ព័ត៍មានទាន់​ហេតុការណ៏
Search

យុវជន​ម្នាក់ ជិះ​ម៉ូតូ​បុក​គេ​ពីក្រោយ​របួសធ្ងន់​ខ្លួនឯង

រតនគិរី ​៖​ មនុស្ស​៣​នាក់ ​បាន​រង​របួស​ធ្ងន់​ស្រាល បន្ទាប់ពី​ជិះ​ម៉ូតូ​បុក​គ្នា​ពីក្រោយ​យ៉ាង​ពេញ​ទំហឹង​ក្នុង​ទិសដៅ​ស្របគ្នា ពី​កើតមក​លិច។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​សុក្រ ២​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៨ ត្រង់​ចំណុច​មុខ​រោងចក្រ​កៅស៊ូ ម៉ាង​យ៉ាង ស្ថិតនៅ​ក្នុង​ភូមិ​គង​យុក ឃុំ​ប៉ា​តេ ស្រុក​អូរ​យ៉ា​ដាវ។

មន្ត្រី​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​បាន​ឲ្យ​ដឹង​ថា ជន​បង្ក​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម c125 ស៊េរី​ឆ្នាំ​2016 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី 1C-74 46 ដោយ​ឈ្មោះ រ​ម៉ា​ម ដួន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កសិករ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ ឡា​ហន់ ឃុំ​កិះ​ចុង ស្រុក​បរ​កែវ ខេត្ត​រតនគិរី រង​របួស​ធ្ងន់។

រីឯ​ជនរងគ្រោះ​បើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម c125 ស៊េរី​ឆ្នាំ​2018 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី 1B-5766 ដោយ​ឈ្មោះ ព្រំ ចន្ថា អាយុ​៤៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​គង​យុក ឃុំ​ប៉ា​តេ ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​រតនគីរី រង​របួស​ស្រាល។

អ្នក​រួមដំណើរ​ឈ្មោះ​ ស្រី ទូច អាយុ​៣៩​ឆ្នាំ មុខរបរ​កម្មករ បច្ចុប្បន្ន​រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ រង​របួស​ស្រាល។

មន្ត្រី​នគរបាល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ខណៈ​ជនបង្ក​បើកបរ​ម៉ូតូ​ខ្វះ​ការប្រុងប្រយ័ត្ន ទើប​ជ្រុល​ចង្កូត​បណ្ដាល​ឲ្យ​បុក​ជនរងគ្រោះ​ពីក្រោយ​យ៉ាង​ពេញទំហឹង​តែ​ម្ដង។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ធ្វើការ​វាស់វែង​ដឹក​បញ្ជូន​អ្នក​រង​របួស​ធ្ងន់​ទៅ​មណ្ឌល​សុខភាព​ស្រុក​អូរ​យ៉ា​ដាវ​ដើម្បី​ព្យាបាល​របួស។

បច្ចុប្បន្ន​ មធ្យោបាយ​ទាំង​២​គ្រឿង​ត្រូវ​កម្លាំង​ប៉ុស្តិ៍​រឹបអូស​យក​មក​រក្សាទុក​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ៕