ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​ចម្រៀង ខេ​ម និង ជុំ លី​ណូ ត្រូវ​បាន ​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​សរសើរ​ជាថ្មី

​ភ្នំពេញ​ ៖ តារាចម្រៀង​ប្រុស​របស់​ខ្មែរ​ពីររូប ​គឺ​លោក ខេ​ម និង ជុំ លី​ណូ ជាថ្មី​ម្តង​ទៀត ​ត្រូវបាន​សម្ដេច​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ នៃ​ប្រទេស​កម្ពុជា​​ ​មានប្រសាសន៍​លើក​សរសើរ​ក្រោយ​ពេលដែល​តារា​ទាំង​២​រូបនេះ​ បានចេញ​បទ​ចម្រៀង​បង្កប់​អត្ថន័យ​អប់រំ​ ដល់​យុវជន​ខ្មែរ​។​

ប្រសាសន៍​លើក​សរសើរ​របស់ ​សម្ដេច​តេ​ជោ ហ៊ុន សែន ខាងលើនេះ​បាន​លើក​ឡើង​ក្នុងឱកាស​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ នៃ​ពិធី​សម្ពោធ​បើក​ការដ្ឋាន​កសាង​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ ​នៅ​កម្ពុជា ពី​ភ្នំពេញ​ ទៅ​ខេត្ត​ព្រះសីហនុ​ ដោយ​ចំណាយ​ពេល​សាងសង់​៤​ឆ្នាំ និង ចំណាយ​ថវិកា​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អាមេរិក​ នា​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៩​នេះ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​លើក​សរសើរ​តារាចម្រៀង​ លោក​ ខេ​ម ​និង ជុំ លី​ណូ ថា​ ថ្ងៃមុន ​ជួប ខេ​ម ហើយ ខេ​ម និង ជុំ លី​ណូ គឺ​សំឡេង​ច្រៀង​ប្រហែល​គ្នា​។ ​ដូច្នេះ​ ថ្ងៃនេះ ​ជុំ លី​ណូ មក​ដែរ​ គឺ​ត្រូវ​ច្រៀង​បទ ទឹកភ្នែក​ម្តាយ​លើ​ខ្នោះដៃ​កូន (​បទ​នេះ​ ជា​ចម្រៀង​អប់រំ​មួយ​ ដែល​បង្កប់​អត្ថន័យ​បាន​ល្អ​ណាស់​) និង ទំនួញ​អក​ឈ្មោល​។​ ម្យ៉ាងទៀត​ កុំ​ភ្លេច​នាំគ្នា​ច្រៀង​ បទ ទទា​យំ​ឆ្លង​….​ឆ្នាំនេះ​ នាំគ្នា​រាំ​ឲ្យ​បាន​ច្រើន​។​

សម្តេច​តេ​ជោ ​បាន​បញ្ជាក់ទៀតថា ​ឆ្នាំ​ហ្នឹង​ នាំគ្នា​រាំ​ឲ្យ​បាន​ច្រើន​នូវ​បទ ទទា​យំ​ឆ្លង ហើយ​ទាំងពីរ​បទ​នេះ ​ទាំង​បទ​ចាស់ ​និង​បទ​ថ្មី ដូច្នេះ​ ត្រូវ​នាំគ្នា​រាំ​លេង​ឲ្យ​បែកផ្សែង​ ហើយ​កុំ​ នរណា​រើស​ដាក់ខ្លួន​ បទ​ហ្នឹង​ចម្រៀង​បែប​កំប្លែង​ដែល​ខ្ញុំ​អ្នកនិពន្ធ​ឡើង​នោះ​ទេ​។​

សូមបញ្ជាក់ថា​ នេះ​ពុំមែន​ទើប​ជា​លើក​ទី​១​នោះទេ​ ដែល​ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​លើក​សរសើរ​ដល់​តារាចម្រៀង​ទាំងពីរ​រូប​ គឺ​ លោក ខេ​ម និង ជុំ លី​ណូ។​

ជាមួយគ្នា​ នៃ​ការ​លើកសរសើរ​របស់​សម្ដេច​នេះ​ដែរ​ ភ្លាមៗ​នោះ​ លោក ជុំ លី​ណូ ក៏បាន​បង្ហាញ​អារម្មណ៍​រំភើប ​និង​បាន​លើកឡើងថា ​ខ្ញុំបាទ​មាន​កិត្តិយស​ណាស់​ ដែល​បាន​ចូលរួម​ក្នុង​ពិធី​បើក​សម្ពោធ​ការដ្ឋាន​កសាង​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​នៅ​កម្ពុជា ​ពី​ភ្នំពេញ​ ទៅ​ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្ដេច​តេ​ជោ ហ៊ុន សែន ពិសេស​ លោក​បាន​ពេញ​ចិត្តនឹង​បទ​ចម្រៀង​របស់​ខ្ញុំបាទ​ផង​ដែរ​ គឺ​បទ ទំនួញ​អក​ឈ្មោល និង បទ ទឹកភ្នែក​ម្តាយ​លើ​ខ្នោះដៃ​កូន​។ ​សូម​គោរព​ជូនពរ​លោក​មាន​សុខភាព​ល្អ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114