ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ត្រី​បញ្ជា​ឲ្យ​លោក កែវ រតនៈ ចេញទៅ​តួ​ក​គី​ដើម្បី​នាំ​នាវា​អគ្គិសនី​អនុភាព ២០០​មេ​ហ្គា​វ៉ា​ត់​មក​កម្ពុជា

ពោធិ៍សាត់​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជា​ឲ្យ​លោក កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅថ្ងៃនេះ​ឆ្ពោះទៅកាន់​ប្រទេស​តួ​ក​គី​ដើម្បី​ចរចា​នាំយក​នូវ​នាវា​ផ្ទុក​ថាមពល​អគ្គិសនី​អនុភាព ២០០​មេ​ហ្កា​វ៉ា​ត់​មកកាន់​កម្ពុជា​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសា​ស​ន៏​បែបនេះ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩ ក្នុងពេល​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី សរុប​ប្រមាណ ១០,៦៨៩ នាក់​មកពី​រោងចក្រ សហគ្រាស​ចំនួន​៦ នៅក្នុង​ខេត្តពោធិ៍សាត់។

​សម្តេច​តេ​ជោ​បាន​ថ្លែង​ទៀតថា ការនាំយក​នាវា​ផ្ទុក​ថាមពល​អគ្គិសនី​ពី​ប្រទេស​តួ​ក​គី​មក​កម្ពុជា​នេះ គឺជា​ដំណោះស្រាយ​បន្ទាប់​មួយ​សម្រាប់​នាំយក​អគ្គិសនី​មក​ផ្គត់ផ្គង់​ក្នុង​ទីក្រុង​ទម្រាំ​កម្ពុ​ជាមាន​រោងចក្រ​ផលិត​អគ្គីសនី​ថ្មី​ថែមទៀត​ទើប​ដក​នាវា​ត្រឡប់​ទៅ​តួ​ក​គី​វិញ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា «​បញ្ហា​អគ្គិសនី យើង​ក៏​កំពុង​អំពាវនាវ​ឲ្យ​បញ្ចេញ​ម៉ាស៊ីនភ្លើង​ទាំងអស់​មក​ប្រើប្រាស់​ព្រោះ​យើង​មាន​កង្វះ ។ …​ប្រហែលជា លោក​កែវ រតនៈ នឹង​ហោះ​ទៅ​តួ​ក​គី​ភ្លាម​ដើម្បី​នាំ​កប៉ាល់​មួយ​ដែល​ផ្ទុក​នូវ​ម៉ាស៊ីនភ្លើង​ប្រមាណ ២០០ មេ​ហ្គា​វ៉ា​ត់​ចូលមក​ទីក្រុង​ភ្នំពេញ បើសិនជា​ត្រូវ​ថ្លៃ​គ្នា​ចូល​មក​ទីក្រុង​ភ្នំពេញ​ផ្គត់ផ្គង់​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ដើម្បី​យើង​រង់ចាំ​ថាមពល​បន្ថែម​»​។ ជា​មួយ​គ្នា​នេះ សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​បញ្ជាក់​ថា ទោះបី​កម្ពុជា​នាំយក​នាវា​ផលិត​អគ្គីសនី​ពី​ប្រទេស​តួ​ក​គី​ក្នុង​ថ្លៃ​បន្តិច​មែន​ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ទទួលផល​ប៉ះពាល់​ដោយសារ​ថ្លៃ​ភ្លើង​ទេ​។ ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់ជូន​ដល់​បងប្អូន​ជនរួមជាតិ​ទូទាំងប្រទេស​ថា កម្ពុជា​ប្រឈម​នូវ​កង្វះខាត​អគ្គិសនី​ប្រើប្រាស់​ដោយសារ​តម្រូវកា​រ​កាន់តែ​ខ្ពស់​ដូចជា​នៅ​ទីក្រុង​ភ្នំពេញ​, សៀមរាប និង​ក្រុងព្រះសីហនុ​ជាដើម​ដែល​ពីមុន​ប្រើប្រាស់​តែ​ជាង ២០​មេ​ហ្កា​វ៉ា​ត់ ប៉ុន្តែ​ពេលនេះ​គឺ​ត្រូវការ​ភ្លើង​ជាង ១០០​មេ​ហ្កា​វ៉ា​ត់​។ ជាក់ស្តែង​វិស័យ​សំណង់​គឺ​បាន​កើនឡើង​ជាង ៧០០% បើ​ប្រៀបធៀប​ក្នុង​ខែមករា​និង​កុម្ភៈ​ឆ្នាំទៅ​។​ចំណុច​នេះហើយ ដែល​កម្ពុ​ជាមាន​ការប្រើ​ប្រាស់​អគ្គិសនី​កាន់តែច្រើន​ដែល​ខុសពី​ការព្យាករណ៍​របស់​រាជ​រដ្ឋាភិបាល​កាលពីមុន​។​

សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា បើទោះបី​ការទិញ​របស់​តួ​ក​គី​ថ្លៃ​តែ​ប្រជាពលរដ្ឋ​មិន​ទទួលរង​ផលប៉ះពាល់​ដោយសារ​ថ្លៃ​ភ្លើង​ទេ។ សម្តេច​បាន​បញ្ជាក់ថា ទាំង​ផលិតកម្ម​និង​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​មិនត្រូវ​បានទទួល​ផលប៉ះពាល់​ទេ ។ កប៉ាល់​តួ​ក​គី​គេ​លក់​ឲ្យ​យើង​គឺ​គម្រោង​លក់​ថ្លៃ ១៤​សេន​ក្នុ្ង​ង​១​គីឡូវ៉ាត់ម៉ោង យើង​ធម្មតា ១២​សេន ប៉ុន្តែ​បើ​យើង​ទិញ​ពី​រោងចក្រ​វា​រី​អគ្គិសនី​របស់​យើង ១០​សេន អញ្ចឹង​គិត​ជា​មធ្យម​ថា ១១​សេន​ចុះ , តែ​ទោះបី ១៤​សេន​តែ​យើង​យកមក​ច្នៃ​វា យើង​សុខចិត្ត​បំពេញ​ខាត​បន្តិច​សម្រាប់​រដ្ឋ​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​មិនត្រូវ​ទទួល​ការបង់ថ្លៃ​បន្ថែម​ទេ សូម​ក្មួយ​ក្មួយ​ជា​កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស​កុំ​កង្វល់​អំពី​បញ្ហា​ការឡើង​ថ្លៃ​ភ្លើង​,​មានតែ​ចុះ​យើង​បានប្រកាស​ថ្លៃ​អគ្គីសនី​២០១៩- ២០២០ ហើយក៏​ប៉ុន្តែ​ដើម្បី​ការប្រកួតប្រជែង​យើង​សិក្សា​ថ្លៃ​អគ្គិសនី​ឆ្នាំ​២០២០ ថែមទៀត​ដើម្បី​យើង​អាច​ចុះថ្លៃ​អគ្គិសនី​បាន​ទៀត​ដើម្បី​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​មានការ​ប្រកួតប្រជែង​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល សហការ​ជាមួយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ជ្រើស​រើសយក​រោងចក្រ​ផលិត​អគ្គិសនី​ដែលមាន​លក្ខណៈ​បច្ចេកវិទ្យា​ទំនើប ដូចជា​រោងចក្រ​ដែល​ប្រើប្រាស់​ហ្គាស (Gas) ដែល​ប្រសើរ​ជាង​ធ្យូងថ្ម ព្រោះ​យូរ​ទៅ​វា​មានតម្លៃ​កាន់តែ​ខ្ពស់ ដែល​បង្ក​ការលំបាក​។ ដូច្នេះ​កម្ពុជា​ត្រូវការ​រោងចក្រ​ផលិត​អគ្គិសនី​បែប​ទំនើប សម្រាប់​កម្ពុជា​នាពេល​អនាគត​៕