ព័ត៍មានទាន់​ហេតុការណ៏
Search

ខឹង​តៃកុង​រថយន្ត​ដឹក​មាន់​ ស្រែក​ឃាត់​កុំ​ឲ្យ​វាយ​គ្នា បែរជា​ជិះ​ម៉ូតូ​ដេញ​គប់​រថយន្ត​គេ​វិញ ​ត្រូវ​ប៉ូលិស​ល្បាត​ចាប់​វាយ​ខ្នោះ​

​តាកែវ ៖ ជនសង្ស័យ​បង្ក​ហិង្សា​ បណ្តាល​ឲ្យ​ខូចខាត​សម្ភារៈ​អ្នកដទៃ​ដោយ​ចេតនា​ពីរ​នាក់ ​ត្រូវបាន​ប៉ូលិស​ស្រុក​សំរោង​ចាប់​ឃាត់ខ្លួន​ ខណៈដែល​ពួកគេ​កំពុង​ជិះ​ម៉ូតូ​ដេញ​គប់រថយន្ត​ដឹក​មាន់​មួយ​គ្រឿង​ទាំង​កណ្តាលយប់ នា​វេលា​ម៉ោង​០០​និង​២០​នាទី ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវលំ​ក្នុងភូមិ​ស្វាយ​រន្ធ ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង ខេត្ត​តាកែវ​។​

​ក្រុម​ក្មេង​ទំនើង​ដេញ​គប់​រថយន្ត​អ្នកដទៃ ​និង​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​នេះ​មាន ឈ្មោះ ម៉ា សែម​លី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ ឈ្មោះ សុខ លោ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទាំងពីរ​នាក់​រស់នៅ​ភូមិ​ត្រពាំង​ពោធិ៍ ឃុំ​វាល ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។ ក្រោយ​ប៉ូលិស​ចាប់ខ្លួន​ ពួកគេ​ទាំងពីរ​នាក់ ​បាន​សារភាព​ថា មកពី​អ្នកបើកបរ​រថយន្ត​រំខាន​គេ​កំពុង​ដេញ​វាយ​គ្នា​ ដោយ​ស្រែក​ឃាត់ ទើប​ពួកគេ​ខឹង ​និង​ជិះ​ម៉ូតូ​ដេញ​គប់​រថយន្ត​នេះ​តែម្តងទៅ​ ដើម្បី​កាត់សាញ​។​

​បច្ចុប្បន្ន​ ក្មេង​ទំនើង​ទាំងពីរ​នាក់​ដែល​សមត្ថកិច្ច​ចាប់ខ្លួនបាន​ខាងលើនេះ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