ព័ត៍មានទាន់​ហេតុការណ៏
Search

UN៖ ហ្វាំ​ង​ឡង់​ជាប់​ចំណាត់​ថ្នាក់លើ​គេ​ជា​ប្រទេស​មាន​សុភមង្គល​បំផុត​ក្នុង​ពិភពលោក​ចំណែក​ស៊ូដង់​ខាងត្បូង​ស្ថិតនៅ​បាត​តារាង

ប្រទេស​ហ្វាំ​ង​ឡង់​បាន​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែលមាន​សុភមង្គល​បំផុត​ក្នុង​ពិភពលោក​សម្រាប់​ឆ្នាំ​ទី​២​ជាប់​គ្នា​ខណៈ​ស៊ូដង់​ខាងត្បូង​ដែល​ហែកហួរ​ដោយ​សង្គ្រាម​បាន​ស្ថិតនៅក្រោម​គេ​បំផុត​ក្នុង​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​។​

ប្រជាជាតិ​នៃ​តំបន់ Nordic មាន​ប្រជាជន​៥.៥​លាន​នាក់​មួយ​នេះ​ដែល​ត្រូវបាន​គេ​ស្គាល់​ដោយសារតែ​ក្តី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រៃឈើ បឹង​និង​សូ​ណា​គឺ​បាន​ស្ថិតនៅ​ទី​កំពូល​ក្នុង​ការសិក្សា​ដែល​ប្រើ​ទិន្នន័យ​ស្ទាបស្ទង់​បន្ទាប់ពី​ការសាកសួរ​ប្រជាជន​ក្នុងប្រទេស​ចំនួន​១៥៦​អំពី​ថា​តើ​ពួកគេ​យល់ឃើញថា​ពួកគេ​សប្បាយចិត្ត​យ៉ាងណា​ព្រមទាំង​វិធានការ​នានា​ដូចជា​អាយុកាល ប្រាក់ចំណូល​និង​ការគាំទ្រ​ពី​សង្គម​ជាដើម​។​

ប្រទេស​តំបន់ Nordic ផ្សេងទៀត​ក៏ដូចជា​ហូ​ឡង់ ស្វី​ស កាណាដា នូ​វែ​ល​ហ្សេ​ឡង់​និង​អូទ្រីស​ក៏បាន​ស្ថិតក្នុង​ចំណោម​ប្រទេស​លំដាប់​កំពូល​ទាំង​ដប់​ផងដែរ​។​

ថ្វីបើ​មាន​ភាពចលាចល​ផ្នែក​នយោបាយ​ដែល​បង្ក​ឡើយ​ដោយ Brexit ក៏ដោយ​ក៏​ចក្រភព​អង់គ្លេស​បាន​ឡើង​បួន​ចំណាត់ថ្នាក់​មកឈរ​នៅ​លំដាប់​ទី​១៥​។​

ទន្ទឹមនឹង​នេះដែរ សហរដ្ឋអាមេរិក​បាន​បន្ត​ការធ្លាក់ចុះ​របស់ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ដោយ​ធ្លា​ក់មួយ​ចំណាត់ថ្នាក់​ទៅ​លំដាប់​ទី​១៩​។​

ប្រទេស​គ្មាន​សុភមង្គល​បំផុត​នោះ​គឺ​ស៊ូដង់​ខាងត្បូង​ដែលជា​កន្លែង​អង្គការសហប្រជាជាតិ​បាន​និយាយ​នាពេល​ថ្មីៗ​នេះ​ថា ៦០​ភាគរយ​នៃ​ប្រជាជន​បាន​ប្រឈម​នឹង​អសន្តិសុខ​ស្បៀងអាហារ​បន្ទាប់ពី​សង្គ្រាម​ស៊ីវិល​បង្ហូរឈាម​មួយ​ដែល​ឆក់យក​ជីវិត​មនុស្ស​ប្រមាណ​៤០០,០០០​នាក់​។​

បណ្តា​ប្រទេស​ដែលមាន​ជម្លោះ​ផ្សេងៗ​ទៀត​ដូចជា​យេ​មែន អា​ហ្វ​ហ្គា​នី​ស្ថាន​និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ក៏មាន​វត្ត​មាននៅ​បាត​តារាង​ផងដែរ​។​

ដោយ​ចេញផ្សាយ​នៅ​ទិវា​សុភមង្គល​អន្តរជាតិ​ថ្ងៃទី​២០​ខែមីនា របាយការណ៍​នេះ​បាន​ព្រមាន​ថា សុភមង្គល​ពិភពលោក​បាន​ធ្លាក់ចុះ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ដែល​ជំរុញ​ដោយ​ការធ្លាក់ចុះ​ជា​បណ្តើរៗ​នៅ​ប្រទេស​ឥណ្ឌា​ដែល​ឆ្នាំនេះ​បានជា​ប់​ចំណាត់ថ្នាក់​លេខ​១៤០៕ AFP


TAG