ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកនាំពាក្យ ​៖ តំណាង​គណៈប្រតិភូ​សហ​ភាព​អឺរ៉ុប និង​ប្រមុខ​ការទូត​កម្ពុជា បង្ហាញ​ការប្តេជ្ញា​ដូចគ្នា​ថា នឹង​រក្សា​ស្ថានភាព EBA មិន​ឲ្យ​បាត់បង់​ពី​កម្ពុជា​

​ភ្នំពេញ ​៖ ការបង្ហាញ​ពី​ការប្តេជ្ញា​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​រវាង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​គណៈប្រតិភូ​សហ​ភាព​អឺរ៉ុប ដឹកនាំ​ដោយ​លោកស្រី Poala Pampaloni នាយករង​ផ្នែក​គ្រប់គ្រង​ប្រចាំការ​តំបន់​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ច កាលពី​រសៀល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩​។​

លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​ចប់​ថា ការជួប​នេះ គឺជា​ការបន្ត​កិច្ចសន្ទនា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​គណៈកម្មការ​អឺរ៉ុប ពាក់ព័ន្ធ​នឹង​ការចាប់ផ្តើម​នីតិវិធី​ក្នុងការ​ព្យួរ EBA ដែល​គណៈកម្មការ​អឺរ៉ុប បានសម្រេច​កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ កន្លងមកនេះ​។ លទ្ធផល​ជារួម នៃ​កិច្ចសន្ទនា​លើក​ទី​១ បន្ទាប់ពី​សេចក្តីសម្រេច​នេះ គឺ​ភាគី​កម្ពុជា និង​សហគមន៍​អឺរ៉ុប បាន​សម្តែង​នូវ​ការប្តេជ្ញា​ដូចគ្នា គឺ​ធ្វើការ​រួមគ្នា និង​បន្ត​ការសន្ទនា​ប្រកបដោយ​ការស្ថាបនា​រួមគ្នា ដើម្បី​ស្វែងយល់​ជាមួយគ្នា​ឲ្យ​បាន​កាន់តែ​ប្រសើរ នូវ​អ្វីដែល​ជាការ​ខុសគ្នា​កន្លងមក ដើម្បី​ធ្វើយ៉ាងណា​រក្សា​ស្ថានភាព EBA នៅ​ដដែល​។ មានន័យថា ទាំង​កម្ពុជា​ក៏​ចង់​រក្សា ខាង​តំណាង​គណៈប្រតិភូ​គណៈកម្មការ​អឺរ៉ុប ក៏​ចង់​រក្សា EBA នេះដែរ​។​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បញ្ជាក់ជូន​គណៈប្រតិភូ​គណៈកម្មការ​អឺរ៉ុប ពី​សារៈសំខាន់​របស់ EBA ចំពោះ​កម្ពុជា​។ ជាពិសេស​ចំពោះ​កម្មករ​កម្ពុជា ហើយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សហភាព​អឺរ៉ុប ដែល​បាន​ផ្តល់ជំនួយ​ជូន​ចំពោះ​កម្ពុជា​ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លងមកនេះ ដែល​បានរួម​ចំណែក​ដ៏​ធំធេង ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​កម្ពុជា ហើយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​សង្កត់ធ្ងន់​ផងដែរ លើ​ទិដ្ឋភាព​ពីរ​ផ្សេងគ្នា នៃ​ការសន្ទនា​រឿង EBA និង​ការបន្ត​រក្សា​នូវ​ទំនាក់​ទំនងជា​មិត្តភាព​ដ៏​ល្អ​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប​។

