ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​តេ​ជោ ៖ ខ្ញុំ​គ្មាន​ការចាំបាច់​ត្រូវ​ទិញ​អ្នកណា​ទេ ព្រោះ​មនុស្ស​ទាំងអស់​នោះ​មិនមែនជា​សត្វ​ធាតុ​ឬ​ជាវ​ត្ថុ​សម្រាប់​លក់​ទេ

ពោធិ៍សាត់​ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​អះអាងថា សម្តេច​គ្មាន​ការចាំបាច់​ក្នុងការ​យកលុយ​ទៅ​ទិញ​អ្នកនយោបាយ​ឲ្យ​មកសុំ​សិទ្ធិ​ធ្វើ​នយោបាយ​នោះទេ ព្រោះ​មនុស្ស​ទាំងអស់នោះ​មិនមែនជា​សត្វ​ធាតុ​ឬ​ជាវ​ត្ថុ​សម្រាប់​លក់​ទេ។ សម្តេច​មានប្រសាសន៍ថា អ្នក​ដែល​ចេញ​មក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ យើងខ្ញុំ​ក៏​គោរព អ្នក​ដែល​មិន​សុំ​សិទ្ធិ ក៏​យើង​គោរព​ចំពោះ​សេចក្តី​សម្រេច​របស់​អ្នក។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសា​ស​ន៍​បែបនេះ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ២០១៩ នេះ ក្នុង​ពេល​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី សរុប​ប្រមាណ ១០,៦៨៩ នាក់ មកពី រោងចក្រ សហគ្រាស​ចំនួន ៦ នៅក្នុង​ខេត្តពោធិ៍សាត់។ សម្តេច​តេ​ជោ​មានប្រសាសន៍ថា ព្រឹក​នេះ​ខ្ញុំ​ឃើញ​អាណា​នោះ​វា​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ពី montreal ប្រទេស​អាមេរិក ថា​ពួក​អ្នក​សុំ​សិទ្ធិ​នយោបាយ​ត្រូវបាន​ទិញ​ពី ១០ ទៅ ២០​ម៉ឺន​ដុល្លារ ហើយ​បើ​អ្នកណា​ទាក់ទាញ​មនុស្ស​បាន​ទៀត​នឹង​បាន ២ ទៅ ៣​ម៉ឺន​ដុល្លារ​បន្ថែមទៀត​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា «សុំ​ផ្តាំ​ទៅ​អ្នក​កុំ​ចាត់ទុក​អតីត​សហការី​របស់​អ្នកជា​ទំនិញ​លក់ដូរ​ឲ្យ​សោះ កុំ​មើលស្រាល អ្នក​ដែល​គេ​មិន​នៅ​ជាមួយ​អ្នកឯង ហើយ​គេ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ដើម្បី​សេរីភាព​របស់​គេ បែរជា​ក្លាយទៅជា​ទំនិញ​ដែល ហ៊ុន សែន ត្រូវ​ទិញ។

