ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់​ខ្លួន​ជនសង្ស័យ​៤​នាក់ រួម​នឹង​ថ្នាំញៀន​១​កញ្ចប់​ធំ ក្នុងស្រុក​សាលា​ក្រៅ​

ប៉ៃលិន​ ៖ ជនសង្ស័យ​៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងត្រង់ ធ្វើការ​ឃាត់​ខ្លួន ពាក់ព័ន្ធ​ករណី​រក្សាទុក និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ កាលពី​វេលា​ម៉ោង៨​និង​២០​នាទី​យប់​ ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែ ផល្គុន ឆ្នាំ ច សំ រឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ភូមិ​ដីស ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។​

លោក​អនុសេនីយ៍ឯក ឡោ ពុធ អធិការរង ទទួលបន្ទុក​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​បាន​ឲ្យ​ដឹង​ថា​ ក្រោម​ការ​ចង្អុល​បង្ហាញ​ពី ​លោក​វរសេនីយ៍ទោ រី តារា អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ បាន​ដាក់​បញ្ជា​ឲ្យ​លោក​ដឹកនាំ​កម្លាំង​ជំនាញ​អធិការ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងត្រង់ ចុះបង្ក្រាប​ករណី​រក្សាទុក និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​មួយកន្លែង ដែលមាន​ទីតាំង​ខាងលើ ព្រមទាំង​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ រួម​នឹង​វត្ថុតាង​ថ្នាំ​ញៀន​មួយ​កញ្ចប់​ធំ​ផងដែរ។

លោក​អធិការរង បាន​បន្តថា​៖ ជនសង្ស័យ ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ ទី១-​ឈ្មោះ ០១-​ឈ្មោះ យឿន អាត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កសិករ ,​ទី​២-​ឈ្មោះ ដុង សារិន​ណាក់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​,​ទី​៣-​ឈ្មោះ សៀវ រ៉ា​ឌី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ អ្នក​ទាំងបី​មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​ច្រាំង​បាក់ ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង និង​ទី​៤-​ឈ្មោះ សាំង ឡាយ​ហួត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ផ្ទះស្បូវ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

លោក​ក៏បាន​បន្ត​ដែរ​ថា​ ក្នុងការ​បង្ក្រាប​នេះ ​សមត្ថកិច្ច​ជំនាញ ដកហូត​វត្ថុតាង បាន​មួយចំនួន​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស ដែល​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន០១កញ្ចប់​ធំ ,ម៉ូតូ​ម៉ាក Honda Dream C125 ឆ្នាំ​២០១៣ ចំនួន​០១​គ្រឿង និង​ម៉ូតូ​កែច្នៃ​ចំនួន​០១​គ្រឿង​ផងដែរ។​

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114