ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ដាស់តឿន ដល់​របស់​ដែល​ហៅថា គណៈកម្មការ​ចំពោះ​កិច្ច​ឲ្យ​បញ្ឈប់​សកម្មភាព​ភ្លាម​បើ​មិន​ចង់​ប្រឈម​នឹង​វិធានការ

ពោធិ៍សាត់ ​៖ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ឲ្យ​កម្លាំង​សមត្ថកិច្ច​នៅតាម​មូលដ្ឋាន​ធ្វើការ​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា​ចំពោះ​ជន​ណា​ដែល​មានបំណង​ធ្វើការ​ប្រមូល​កម្លាំង​ក្រោមរូបភាព​គណៈកម្មការ​ចំពោះ​កិច្ច​ដែល​មេដឹកនាំ​ប្រឆាំង​បាន​បង្កើត​ពី​ក្រៅប្រទេស​មក​ឲ្យ​ដើរ​ប្រមូល​កម្លាំង​នៅតាម​ភូមិ​ឃុំ​។ ដោយ​សម្តេច​បាន​បញ្ជា​ថា «​ឃើញ​មួយ វាយ​មួយ​ទៅ​» សម្តេច​បាន​ចាត់ទុកថា នេះ​ជា​អំពើ​ខុសច្បាប់។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បែបនេះ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩ នេះ ក្នុងពេល​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី សរុប​ប្រមាណ ១០,៦៨៩ នាក់ មកពី រោងចក្រ សហគ្រាស​ចំនួន​៦ នៅក្នុង​ខេត្តពោធិ៍សាត់ ។

សម្តេច​បានទទួល​ព័ត៌មាន​ថា អតីតមន្ត្រី​គណបក្សប្រឆាំង​កំពុង​ដើរ​រៀបចំ​កម្លាំង​នៅតាម​មូលដ្ឋាន ក្រោម​តួនាទី​ជា​គណៈកម្មការ​ចំពោះ​កិច្ច ដែល​មេដឹកនាំ​របស់​ពួកគេ​បាន​បង្កើត​ពី​ក្រៅប្រទេស​មក​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាស់តឿន​អតីតមន្ត្រី​គណបក្សប្រឆាំង​ទាំងនោះ​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​ភ្លាម​បើ​មិន​ចង់​ប្រឈម​នឹង​វិធានការ​។

គួរ​បញ្ជាក់ថា អតីត​គណបក្សប្រឆាំង​បាន​បង្កើត​គណកម្មការ​ចំពោះ​កិច្ច​ដើម្បី​រៀបចំ​ផែនការ​នៃ​ការវិលត្រឡប់​របស់លោក សម រង្ស៊ី មក​កម្ពុជា​វិញ​។​គណៈកម្មការ​ចំពោះ​កិច្ច​នេះ​ដើរ​អំពាវនាវ​អ្នកគាំទ្រ​នៅក្រៅ ប្រទេស​ឲ្យ​ចូលរួម​អមដំណើរ​មក​ជាមួយ​លោក សម រង្ស៊ី ហើយ​ក៏បាន​បង្គាប់​មក​មន្ត្រី​របស់ខ្លួន​នៅក្នុង​ប្រទេស​ឲ្យ​ត្រៀមកម្លាំង​ចាំ​ទទួល​លោក សម រង្ស៊ី ផងដែរ​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​តាមដាន​នូវ​សកម្មភាព​ក្រុមប្រឆាំង​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ករណីនេះ​នៅក្នុង​ប្រទេស​។ សម្តេច​ក៏បាន​រកឃើញ​នូវ​ជន ២ ទៅ​៣​នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព​ក្រោមរូបភាព​គណៈកម្មការ​ចំពោះ​កិច្ច ។ ដោយ​សម្តេច​បានលើកឡើង​ឲ្យ​ដឹងថា នៅ​ពោធិ៍សាត់ វាលវែង អាហ្នឹង​ជើង​ខ្លាំង ចាំ​អញ​រុញ​ព័ត៌មាន​មួយចំនួន​ទៅឱ្យ គួបផ្សំ​អា​មួយ​អ្នក​ភ្នំពេញ កំពង់ចាម តែ​អ្នក​ភ្នំពេញ​គឺ​ប្រុង​រត់​ធ្លាក់​អន្លង់វែង ប៉ុន្តែ ២​ថ្ងៃនេះ មក​នៅ​កៀនស្វាយ វិញ​ហើយ ឮ​ប៉ុណ្ណឹង​រត់​ទៀត​បើ​មិន​ស្រួល នេះ​គឺ​កម្លាំង​ស្រួច​»​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​ដាស់តឿន​ចំពោះ​អ្នក​ទាំងអស់នោះ​ថា​ «​កុំ​ណា ! កុំ​ឲ្យ​សោះ​អា​រឿង​គណៈកម្មការ​ចំពោះ​កិច្ច ១​ឃុំ ប៉ុន្មាន​នាក់ៗ វ៉ៃខ្នោះ​ជាប់​រហូត ហើយ​តិច​ថា ខ្ញុំ​ខ្លាច​គេ​មក​ពិនិត្យ EBA ម៉េច លោក ហ៊ុន សែន និយាយ​អញ្ចឹង​ទេ ! អា​រឿង​ខុសច្បាប់ អត់​មាន EBA ឬ​មិន EBA នោះទេ តែ​ខុសច្បាប់​ហើយ គឺ​ដាក់​ហើយ កុំ​ខ្វល់​ពេក​»​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តទៀតថា​៖ «​រៀបចំ​កម្លាំង​ស្អី អ្នកឯង​រៀបចំ​កម្លាំង​ធ្វើ​ភេរវកម្ម​ឬ​? ត្រៀមប្រយុទ្ធ​ឬ​? ប្រាប់​ឱ្យ​ហើយ ផ្ញើ​សារ​ឱ្យ​ទូទាំងប្រទេស បញ្ឈប់​ទៅ​សកម្មភាព​គណៈកម្មការ​ចំពោះ​កិច្ច ទាំង​នៅ​ភ្នំពេញ នៅ​វាលវែង ខេត្ត​ណាៗ និយាយ​ឱ្យ​ត្រង់​ថា ឃើញ​មួយ​វ៉ៃ​មួយ​ទៅ ចេញ​បញ្ជា​អញ្ចឹង​បើ​អ្នកឯង​គ្មាន​សិទ្ធិ​ធ្វើ​នយោបាយ​អ្នកឯង​គ្មាន​សិទ្ធិ​ទៅ​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ »។

