ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ ច្រឹង ពលរដ្ឋ អាច​បង្ហាញខ្លួន​នៅ​ជុំ​ទី​២​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ជាមួយ​ក្រសួងការពារជាតិ

​កីឡាករ ច្រឹង ពលរដ្ឋ ខ្សែបម្រើ​កណ្ដាល​ប្រចាំ​ក្រុម​ក្រសួងការពារជាតិ ដែល​ជា​ម្ចាស់​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៧ ត្រូវបាន​ក្លិប​ធំ​ជាង​គេ​នៅ​ប្រទេស​ថៃ​គឺ Buriram United ប្រកាស​ចុះកិច្ចសន្យា​នាំយកទៅ​ចូលរួម​ក្រុម​កាលពីដើម​សីហា ឆ្នាំ​២០១៨ កន្លង​ទៅ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល​២​ឆ្នាំ​។

ប៉ុន្តែ​កីឡាករ ច្រឹង ពលរដ្ឋ បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៨ ផងដែរ ខណៈ​រូបគេ​នៅ​មិនទាន់​ជា​ដាច់​ពីរ​បួស​នៅឡើយ​នោះទេ​។ រំលង​បាន​១​ថ្ងៃក្រោយ​ទៅដល់​ក្លិប Buriram United កីឡាករ​រូបនេះ​បាន​ត្រឡប់មក​កម្ពុជា វិញ​បន្ទាប់ពី​ក្លិប​ឲ្យ​មក​សំរាក​ព្យាបាល​រយៈ​របួស​ឲ្យ​ជាសះស្បើយ​និង​ហ្វឹកហាត់​ដោយ​ខ្លួនឯង រហូតដល់​ជាសះស្បើយ​100%​សិន​។ ក្លិប Buriram United បានប្រកាស​ថា ​ការ​ចុះកិច្ចសន្យា​ជាមួយ ច្រឹង ពលរដ្ឋ គឺ​ដើម្បី​បំពេញ​កៅអី​កូតា​អាស៊ាន​នៅក្នុង​លី​គ​កំពូល​ប្រទេស​ខ្លួន ពោល​គឺ​ក្លិប​នីមួយៗ​អាច​ចុះបញ្ជី​កីឡាករ​បរទេស​បាន​៥​នាក់​ដោយ​ក្នុងនោះ​មាន​កីឡាករ​តំបន់​អាស៊ាន​១​នាក់ តំបន់​អាស៊ី​១​នាក់​និង​៣​នាក់​ផ្សេងទៀត​មិន​កំណត់​ជាតិ​សាសន៍​។ ប៉ុន្តែ​ដោយសារ​បញ្ហា​របួស​រប​ស់​កីឡាករ​កម្ពុជា​នេះ​ធ្វើឱ្យ​ក្រុម Buriram United សម្រេច​ចុះកិច្ចសន្យា​នាំយក​កីឡាករ Lương Xuân Trường​របស់​ប្រទេស​វៀតណាម ក្នុង​កិច្ចសន្យា​១​ឆ្នាំ​ជំនួស​តែម្តង​។

កីឡាករ ច្រឹង ពលរដ្ឋ បាន​លើកឡើងថា​ ចំពោះ​បញ្ហា​របួស​របស់ខ្លួន​គឺជា​សះស្បើយ​ច្រើន ហើយ​នៅ​ខែមេសា ខាងមុខ​រូបគេ​នឹងធ្វើ​ដំណើរ​ទៅ​ពិនិត្យ​ពេទ្យ​នៅក្រៅ​ប្រទេស​បន្តទៀត​ដើម្បី​ប្រាកដ​ពី​ស្ថានភាព​របួស​ខ្លួន ខណៈ​ពេលនេះ​រូបគេ​អាច​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​ចាស់​ក្រសួងការពារជាតិ បណ្តើៗ​ហើយ​ព្រោះ​ក្លិប​បាន​ចុះឈ្មោះ​កីឡាករ ច្រឹង ពលរដ្ឋ ក្នុង​បញ្ជី​រួចរាល់​។ កីឡាករ​រូបនេះ​ជឿជាក់​ថា ​នៅ​ជើង​ទី​២​ក្នុង​លី​គ​កំពូល​កម្ពុជា រូបគេ​អាច​បង្ហាញខ្លួន​ឡើងវិញ​បាន​ហើយ​។

​សូម​បញ្ជាក់​ថា ច្រឹង ពលរដ្ឋ ធ្លាប់​មាន​ពាក្យ​ច​ចាម​អារ៉ាម​ថា​ក្លិប​បាល់ទាត់ Chonburi FC ដែលជា​សមាជិក​នៃ​លី​គ​កំពូល​ប្រទេស​ថៃ តាម​ប្រមាញ់​យកទៅ​ចូលរួម​ក្រុម ក្រោយ​ចប់​ស៊ី​ហ្គេម​ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី តែ​ក្រោយមក​ព័ត៌មាន​នេះ​ក៏​ស្ងប់​ទៅវិញ​។ មុន​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៧ ចាប់ផ្តើម​ក៏មាន​ដំណឹង​មកពី​ប្រទេស​សិង្ហ​បុរី មាន​ក្លិប​តាម​ចាប់អារម្មណ៍​កីឡាករ​រូបនេះ​ដែរ តែ​ក៏​ស្ងប់ស្ងាត់​ជា​បន្តទៀត​។ រូប​ក៏​បរាជ័យ​ក្នុង​ការផ្ទេរ​ទៅកាន់​ក្លិប​ចំណូល​ថ្មី​វិសាខា ផងដែរ និង​ចុងក្រោយ​លេច​ឮថា ​មាន​ក្លិប​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​មក​ទាក់ទង​ដែរ​តែ​មិនមាន​ដំណឹង​បន្ថែម​។

កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​ ធ្លាប់​ជា​សមាជិក​ក្នុង​ក្រុម​យុវជន​ថ្នាល​ប្រចាំ​ក្លិប​ព្រះខ័ន​រាជ (​ព្រះខ័ន​រាជ​ស្វាយរៀង បច្ចុប្បន្ន​) ហើយ​រូបគេ​ត្រូវ​បាន​លោក សំ វ៉ាន់​ដេ​ត ដាក់ឈ្មោះ​ក្នុង​ក្រុម​ឈុត​ធំ​ចាប់ពី​ឆ្នាំ​២០១០ ដល់​២០១៣ ហើយ​ចន្លោះ​ពី​ឆ្នាំ​២០១៣ ដល់​២០១៥ រូបគេ​ចូលរួម​ជាមួយ​ក្រុម​ត្រាយ​អាស៊ី (​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ បច្ចុប្បន្ន​) រហូត​ចាប់ពី​ឆ្នាំ​២០១៥​ដល់​បច្ចុប្បន្ន​រូបគេ​ចូលរួម​ជាមួយ​ក្រុម​ក្រសួង​ការពារជាតិ​។ កីឡាករ​រូបនេះ​ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា តាំងពី U16,U19,U22 និងជម្រើស​ជាតិ​ផង​ដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114