ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ ដឹកនាំ​កិច្ច​ប្រជុំ​ពេញអង្គ​លើក​ទី​៥ នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​ព្រះវិហារ​

​សៀមរាប​ ៖​ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ចូលរួម​កិច្ចប្រជុំពេញអង្គ​លើក​ទី​៥ នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ការអភិរក្ស និង​លើក​តម្លៃ​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ (ICC-Preah Vihear) ដែល​ធ្វើឡើង​នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​ព្រះវិហារ​ដែល​ដឹកនាំ​ដោយ​ឯកឧត្ដម Qin Changwei សហប្រធាន​ចិន និង ​លោកជំទាវ Manika Jain សហប្រធាន​ឥណ្ឌា នឹង​ធ្វើ​បទ​បង្ហាញ​អំពី​របាយ​ការណ៍​អភិរក្ស និង​អភិវឌ្ឍន៍​ដូចជា គម្រោង​អភិរក្ស និង​ជួសជុល​ជណ្ដើរ​បុរាណ​ខាងជើង លទ្ធផល​បឋម ​នៃ​ការស្រាវជ្រាវ​បុរាណវិទ្យា​នៅ​ស្ថានីយ​គោក​ដី​ឆ្នាំង​។…​ល​។ រីឯ​ការចូលរួម​រប​ស់​ដៃគូ​សហ​ប្រតិបត្តិកា​រ​អន្តរជាតិ រួមមាន ​គម្រោង​ដោះ​មីន សកម្មភាព​ដោះ​មីន​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ក៏​ដូចជា​បទ​បង្ហាញ​ពី​គម្រោង​ជួសជុល​ប្រាសាទ​កោះកែ និង​ប្រាសាទព្រះវិហារ​។​

​លោក គឹម សេ​តារា ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​នេះ​ផ្តោតលើ​ការងារ​អភិរក្ស និង​ជួសជុល​ប្រាសាទ​កោះកែ និង​ប្រាសាទព្រះវិហារ ក្នុងនោះ​ដូចជា​ភាគី​ចិន ​នឹងធ្វើ​បង្ហាញ​ពី​ស្រាវជ្រាវ និង​ចាប់ផ្ដើម​ជួសជុល​គោ​បុ​រៈ​ទី​១ ទី​២ និង​ទី​៣ នៃ​ប្រាសាទ​ព្រះវិហារ ចំណែក​ភាគី​ឥណ្ឌា​ នឹងធ្វើ​បទ​បង្ហាញ​ពី​ផែនការ​ជួសជុល​គោ​បុ​រៈ​ទី​៥ នៃ​ប្រាសាទ​ព្រះវិហារ​។ រីឯ​អ្នកជំនាញ​ខ្មែរ​ក៏​នឹង​ធ្វើ​បទ​បង្ហាញ​ពី​ការសិក្សា​ស្រាវជ្រាវ និង​អភិរក្ស​របស់​ខ្លួន​ផង​ដែរ ដូចជា​បញ្ហា​គ្រប់គ្រង​ប្រព័ន្ធ​ទឹក បញ្ហា​បរិស្ថាន និង​ការ​អភិវឌ្ឍ​សហគមន៍​ជាដើម​។..​ល​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114