ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ទោះ​មាន EBA ក៏​មិន​អាចធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​អ្នកមាន​បានដែរ

ពោធិ៍សាត់​ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែងថា EBA (​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់យ៉ាង​លើកលែងតែ​សព្វាវុធ​)​មិនអាច​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​អ្នកមាន​នោះឡើយ គឺ​មានតែ​ការប្រឹងប្រែង​ដោយ​ខ្លួនឯង​ទេ​ទើប​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយជា​អ្នក​មានបាន។ សម្តេច​តេ​ជោ​បាន​បន្តថា នៅ​ថ្ងៃ​២៩ ខែមីនា ខាងមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ប្រកាស​ជា​កញ្ចប់​អំពី​កំណែទម្រង់​ស៊ីជម្រៅ​របស់​កម្ពុជា​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​សេដ្ឋកិច្ច​ដោយ​មិនមែន​គ្រាន់តែ​ជា​បញ្ហា​គេ​ឲ្យ EBA ឬ មិន​ឲ្យ EBA នោះទេ តែ​វា​ជា​បញ្ហា​អនាគត​ប្រទេសជាតិ​រយៈពេល​វែង​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បែបនេះ​នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩​ក្នុងឱកាស​ដែល​សម្តេច​បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប​ប្រមាណ ១០,៦៨៩​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​៦ នៅក្នុង​ខេត្តពោធិ៍សាត់ នា​ភូមិ​វាលវង់ ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា «​ផលប៉ះពាល់​ដែល​មកពី​ខាងក្រៅ​ក្នុង​ចំណែក​ណាមួយ​វា​មិនបាន​សម្លាប់​យើង​ទេ តែ​បើសិនជា​គេ​ឲ្យ​ភាពអនុគ្រោះ​ពន្ធ (EBA) មក​យើងៗ​ក៏​ទទួល ក៏ប៉ុន្តែ​ត្រូវ​ចងចាំ​ថា​ភាពអនុគ្រោះ​ពន្ធ (EBA) មិនអាច​ឲ្យ​ក្លាយជា​អ្នកមាន​បានដែរ ធ្វើ​អ្នក​មានបាន​ទាល់តែ​យើង​ប្រឹង​ខ្លួនឯង​ឲ្យ​ក្លាយទៅជា​អ្នកមាន​»​។

គួរ​ជម្រាបជូន​ថា គណៈកម្មការ​អឺរ៉ុប​បានប្រកាស​ដំណើរ​នីតិវិធី​ព្យួរ​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី EBA ចាប់ពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​។ កម្ពុ​ជាមាន​រយៈពេល​៦​ខែ​ក្នុង​ការតវ៉ា និង​ចរចា​ជាមួយ​គណៈកម្មការ​អឺរ៉ុប​ដើម្បី​រក្សា​នូវ EBA នេះ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា ការ​ពឹងពាក់​អ្នកដទៃ​បានធ្វើ​ឲ្យ​ឯករាជ្យ​ភាព​របស់​កម្ពុ​ជាមាន​កម្រិត ពោលគឺ​ធ្វើ​ឲ្យ​កម្ពុជា​មិន​ហ៊ាន​និយាយ​តវ៉ា​អ្វី​ជាមួយ​ម្ចាស់ជំនួយ​ឡើយ ដោយសារ​ខ្លាច​គេ​កាត់​ជំនួយ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្តថា «​យើង​ពិនិត្យមើល​នៅពេល​សេដ្ឋកិច្ច​គ្រួសារ​របស់​យើង​នៅ​ទទួល​ការពឹង​ពាក់​ពី​អ្នក​ក្រៅ ភាព​ឯករាជ្យ​របស់​យើង​មាន​កម្រិត យើង​មិន​ហ៊ាន​និយាយ​ជាមួយ​អ្នក​ដែល​ផ្តល់ជំនួយ​ឲ្យ​មក​យើង​ទេ ខ្លាច​គេ​កាត់​ជំនួយ ប៉ុន្តែ​នៅពេលដែល​យើង​មាន​ឯករាជ្យ មានបាន​ហូប​គ្រប់គ្រាន់ មិន​ពឹងពាក់​ទៅលើ​អ្នក​ដែល​ធ្លាប់​ផ្តល់​ឲ្យ​យើង យើង​អាចមាន​សំឡេង​ស្មើភាព​ស្មើ​សិទ្ធិ​ជាមួយ​គេ មិនមែន​ទទួល​គេ ប៉ុន្តែ​មាន​សំឡេង​ដែល​គ្រួសារ​នីមួយៗ​ត្រូវការ ហើយ​ប្រទេស​នីមួយៗ​ក៏​កាន់តែ​ត្រូវការ ក្នុងឋានៈ​ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យ​»​។

ជាមួយនេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ឲ្យ​ដឹងថា នៅពេល​ខាងមុខ​រាជរដ្ឋាភិបាល​និង​ពិនិត្យ​ជា​កញ្ចប់ បញ្ហា​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​សេដ្ឋកិច្ច​និយាយ​ជារួម មិនមែន​គ្រាន់តែ​បញ្ហា​គេ​ឲ្យ​អនុគ្រោះ ឬ​មិន​អនុគ្រោះ​នោះទេ វា​ជា​បញ្ហា​អនាគត​ប្រទេសជាតិ​រយៈពេល​វែង ដែល​យើង​ត្រូវធ្វើ​កំណែទម្រង់​រាប់ទាំង​ប្រព័ន្ធ​ផ្លូវដែក​ដែល​ថ្ងៃទី​២៩​នេះ ខ្ញុំ​នឹង​ចាត់ការ​លើ​បញ្ហា​ផ្លូវដែក​របៀប​ម៉េច ព្រោះ​ឥឡូវ អា​ទៅមុខ​ក៏​វា​មិន​ទៅ អា​ថយក្រោយ​ក៏​វា​មិន​មក​។

សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​ទៀតថា សម្ដេច​នឹង​យក​ដំណោះស្រាយ​ជាក់លាក់​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ព្រោះថា បើសិន​ជាមាន​ការដឹក​ជញ្ជូន​ទាំង​តាមផ្លូវ​គោក និង​ផ្លូវទឹក​កាន់តែច្រើន នឹងធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​កាន់តែច្រើន​ខាង​ផ្នែក​សេដ្ឋកិច្ច​។ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​មន្ដ្រី​ស្គេ​ន​តែ​កុងតឺន័រ​ណា​ដែល​វា​មានការ​សង្ស័យថា​បង្កប់​គ្រឿងញៀន​ឬក៏​អ្វី​ដែលជា​សារធាតុ​សង្ស័យ​បាន​ហើយ បើសិនជា​កុងតឺន័រ​នោះ​មិនមាន​ការសង្ស័យ​ទេ មិនចាំបាច់​ស្គេ​ន​នោះទេ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​នៅ​កន្លែង​ស្គេ​ន​។ ជាងនេះទៀត​ចេញពី​ក្រៅប្រទេស ប្រទេស​ណា​ដែល​ឲ្យ​ស្គេ​ន​ចាំ​យើង​ស្គេ​ន ប្រទេស​ណា​មិន​ឲ្យ​ស្គេ​ន​មិនចាំបាច់​ស្គេ​ន​នោះទេ វា​មិនមែន​បាន​លុយ​ពី​ស្គេ​ន​នោះទេ​…​ចំណេញ​សេដ្ឋកិច្ច កុំ​ភ័យ​អា​រឿង​ស្គេ​ន យើង​រំលាយ​កាំសាប​មួយ​ចោល​ហើយ យើង​ខ្លាច​អី ។ ការដក​កាំកុងត្រូល​ជា​កំណែទម្រង់ ដូច្នេះ​អ្នក​ដែល​ធ្លាប់​បង់ប្រាក់​ឲ្យ​កាំកុងត្រូល ទាំង​លើ​តុ និង​ក្រោម​តុ អត់​មាន​ត្រូវ​បង់​ទៀត​ទេ​។

សម្ដេច​តេ​ជោ បាន​ថ្លែងថា យើង​ត្រូវមាន​វិធានការ​ជាក់លាក់​ទើប​ច្បាស់​ថា សេដ្ឋកិច្ច​ខ្មែរ​ទោះបីជា​អ្នកណា​ចង់​ឲ្យ​អី មិន​ឲ្យ​អី បើ​គេ​ឲ្យ​យើង​ក៏​អរគុណ​បើ​គេ​មិន​ឲ្យ​ទេ​ក៏​យើង​អត់​ងាប់ ព្រោះ អា​គេ​ឲ្យ​វា​អត់​មាន​កើត​នោះទេ ទាល់តែ​យើង​ប្រឹង​ដោយ​ខ្លួនឯងបាន​ទៅជា​អ្នកមាន​។

គួរ​បញ្ជាក់​ជូន​ដែរ​ថា ប្រសិនបើ​គណៈកម្មការ​អឺរ៉ុប​មិន​ទទួលយក​ការ​បកស្រាយ​របស់​កម្ពុ​ជា ហើយ​ចុងក្រោយ​សភាព​អឺរ៉ុប​សម្រេច​ព្យួរ EBA ពី​កម្ពុជា​មែន​នោះ ការ​ព្យួរ EBA នេះ នឹង​ចូល​ជា​ធរមាន​ក្នុង​រយៈពេល ១៨​ខែ គិត​ចាប់ពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​តទៅ ។ ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ EBA មែន​នោះ កម្ពុជា​នឹងត្រូវ​បាត់បង់​ប្រាក់​ពី​ការ​អនុគ្រោះ​ពន្ធ​នេះ​ជិត ៧០០​លាន​ដុល្លារ​សម្រាប់​ការនាំចេញ​ទំនិញ​ទៅ​អឺរ៉ុប​។ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅកាន់​សហគមន៍​អឺរ៉ុប​ក្នុង​រង្វង់​ជាង ៦​ពាន់​លាន​ដុល្លា​ក្នុង ១​ឆ្នាំ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114