ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ ម៉ាត់ សា​ក់រវី ចេញទៅ​វះកាត់​ព្យាបាល​របួស​នៅ​ប្រទេស​វៀតណាម

​កីឡាករ ម៉ាត់ សា​ក់រវី ខ្សែប្រយុទ្ធ​របស់​ក្លិប​កីឡាបាល់ទាត់​វិសាខា និង​ជា​សមាជិក​ក្រុម​ជម្រើសជាតិ​យុវជន​ក្រោម​អាយុ​២២​ឆ្នាំ​របស់​កម្ពុជា (U22) កំពុងធ្វើការ​វះកាត់​ជង្គង់​ខាងស្ដាំ នៅ​ម​ន្ទ​រ​ពេទ្យ​មួយកន្លែង ក្នុងប្រទេស​វៀតណាម ក្រោយ​រងរបួស​ដាច់​ស​រ​សៃ អំឡុងពេល​ជួយ​ក្រុម​ជម្រើសជាតិ U22 កម្ពុជា ក្នុង​យុទ្ធ​ការប្រកួត​ពានរង្វាន់ AFF U22 Championship 2019 លើ​ទឹកដី​កម្ពុជា កាលពីពេល​ថ្មីៗ​។

​ថ្នាក់ដឹកនាំ គ្រូបង្វឹក បុគ្គលិក និង​កីឡាករ​ទាំងអស់ នៃ​គ្រួសារ​ក្លិប​កីឡាបាល់ទាត់ វិសាខា បាន​បួងសួង​គុណបុណ្យ​បារមី និង​វត្ថុ​ស័ក្ដិ​សិទ្ធ​ទាំងឡាយ តាម​ថែរក្សា​កីឡាករ ម៉ាត់ សា​ក់រវី ឲ្យ​ទទួលបាន​ជោគជ័យ​ក្នុងការ​វះកាត់​ជង្គង់ ហើយ​ឆាប់​ជាសះស្បើយ ដើម្បី​វិលត្រឡប់​ចូល​ទីលាន រួមចំណែក​ជួយ​ក្លិប និង​ក្រុម​ជម្រើសជាតិ​កម្ពុជា​បន្ដទៀត​។ យ៉ាងណាក្តី​កីឡាករ​រូបនេះ​បាន​អវត្តមាន​មិនអាច​ជួយ​ក្រុម​បាន​នោះទេ​នៅ​ដើមរដូវ​កាល​ឆ្នាំ​២០១៩​នេះ​។

​យោងតាម​វិ​ប​សាយ​ផ្លូវការ​របស់​ក្លិប​កីឡាបាល់ទាត់​វិសាខា សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ( Metfone Cambodian League) បាន​ថ្លែងអំណរគុណ ចំពោះ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក សៅ សុខា ដែល​បាន​យកចិត្តទុកដាក់ សួរសុខទុក្ខ និង​បាន​ចំណាយ​ថវិកា​លើ​ការ​ព្យា​បាល​វះកាត់​ជង្គង់​របស់​កីឡាករ ម៉ាក់ សា​ក់រវី ផងដែរ​។

​គួរ​បញ្ជាក់​ថា ​នេះ​គឺជា​លើក​ទី​២ ហើយ ដែល ម៉ាត់ សា​ក់រវី បាន​ធ្វើ​ការ​វះកាត់​ជង្គង់ គ្រា​ដែល​លើក​ទី​១ បាន​វះកាត់​ជង្គង់​ខាងឆ្វេង កាលពី​ឆ្នាំ​២០១៧ ហើយ​អ្វីៗ​បានជា​សះស្បើយ​ក្រោយ​ព្យាបាល​តាម​ការកំណត់​រួចរាល់​។ ចំពោះ​ការវះកាត់​ជង្គង់​ខាងស្ដាំ​លើក​នេះ នៅ​មិនទាន់មាន​ការ​បញ្ជាក់​ពី​គ្រូពេទ្យ​អំពី​រយៈពេល​ត្រូវ​សម្រាក​នោះ​ទេ ព្រោះ​ក្រុម​វេជ្ជបណ្ឌិត​កំពុងធ្វើការ​វះកាត់​នៅឡើយ៕