លោក កេ​ត សោ​ផាន់ អះអាងថា ជារួម​កិច្ចពិភាក្សា​នេះ គឺជា​ការបន្ត​នូវ​កិច្ចសន្ទនា​រឿង​នីតិវិធី EBA ហើយ​ភាគី​ទាំងពីរ​បាន​សុទ្ធតែ​បាន​ប្តេជ្ញា​ថា នឹង​រក្សា​ស្ថានភាព EBA មិន​ឲ្យ​បាត់បង់​ទេ​។ តាម​អ្នកនាំពាក្យ​ដដែល បន្ទាប់​ពីនេះ​ទៅ ក៏​នឹងមាន​គណៈប្រតិភូ​តំណាង​សហគមន៍​អឺរ៉ុប​ដែល​នឹង​មក​កម្ពុជា​ម្តងទៀត​ដែរ នៅក្នុង​ក្របខណ្ឌ​នៃ​ដំណើរការ នៃ​ការត្រួតពិនិត្យ ក៏ដូចជា​កិច្ចសន្ទនា​ជាមួយ​រាជរដ្ឋាភិបាល អាច​នៅក្នុង​ខែឧសភា ឬ​ខែមិថុនា ខាងមុខ​។ សហគមន៍​អឺរ៉ុប ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា កិច្ចសន្ទនា​នេះ គឺ​ដើម្បី​កំណត់​ពី​ពេលនេះ រហូត​ទៅដល់​ដំណើរការ​នៃ​នីតិវិធី EBA ទាំងមូល​ថា តើ​យើង​នឹង​អាច​យល់ដឹង​ជាមួយគ្នា​បាន​កាន់តែច្បាស់​នៅលើ​ចំណុច​ណាខ្លះ ជាពិសេស​នៅលើ​ចំណុច​ដែល​ខាង​គណៈកម្មការ​អឺរ៉ុប​បានលើកឡើង​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​លោក កេ​ត សោ​ផាន់ បាន​បន្តទៀតថា នៅក្នុង​ជំនួប​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ជម្រាបជូន​ប្រតិភូ​គណៈកម្មការ​អឺរ៉ុប ដូច​អ្វីដែល​សម្តេច​ក្រឡាហោម ស ខេង បានលើកឡើង​ផងដែរ​ថា រដ្ឋាភិបាល​នឹង​បន្ត​អនុវត្ត​នូវ​វិធានការ​ទាំងឡាយ ដែល​បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៨​។​

លោក កេ​ត សោ​ផាន់ បាន​ពន្យល់​ដែរ​ថា សហភាព​អឺរ៉ុប​មាន​មោទនភាព​ផងដែរ ពីព្រោះ​សហភាព​អឺរ៉ុប បាន​ជួយ​កម្ពុជា​ក្នុង​រយៈពេល​២៥​ឆ្នាំកន្លងមក ដោយបាន​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​​​សេដ្ឋកិច្ច និង​​​សង្គម​នៅ​កម្ពុជា ហើយ​របប​អនុគ្រោះ​ពន្ធ ឬ EBA នេះ គោលដៅ​របស់គេ គឺ​ជួយ​កាត់បន្ថយ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ដូច្នេះ​កម្មវិធី​អនុគ្រោះ​ពន្ធ​នេះ បាន​ជួយ​ដល់​កម្មករ​យើង​ជាច្រើន ហើយ​នៅក្នុង​ជំនួប​នេះ ភាគី​អឺរ៉ុប​បានបញ្ជាក់​ហើយ​បញ្ជាក់ទៀតថា កិច្ចសន្ទនា​នេះ មិនមែនជា​កិច្ច​​សន្ទនា​របៀប​ប្រទូសរ៉ាយ​គ្នា ឬ​ដើម្បី​ប្រទូស​រាយ​គ្នា​នោះទេ គឺ​គ្រាន់តែ​មក​ដើម្បី​សាកសួរ​គ្នា ដើម្បី​ឲ្យ​យល់ដឹង​កាន់តែច្រើន ហើយក៏​មិនមែន​យកគំនិត​របស់​អី​យូ​មក​ដាក់​ឲ្យ​កម្ពុជា​ធ្វើតាម​នោះទេ បើ​ធ្វើបែបនេះ​ជាការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ហើយ​។ លោក​បញ្ជាក់ថា ពេលនេះ​ស្ថិតក្នុង​ដំណាក់កាល​សន្ទនា គឺ​៦​ខែ​ដំបូង ជា​ពេល​សន្ទនា​គ្នា ស្វែងយល់​គ្នា ថា​តើ​រាជរដ្ឋាភិបាល​ឆ្លើយតប​អ្វីខ្លះ​ចំពោះ​កង្វល់​របស់​សហភាព​អឺ​រ៉ុប ដែល​បានលើកឡើង ដូច្នេះ​៦​ខែ​នេះ យើ​មិនអាច​ធ្វើការ​វិនិច្ឆ័យ​ទៅលើ​ដំណើរការ​នេះ​បានទេ ពីព្រោះ​នៅមាន​គណៈប្រតិភូ​មកជា​បន្តបន្ទាប់​ទៀត ក្នុង​រយៈពេល​៦​ខែ​ដំបូង​នេះ​។​

សូមបញ្ជាក់ថា គណៈប្រតិភូ​សហភាព​អឺរ៉ុប ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នេះ ដឹកនាំ​ដោយ​លោកស្រី Paola Pampaloni នាយករង​ផ្នែក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក អម​ដំណើរ​ដោយ​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​, លោក Peter Berz អគ្គនាយក​ស្តីទី​ប្រចាំ​តំបន់​អាស៊ី និង​អាមេរិក​ឡាទីន​, លោកស្រី Stavros Petropoulos មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​ទំនាក់ទំនង​សហភាព​អឺរ៉ុប​ជាមួយ​កម្ពុជា និង​ថៃ និង​លោក Simone Pieri អនុប្រធាន​បេសកកម្ម៕


TAG