ព័ត៍មានទាន់​ហេតុការណ៏
Search

វង្ស វិឆ័យ ជួប ម៉ា​ទីន ឯ ហ៊ឹម សេរី ជួប ស៊ុម ជី​ឡេ​ក លើស​ង្វៀន​WURKZ -SEATV

ហ៊ឹម សេរី អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ និង វង្ស វិឆ័យ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹង​ទទួល​ស្វាគមន៍​អ្នក​ប្រដាល់​ថៃ និង អ៊ីរ៉ង់ នៅលើ​សង្វៀន​Wurkz របស់​SEATV ​នា​រសៀល​ថ្ងៃអាទិត្យ​ ទី​២៤​ ខែ​មីនា​ ឆ្នាំ​២០១៩​នេះ។

ហ៊ឹម សេរី គេ​ត្រូវ​ប៉ះ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ​ឈ្មោះ​ ស៊ុម ជី​ឡេ​ក (Sum Chilek) ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។ អ្នក​ប្រដាល់​ថៃ​ស៊ុម ជី​ឡេ​ក ដែល​ហ៊ឹម សេរី ត្រូវ​តស៊ូ​ជាមួយ​នោះ ជា​ជើង​ខ្លាំង​ទម្ងន់​៥៧​គ​.​ក្រ​នៅ​ស្រុកថៃ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មកជួប​ សេរី​ លើក​នេះ ដើម្បី​សងសឹក​ឲ្យ​មិត្ត​រួម​ជាតិ​របស់គេ ខណៈ​ខ្លួន​គេ​ផ្ទាល់​ពុំ​ធ្លាប់​ដែល​មក​ប្រកួត​នៅ​កម្ពុជា​ម្តង​ណា​នោះ​ទេ​។​

ស៊ុម ជី​ឡេ​ក មាន​ប្រវត្តិ​ប្រកួត​៤៧​លើក ឈ្នះ​៣៩​លើក ចាញ់​០៧​លើក និង​ស្មើ​០១​លើក និង​ធ្លាប់​ផ្តួ​ល​គូប្រកួតឲ្យ​សន្លប់​១០​លើក។
​ ​
ហ៊ឹម សេរី គេ​ធ្លាប់​ប្រកួត​ជាមួយ​ថៃ​ច្រើន​នាក់​មកហើយ ហើយក៏​មិនសូវ​ដែល​ចាញ់​នោះទេ។ សេរី វាយ​ចាញ់​ថៃ​តែ​២-៣​ដង​គត់ ក្នុងជំនួប​ច្រើនលើក​កន្លងមកនេះ។ សម្រាប់​លើក​នេះ មិនដឹងថា ​ហ៊ឹម សេរី អាច​យកឈ្នះ​ ស៊ុម ជី​ឡេ​ក ដែលជា​អ្នក​ប្រដាល់​ថៃ​ស្រករ​ក្រោយ​បាន​ទៀត​ឬក៏​អត់​នោះទេ​?។

ការប្រកួត​នៅក្នុង​ស្រុក សេរី​វាយ​ឈ្នះ​អ្នក​ប្រដាល់​រួម​ជាតិ សឹងតែ​អស់​ទៅហើយ​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​នេះ ដែល​ការប្រកួត​ចុងក្រោយ​នេះ គេ​បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ យុ​ត្ថា សាក់ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤ កាលពី​ថ្ងៃទី​២៣​ ខែ​កុម្ភៈ ឆ្នាំ​២០១៩​កន្លងមកនេះ​។ ហ៊ឹម សេរី មាន​ប្រវត្តិ​ប្រកួត​៨៥​លើក ក្នុង​នោះ​វាយ​ឈ្នះ​៧២​លើក ចាញ់​១៣​លើក និង​មិនដែល​ស្មើ។​

ទោះជា​យ៉ាងណា ការ​ឈ្នះ​ចាញ់​រវាង ​ហ៊ឹម សេរី និង ស៊ុម ជី​ឡេ​ក នេះ​ពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថា​អ្នកណា​ឈ្នះ​នោះទេ ព្រោះថា​ការប្រកួត​គ្នា​លើក​នេះ ហ៊ឹម សេរី​ មិន​ស្គាល់​ពី​ថ្វីដៃ និង​ប្រវត្តិ​របស់​អ្នក​ប្រដាល់​ថៃ​នេះ​ច្បាស់​នៅឡើយ។ ហើយ​មួយទៀត​អ្នក​ប្រដាល់​ថៃ​រូបនេះ ជា​ជើង​ខ្លាំង​នៅ​ប្រទេស​ថៃ​ផង​នោះ ដូច្នេះ​មិន​ងាយស្រួល​ឲ្យ​សេរី​យកឈ្នះ​នោះទេ។ ចាំមើល ហ៊ឹម សេរី អាច​ផ្ដួល​អ្នក​ប្រដាល់​ថៃ​ស៊ុម ជី​ឡេ​កបាន​ឬ​អត់?។​

