ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី UN ស្វាគមន៍​ផែនការ​ផ្លាស់​ទីលំនៅ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា

មន្ត្រីជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​បាន​ស្វាគមន៍​គម្រោង​របស់​ប្រទេស​បង់​ក្លា​ដែ​ស​ក្នុង​ការនាំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ចេញពី​ជំរំ​ដែល​កកស្ទះ​របស់​ប្រទេស​នេះ​ប៉ុន្តែ​បាន​និយាយថា ទង្វើ​ណាមួយ​ដើម្បី​បញ្ជូន​មនុស្ស​ប្រមាណ​១០០,០០០​នាក់​ទៅ​កោះ​ដែល​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់​គួរតែ​ត្រូវបាន​ឡើង​ដោយ​ស្ម័គ្រចិត្ត​។​

លោក Volker Turk ស្នងការ​ជាន់ខ្ពស់​នៅ​ភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ជំរំ Kutupalong ភាគ​អាគ្នេយ៍​ដែលជា​ជំរំ​ធំ​បំផុត​របស់​ពិភពលោក​និង​បច្ចុប្បន្ន​ផ្ទុក​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល​៦០០,០០០​នាក់​ដែល​រត់គេច​ចេញពី​ប្រទេសជិតខាង​មី​យ៉ាន់​ម៉ា​គឺមាន​ភាព​ណែន​តាន់តាប់​យ៉ាងខ្លាំង​។​

មន្ត្រី UNHCR បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ដា​កា​បន្ទាប់ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ប្រាំ​ថ្ងៃ​ទៅកាន់​ប្រទេស​នេះ​ថា “​ប្រសិនបើ​អ្នក​នៅ​ជំរំ Kutupalong ឬ​ជំរំ​ជាច្រើន​ទៀត​នៅក្នុង​ស្រុក Cox’s Bazar នោះ​, វា​ច្បាស់​ណាស់​ថា មានការ​កកស្ទះ​ដ៏​ធំ​សម្បើម​”​។​

មន្ត្រី​ដដែល​បន្តថា “​ដូច្នេះ​យើង​សូម​ស្វាគមន៍​ចំពោះ​ការពិត​ដែលថា​រដ្ឋាភិបាល​បង់​ក្លា​ដែ​សបាន​ចាត់វិធានការ​យ៉ាងសកម្ម​ដើម្បី​កំណត់​ការដោះស្រាយ​ជំនួស​ឲ្យ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​”​។​

លោក​បាន​បន្ថែមថា អង្គការសហប្រជាជាតិ​នឹង​នៅតែ​ពិភាក្សា​ជាមួយ​អាជ្ញាធរ​បង់​ក្លា​ដែ​ស​អំពី​ការផ្លាស់ប្តូរ​ទីលំនៅ​ជនភៀសខ្លួន​ទៅកាន់​កោះ Bhashan Char នៅក្នុង​ឈូង​សមុទ្រ Bengal ប៉ុន្ដែ​និយាយថា ជនភៀសខ្លួន​ត្រូវតែមាន​ឆន្ទៈ​ក្នុង​ការផ្លាស់​ទីលំនៅ​និង​អាច​បន្ត​ការចិញ្ចឹម​ជីវិត​របស់​ពួកគេ​នៅ​ទីនោះ​បាន​។​

ភ្នាក់ងារ​ជំនួយ​អន្ដរជាតិ​រួមទាំង​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ផងដែរ​បានលើកឡើង​ពី​ការព្រួយបារម្ភ​កាលពី​ខែមករា​អំពី​សមត្ថភាព​របស់​កោះ​នេះ​ក្នុងការ​ទប់ទល់​នឹង​ព្យុះសង្ឃរា​អំឡុង​រដូវ​មូសុង​។ មនុស្ស​រាប់សែន​នាក់​បាន​ស្លាប់​នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​ដោយសារ​ព្យុះ​ស៊ីក្លូន​ក្នុង​រយៈពេល​៥០​ឆ្នាំ​ចុងក្រោយ​នេះ​ដែល​ភាគច្រើន​នៅ​តំបន់ឆ្នេរ​។​

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បង់​ក្លា​ដែ​ស​កាលពី​សប្តាហ៍​មុន​បាន​និយាយថា ការផ្លាស់​ទីតាំង​ជនភៀសខ្លួន​ទៅកាន់​កោះដាច់​ស្រយាល​នឹង​ចាប់ផ្តើម​ចាប់ពី​ខែក្រោយ​ទៅ​ខណៈដែល​ការងារ​សាងសង់​ភាគច្រើន​បានបញ្ចប់​រួចទៅហើយ។

រដ្ឋាភិបាល​ក្រុង​ដា​កា​បាន​ចំណាយ​ប្រាក់​ប្រហែល​២៨០​លាន​ដុល្លារ​អាមេរិក​ដើម្បី​ប្រែក្លាយ​កោះ​នេះ​ដែល​ទើបតែ​លេចឡើង​កាលពី​ជិត​ពីរ​ទសវត្សរ៍​មុន​៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114