ហ៊ុន សែន គ្មាន​ការចាំបាច់​ដើម្បី​ទៅ​ទិញ​នរណា​ទេ​ ព្រោះ​មនុស្ស​ទាំងអស់នោះ​មិនមែនជា​សត្វ​ធាតុ​ឬ​ជាវ​ត្ថុ​សម្រាប់​លក់​ទេ​។ យើង​ត្រូវ​ផ្តល់​ការគោរព​ចំពោះ​សេរីភាព​របស់​មនុស្ស​ទាំង​អស់ ទោះបី​មនុស្ស​នោះ​នៅក្នុង​គណបក្សនយោបាយ​ណាក៏ដោយ ។ អ្នក​ដែល​ចេញ​មកសុំ​សិទ្ធិ​ធ្វើ​នយោបាយ​យើងខ្ញុំ​ក៏​គោរព​អ្នក​ដែល​មិន​សុំ​សិទ្ធិ​ក៏​យើងខ្ញុំ​គោរព​ចំពោះ​សេចក្តីសម្រេច​របស់​អ្នក​ហេតុអ្វី​ក៏​អ្នកមើល​ងាយ​ដល់​អ្នក​ដែល​ធ្លាប់​ធ្វើការ​ជាមួយ​អ្នក​ទៅជា​ទំនិញ លក់ដូរ​ទៅវិញ​»​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​ផងដែរ​ថា យើង​ផ្ដល់នូវ​តម្លៃ​នៃ​ការគោរព​ចំពោះ​អ្នក​ទាំងអស់ ។ មនុស្ស​មួយចំនួន​បាន​ចេញពី​គណបក្ស​ប្រជាជន​ទៅកាន់​គណបក្ស​ថ្មី គណបក្ស​ប្រជាជន​មិនដែល​ទៅ​ជេរ​គេ​នោះទេ យើង​តែង​ផ្ដល់​សិទ្ធិ​ឲ្យ​គេ ។ ប៉ុន្តែ​គួរ​ឲ្យ​អាសូរ​ណាស់​ចាប់ពី​ឆ្នាំ​២០០៨ យើង​បាន​សង្កេតឃើញថា ពេលនោះ​អតីត​តំណាងរាស្ត្រ​មួយចំនួន​ចេញពី​គណបក្ស​ផ្សេង​មកកាន់​គណបក្ស​ប្រជាជន គេ​បាន​ចាត់ទុកថា​ជា​សាច់​ស្អុយ សាច់រ​លូ​យ ត្រូវ​កាត់ចេញ ។ ឥឡូវ​គេ​នៅតែ​បន្ត​ចាត់ទុក​សហការី​របស់​គេ​ជា​សាច់​ស្អុយ សាច់​រលួយ ត្រូវបាន​គេ​ទិញ ត្រូវបាន​គេ​ដូរ ។

ដូចនេះ សូម​ឲ្យ​អ្នក​ទាំងអស់គ្នា ជនបរទេស​ទាំងឡាយ​វិនិច្ឆ័យ​ឲ្យ​បាន​ពិត​ប្រាកដថា តើ​អ្នក​កាន់​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​ទប់​សិទ្ធិ​ឲ្យ​គេ​ទេ ហើយ​ត្រូវ​ចោទប្រកាន់​គេ គេ​នៅ​ជាមួយ​ខ្លួន​តែ​ស្នេហា​ជាតិ ដល់​ចេញពី​ខ្លួន ថា​គេ​ក្បត់ជាតិ ។ ប៉ុន្តែ​អា​អ្នក​ជេរ​ថា​យើង​ក្បត់ជាតិ​ត្រូវបាន​យើង​ប្រើ​ក្បាល​វា ខ្ញុំ​បាន​ប្រើ​ក្បាល​វា​ជួយ​កែប្រែ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៦ ពីមុន​ប្រព័ន្ធ ២​ភាគ​៣ តែ​ក្រោយ​មកជា​ប្រព័ន្ធ ៥០​បូក ១… ។ វា​ជេរ​យើង​ថា អាយ៉ង បើ​យើង​អាយ៉ង​ដូច្នេះ វា​ជា​អាយ៉ង​របស់​អាយ៉ង។

សម្តេច​ថ្លែង​ទៀត​ថា “​នៅ​ស្រុក​ខ្មែរ គ្មាន​អ្នកនយោបាយ​ណាមួយ ដែល​មិន​សហការ​ជាមួយ ហ៊ុន សែន ទេ តែបើ​អ្នកឯង​និយាយ​របៀប​ហ្នឹង ខ្ញុំ​និយាយ​ថា អ្នកឯង​ធ្លាប់​បម្រើ​ខ្ញុំ ហើយ​ជួយ​ខ្ញុំ​ឲ្យ​ដោះស្រាយ​បាន​សភាពការណ៍ ដោយ​មិន​មាន​ការជាប់គាំង​ណាមួយ ក្រោយ​ការបោះឆ្នោត ខ្ញុំ​អរគុណ​អ្នកឯង តែ​សុំ​បញ្ជាក់​ថា នោះ​គឺ​ខ្ញុំ​បាន​ប្រើ​ក្បាល​អ្នកឯង ក្នុងពេលដែល​អ្នកឯង​បាន​ជេរ​ខ្ញុំ​ថា អាយ៉ង​”​។

សម្រាប់​ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​នោះ សម្តេច​នៅតែ​ជួយ​បង្ក​លក្ខណៈ​ដើម្បី​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ សុំ​នីតិសម្បទា​នយោបាយ​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី ដែល​ច្បាប់​បាន​ប្រគល់​ការងារ​ឲ្យ​។ ប៉ុន្តែ​សម្តេច​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា បើសិនជា​មិន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​នោះ ក្រុម​ប្រឆាំងនឹង​បាត់បង់​ឱកាស ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ នៅ​ខែឧសភា ឆ្នាំ​២០២២​។