ចំពោះ វង្ស វិឆ័យ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ ត្រូវ​ផ្គូ​ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់​ឈ្មោះ ម៉ា​ទីន (Matin)​ពីរ​នាក់​នេះ នឹង​ជួប​ប្រកួត​គ្នា​ក្នុង ប្រភេទ​ទម្ងន់៦៩​គីឡូក្រាម។ ពីរ​នាក់​នេះ មិនដែល​ជួបគ្នា​ទេ​កន្លងមក។

វង្ស វិឆ័យ ប្រកួត​ចុងក្រោយ​នេះ (១៥​មីនា​២០១៩) បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ​ហាន់ មើ ក្នុង​ទឹក​ទី​៤។ វិឆ័យ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ដែល​សព្វថ្ងៃ​កេរ្តិ៍ឈ្មោះ​របស់គេ​កំពុង​ត្រូវបាន​គេ​ចាប់អារម្មណ៍​គួរសម​ដែរ។ វិឆ័យ មាន​កាយសម្បទា​រឹងមាំ វាយ​ខ្លាំង ហើយ​វាយ​មិនចេះ​ខ្លាច​គូប្រកួត​នោះទេ។

ពោលគឺ វិឆ័យ​វាយ​សម្រុកចូល​ដោយ​មិន​ញញើត ជាមួយនឹង​កណ្ដាប់ដៃ​ខ្លាំង សន្ទុះ​ទាត់​ក៏​ខ្លាំង ជង្គង់​កែង​ក៏​ល្អ​ថែមទៀត។

ម៉ា​ទីន គេ​ក៏​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដែរ ហើយ​អ្នក​ប្រដាល់​រូបនេះ ក៏​វាយ​ខ្លាំង​មិន​ចាញ់​វង្ស វិឆ័យ ប៉ុន្មាន​ដែរ​។ ​អ្នក​ប្រដាល់​រូបនេះ ក៏​វាយ​សម្រុក​មិនចេះ​ខ្លាច​គូប្រកួត​ដែរ។

យ៉ាងណា សម្រាប់​ការប្រកួត​លើក​នេះ គេ​មិនអាច​ទាយ​មុន​ថា វង្ស វិឆ័យ​ អាច​ឈ្នះ​អ្នក​ប្រដាល់​អ៊ីរ៉ង់​ម៉ា​ទីន នោះឡើយ។​ វង្ស វិឆ័យ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៣៩​លើក ឈ្នះ​៣៥​លើក និង​ចាញ់​០៤លើក ហើយ ​ម៉ា​ទីន វិញ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​២២​លើក ឈ្នះ​១៨​លើក និង​ចាញ់​០៤​លើក។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ អេ​លី​ត កែវ​ឡុង អ្នក​ប្រដាល់​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ នឹង​ឡើង​ប្រកួត​សងសឹក​ជាមួយ ​មាឃ វណ្ណា​រ៉ា អ្នក​ប្រដាល់​ក្លិប​រាជសីហ៍ ខេត្ត​រតនគិរី ក្នុង​ទម្ងន់​៦០​គីឡូក្រាម។ កាលពី​ជួបគ្នា​លើក​មុន កែវ​ឡុង វាយ​ចាញ់ ​វណ្ណា​រ៉ា ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។​ ចាំមើល អេ​លី​ត កែវ​ឡុង គេ​អាច​សងសឹក​មាឃ វណ្ណា​រ៉ា បានសម្រេច​ឬ​អត់​?​។​

វ៉ែន សុវណ្ណ មាឃ វណ្ណា​រ៉ា អ្នក​ប្រដាល់​ក្លិប​កងកេង​មាន​រិ​ទ្ធ​ខេត្តបាត់ដំបង ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជា​មួយ​លួ​ន សុខ​ខេង អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម។

ពីរ​នាក់​នេះ សុទ្ធតែជា​ជើងចាស់ ប៉ុន្តែ​មិន​ធ្លាប់​ដែល​ជួបគ្នា​ទេ​ពីមុនមក។ អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ មិនអាច​ទាយ​មុន​បានឡើយ៕