ជាមួយគ្នានេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​អំពី​ការបន្ត​អាណត្តិ​ទៅមុខទៀត​មិនមែន​ត្រឹម​១០ ឆ្នាំ​នោះទេ ប្រសិនបើ​ពួក​អា​ចង្រៃ​ដែលមាន​បំណង​បំផ្លាញ​សុខសន្តិភាព​នៅ​កម្ពុជា​នៅតែមាន​នោះ សម្តេច​នឹង​បន្ត​រហូត​លែងមាន​ពួក​នោះ​វា​ងាប់​អស់ ។​
​សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា «​ឥឡូវនេះ​មិន​ប្រាកដថា ពូ​ចូលនិវត្តន៍​នៅ​ឆ្នាំ​២០២៨​នោះទេ ពូ​នឹង​ធ្វើ​ទាល់តែ​ពួក​អា​ងាប់​អស់ហ្នឹង​វា​ងាប់​អស់ ព្រោះ​នៅលើ​ពិភពលោក​នេះ​គ្មាន​រដ្ឋធម្មនុញ្ញ​កំណត់​អំពី​តំណែង​នាយករដ្ឋមន្ដ្រី ត្រូវធ្វើ​ប៉ុន្មាន​ឆ្នាំ​ឈប់​នោះទេ […] បើ​ពួក​អា​មេ​ចង្រៃ​អស់ហ្នឹង​មិនទាន់​ងាប់​អស់​ទេ បើ​នៅតែមាន​ពិសពុល ពូ​នៅតែ​បន្ដធ្វើ​នាយករដ្ឋមន្ដ្រី ព្រោះ​លទ្ធភាព​ពូ​អាច​បង្ក្រាប​ពួកវា​បាន​»​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា មិនទាន់មាន​គណបក្ស​នយោបាយ​ណា​អាច​គ្រប់គ្រង​ស្ថានការណ៍​នៅ​កម្ពុជា​បាន​នៅឡើយ​នោះទេ ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា​។ ជាក់ស្ដែង​ប្រជាពលរដ្ឋ​បានដឹង​គ្រប់គ្នា​ថា កាលពី​អតីតកាល​គ្មាន​អ្នកណា​សាហាវព្រៃផ្សៃ​ជាង ប៉ុល ពត នោះទេ ប៉ុន្ដែ​ពួក​នោះ​នៅតែ​រត់​មិន​រួច​ពី​កណ្ដាប់ដៃ​ដែក​របស់​តេ​ជោ​សែន ពោល​សម្ដេច​បង្ក្រាប​ទាល់តែ​បាន ទប់ស្កាត់​ទាល់តែ​បាន​ជាមួយ​នយោបាយ ឈ្នះ ឈ្នះ ។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​បាន​បន្តថា បច្ចុប្បន្ននេះ​ប្រទេស​កម្ពុជា​ពោរពេញ​ទៅដោយ​សន្ដិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​គិតដល់​តម្លៃ​សន្ដិភាព​ជាមុន បើ​អ្នក​ណាមួយ​ចង់​បំផ្លាញ​សន្ដិភាព ទោះ​ដោយ​តម្លៃ​ណាក៏ដោយ​ប្រជាជន​កម្ពុជា​ត្រូវ​ងើបឈរ​ឡើង​ដើម្បី​ប្រឆាំង​ពួក​អាសិរពិស​បំផ្លាញ​សន្ដិភាព​របស់​ប្រទេស​។

សម្តេច​ក៏បាន​បង្ហាញ​ផងដែរ​អំពី​នយោបាយ​ពិសពុល​របស់​គណបក្ស​ប្រឆាំង ដែល​បាន​ប្រកាន់យក​គឺ នយោបាយ “​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​” ។ អតីត​មេដឹកនាំ​អតីត​បក្សប្រឆាំង មិនទាន់​គ្រប់គ្រង​អំណាច​ផង​បាន​អំពាវនាវ​កងទ័ព​ប្រឆាំង​រាជរដ្ឋាភិបាល​ទៅហើយ ដូច្នេះ​នយោបាយ​នេះ ជា​នយោបាយ​នាំ​ឲ្យ​មាន​ចលាចល​នៅក្នុង​ប្រទេស និង​ការ​សងសឹក ចងអាឃាត​គ្មាន​ទីបញ្ចប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114