាស់​កម្ពុជា ត្រូវ​ប៉ះ​ក្រុម​អូស្ត្រាលី នៅ​ម៉ោង​៨​យប់​។ ចំណែក​នៅ​ថ្ងៃទី​២៤ ខែមីនា​ឆ្នាំ​២០១៩ ដោយ​ក្រុម​តៃវ៉ាន់ ជួប​អូស្ត្រាលី​នៅ​ម៉ោង​៥​ល្ងាច​និង​ក្រុម​កម្ពុជា ប៉ះ​កូរ៉េខាងត្បូង នៅ​ម៉ោង​៨​យប់​។ ចុងក្រោយ​នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ ក្រុម​កូរ៉េខាងត្បូង ជួប​ក្រុម​អូស្ត្រាលី នៅ​ម៉ោង​៥​ល្ងាច​និង​ក្រុម​កម្ពុជា បន្ត​ប៉ះ​តៃវ៉ាន់ នៅ​ម៉ោង​៨​យប់​។

​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ​២៣​ឆ្នាំ​បាន​ប្រមូល​ផ្តុំគ្នា​ចាប់ពី​ថ្ងៃ​ច័ន្ទ សប្ដាហ៍​នេះ​មក​ម្ល៉េះ​ក្រោម​ការដឹកនាំ​ដោយ​លោក Félix Agustín González Dalmás ចាប់ដៃ​ជាមួយ​អ្នកចាត់ការ​ទូទៅ Keisuke Honda ខណៈ​បញ្ជី​ឈ្មោះ​កីឡាករ​២៣​នាក់​ចុងក្រោយ​មានដូចជា ហ៊ុល គឹម​ហ៊ុយ​,​កែវ សុខ​សិលា​,​សា​វែ​ន សំណាង​, ស៊ិន សុផាន​ណាត់​,​អ៊ិន សុដាវី​ដ​,​ស៊ិន កក្កដា​,​កែវ ច័ន្ទ​សុ​ភ័​ក្រ​, អ៊ុក សុវណ្ណ​, ឃៀង ម៉េង​ហ័​រ​, សឿត បារាំង​, យើ មូស្លីម​,​ឆេង ម៉េង​,​យើ សា​ហ្វី​, អន ចាន់​ប៉ូ​លីន​, ប្រាក់ ធី​វ៉ា​, ទៀត គឹម​ហេង​,​ទេស សម្បត្តិ​,​សេត រ៉​ស៊ី​ប​,​លី វ៉ា​ហេ​ទ​, ឈ​ង់ ប៊ុន​ណាត​, ណា​រ៉ុង កក្កដា​, សៀង ច​ន្ធា និង​កាន់ ពិសាល​៕