ព័ត៍មានទាន់​ហេតុការណ៏
Search

គឹម វាសនា កៀក​ស្មារ​និង​តា​ញ់ មករា ឡើង​ដណ្តើម​ប្រាក់​លាន​ជាមួយ​កីឡាករ​ជនជាតិ​ថៃ​

ភ្នំពេញ ៖ កីឡាករ​ជើង​ខ្លាំង​គឹម វាសនា អ្នក​ប្រដាល់​នៃ​ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ កៀក​ស្មារ​និង​កីឡាករ​តា​ញ់ មករា អ្នក​ប្រដាល់​នៃ​សមាគមន៍​កីឡាប្រដាល់​ក្រសួងការពារជាតិ ឡើង​ដណ្តើម​ប្រាក់​លាន​ជាមួយ​កីឡាករ​ជនជាតិ​ថៃ ណាត់​តា​ផុន គៀត​អា​វ៉ន និង​យ៉​ត​ភិត ស្រ៊ី​សុវណ្ណ នា​ថ្ងៃ​សៅរ៍​ទី​២៣ ខែមីនា ឆ្នាំ​២០១៩​នេះ​។

រវាង​កីឡាករ​គឹម វាសនា និង​កីឡាករ​ថៃ​ណាត់​តា​ផុន គៀត​អា​វ៉ន ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម អ្នក​ទាំងពីរ​មិនដែល​ធ្លាប់​ជួបគ្នា​ទេ​ នា​ពេល​កន្លងមក​នៅ​សង្វៀន​នេះ កីឡាករ​ថៃ​ម្នាក់នេះ​មិនទាន់​ដឹង​ថា គេ​មាន​កំណត់​ត្រា​ប្រកួត​បែបណា​នោះ​ទេ តែ​កីឡាករ​ថៃ​ភាគច្រើន​គេ​ពូកែ​ខាង​ស្នៀត​ជើង​ទាត់ និង​ជង្គង់ ព្រមទាំង​ស្នៀត​កាច់​ផ្តួល​។ ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ថៃ​ណាត់​តា​ផុន គៀត​អា​វ៉ន រូបនេះ មិន​ប្រាកដ​ថា​អាច​ឈ្នះ គឹម វាសនា បាន​នោះ​ឡើយ ព្រោះថា គឹម វាសនា ពេលនេះ​គេ​រឹងមាំ​ទាំង​កាយសម្បទា ខ្លាំង​ទាំង​ស្នៀត​ប្រដាល់ បន្ទាប់ពី​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​ច្រើន​នាក់​កន្លងមកនេះ​។

​គឹម វាសនា ឥឡូវ​គេ​ជា​ជើង​ខ្លាំង​របស់​កម្ពុជា ក្នុង​ប្រភេទ​ទម្ងន់​៦៧ គីឡូក្រាម​នេះ​។ ក្រោយពេល​ឆ្លងកាត់​ការប្រកួត​ជាមួយ​ថៃ​ជាច្រើនលើក​កន្លងមក​នោះ បាន​ធ្វើ​ឲ្យ​គេ​មានបទពិសោធន៍​ច្រើន​ក្នុង​ការប្រកួត ដោយ​គេ​វាយ​ជាមួយ​ថៃ ដូច​វាយ​ជាមួយ​ខ្មែរ​គ្នាឯង​អីចឹង គឺ​គ្មាន​ញញើត​ខ្លាចរអា​អ្វី​បន្តិច​ឡើយ​។ ការប្រកួត​របស់​គឹម វាសនា កន្លងមក​គេ​មាន​កណ្តាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់ និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀត​ផងដែរ​។ ចាំ​មើល​ការប្រកួត​នេះ គឹម វាសនា និង​ណាត់​តា​ផុន គៀត​អា​វ៉ន​តើន​រណា​ជា​អ្នកឈ្នះ​នោះ​?

ដោយឡែក​កីឡាករ​ស្រករ​ក្រោយ​ធន់ មករា គេ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​យ៉​ត​ភិត ស្រ៊ី​សុវណ្ណ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម អ្នក​ទាំងពីរ​ក៍​មិន​ធ្លាប់​ជួបគ្នា​ដែរ​នា​ពេល​កន្លងមក​។ ធន់ មករា គេ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប ក្នុងចំណោម​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ដែល​អ្នកតាមដាន​កីឡាប្រដាល់​កម្ពុជា​កំពុងតែ​ចាប់អារម្មណ៍​ចំពោះ​ស្នៀតគុន​របស់​កីឡាករ​រូបនេះ ដែល​ឡើង​ប្រកួត​ម្តងៗ​ធ្វើ​ឲ្យ​អ្នកទស្សនា​ជក់ចិត្ត​ជាខ្លាំង​នោះ​។

ធន់ មករា ជា​អ្នក​ប្រដាល់​ដែលមាន​កណ្ដាប់ដៃ និង​កម្លាំង​ជើង​ទាត់​ខ្លាំង តែ​មិនសូវ​សំបូរ​ច្ចេកទេស​និង​ល្បិចកល​ប្រកួត​ប៉ុន្មាន​ឡើយ ក៍​ប៉ុន្តែ​គេ​មាន​កម្លាំង​ស៊ុ​ហ្វ​ខ្លាំង​។ ពីមុន​មករា​គេ​វ៉ៃ​អាង​តែ​លើ​កម្លាំងបាយ​តែប៉ុណ្ណោះ តែមួយ​រយះ​មក​គេ​វាយ​ចេញ​ដោយ​កណ្តាប់ដៃ​ដាល់​ត្រូវ​ចំ​គោលដៅ​បាន​ច្រើន មួយៗ​តែ​ធ្ងន់​ចំណែកឯ​ការពារ​របស់​គេ ក៏បាន​ល្អ​និង​រឹងមាំ​ផងដែរ​។ ចាំមើល​រវាង​ធន់ មករា ជា​អ្នកឈ្នះ​ឫ​កីឡាករ​ថៃ​យ៉​ត​ភិត ស្រ៊ី​សុវណ្ណ​?៕