សម្តេច​តេ​ជោ​បាន​បន្ត​ថា “​ពិតមែន​ហើយ នៅពេល​ខាងមុខ ខ្ញុំ​នឹង​ពិនិត្យថា នរណា​គួរ​បាន នរណា​គួរ​មិនបាន​ផង​ដែរ ព្រោះ​ខ្ញុំ​បាន​និយាយ​ហើយ​ថា មក​ឬ​មិន​មក មិនមែន​មុខ​ដូច​ម៉ែ​ខ្ញុំ​ទេ ប៉ុន្តែ​គ្រាន់តែ​ដឹងថា ឆ្នាំ​២០២២ អ្នក​មិនបាន​ចូលរួម​បោះឆ្នោត​ឃុំ ដែល​នឹង​គ្រោង​បោះ​នៅ​ខែឧសភា ឆ្នាំ​២០២២ ឯ​អ្នកនឹង​ទទួលបាន​សិទ្ធិ នៅ​ខែវិច្ឆិកា ឆ្នាំ​២០២២ ឯនោះ ដូច្នេះ​អ្នក​នឹង​បាត់បង់​ឱកាស​”​។

ការលើកឡើង​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​បន្ទាប់ពី លោក សម រង្ស៊ី និង​បក្ខពួក​បាន​វាយប្រហារ​ប្រមាថមើលងាយ​ជា​បន្តបន្ទាប់​ទៅលើ​អតីត​ថ្នាក់ដឹកនាំ​មួយចំនួន​ក្នុងចំណោម​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​បម្រាម​នយោបាយ ១១៨ រូប ហើយ​បាន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ដោយ​ចាត់ទុកថា ជាការ​លក់​ឧ​ត្ត​ម​គតិ ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ជាដើម​។​
​គួរ​បញ្ជាក់ថា ក្រុម​អតីត​មេដឹកនាំ​បក្សប្រឆាំង​បាន​បង្ហោះ Facebook ចោទប្រកាន់​អ្នក​ដែល​ទៅសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ថា ទទួលបាន​ថវិកា​ប្រមាណ ១០ ទៅ ២០​ម៉ឺន​ដុល្លារ ហើយ​បើ​អ្នកនោះ​ទាក់ទាញ​មនុស្ស​ទៅសុំ​សិទ្ធិ​បាន​ទៀត​នឹង​ទទួលបាន ២ ទៅ​៣​ម៉ឺន​ដុល្លារ​ថែមទៀត​។

គិត​រហូតមកដល់ ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩​នេះ មាន​អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ ជាតិ​ចំនួន ៩ រូប​ហើយ​ក្នុងចំណោម​មនុស្ស​១១៨ រូប ដែល​ជាប់​បម្រាម​នយោបាយ​ត្រូវបាន​ព្រះមហាក្សត្រ និង​ប្រមុខរដ្ឋស្តីទី​ផ្តល់​នីតិសម្បទា​នយោបាយ​ឡើងវិញ​ជា​បន្តបន្ទាប់​ក្រោយពេល​ពួកគេ​បានដាក់​លិខិត​ស្នើសុំ​ទៅកាន់​ក្រសួងមហាផ្ទៃ​។​

អតីត​ថ្នាក់ដឹកនាំ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នោះ រួមមាន​៖ ទី​១-​លោក គង់ គាំ ,​ទី​២-​លោក គង់ បូរ៉ា ,​ទី​៣- លោក ស៊ីម សុវណ្ណនី ,​ទី​៤-​លោក រៀល ខេមរិន្ទ , ទី​៥-​លោក អ៊ូ ច័ន្ទ​រ័ត្ន​, ទី​៦-​លោកស្រី ទេព សុ​ទ្ធី​,​ទី​៧-​លោក កង គឹម​ហាក់ ,​ទី​៨-​លោក ជីវ កត្តា និង​ទី​៩-​លោក ច័ន្ទ សិលា ដែលជា​អតីត​ថ្នាក់ដឹកនាំ​នៃ អតីត​គណបក្ស​សង្គ្រោះ​ជាតិ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114