ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​ក្រីក្រ​ និង​ចាស់ជរា​ជាង​១០០​គ្រួសារ ​បាន​ទទួល​អំណោយ​មនុស្សធម៌​មូលនិធិ​ព្រះ​ចៅអធិការ​វត្ត​អូ​ផាល​ ជា​គ្រឿង​ឧបភោគ​បរិភោគ​ សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជាង​១៤​លាន​រៀល​

​ឧ​ត្ត​រ​មានជ័យ ​៖ នា​ព្រឹក​ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០១៩​ នេះ ​ក្រុម​ការងារ​មូលនិធិ​សប្បុរសធម៌​ព្រះ​ចៅ​អធិការ​វត្ត​អូ​ផាល​ ដឹកនាំ​ដោយ​ លោក​ ផល លឹម ប្រធាន​កិត្តិយស​មូលនិធិ​សប្បុរសធម៌ វត្ត​អូ​ផាល លោក ​សំ​ប្រិ​យ ​ង៉ា​ម អនុប្រធាន​ទី​១​មូលនិធិ លោក ​ម៉ៅ សា​រ៉ាវុធ អនុប្រធាន​ទី​២ រួម​ដំណើរ​ជាមួយ​លោក ​រិទ្ធី ប៉ាក់ អភិបាលស្រុក​ចុង​កាល់ បាន​នាំយក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​ និង​ថវិកា​មួយ​ចំនួន​ចែក​ជូន​គ្រួសារ​ក្រីក្រ​តាម​ខ្នង​ផ្ទះ​ចំនួន​១១​គ្រួសារ នៅ​ភូមិ​ចំនួន​បី ក្នុង​ឃុំ​ពង្រ ស្រុក​ចុង​កាល់ ខេត្ត​ឧត្តរមានជ័យ​។​

អំណោយ​ដែល​ផ្តល់ជូន​នាពេលនោះ​ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន អង្ករ​២៥​គីឡូ ទឹកស៊ីអ៊ីវ​មួយ​យួរ ទឹកត្រី​មួយ​យួរ ទឹក​សុទ្ធ​មួយ​យួរ ភេសជ្ជៈ​ចម្រុះ​២៥​កំប៉ុង មី​ប្រាំ​កញ្ចប់ ថវិកា​ប្រាំ​ម៉ឺន​រៀល​។

​តាម​ការ​បញ្ជាក់​របស់​ លោក​ សំ​ប្រិ​យ ង៉ា​ម បានឲ្យ​ដឹងថា ​អំណោយ​ទាំងអស់នេះ​ គឺ​ទទួល​បានមកពី​ព្រះ​គ្រូ​ វង្ស វុទ្ធី ព្រះ​ចៅអធិការ​វត្ត​អូ​ផាល​ និង​កូនស្រី វង្ស​ស្រី​ម៉ៅ ព្រមទាំង​សប្បុរសជន​នានា​ ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក នឹង​បន្ត​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា គ្មាន​ទីពឹង​ចំនួន​ជាង​១០០​គ្រួសារ ​ក្នុងស្រុក​ចំនួន​៥​ ក្នុង​ខេត្ត​ឧត្តរមានជ័យ ដែល​សរុប​ជា​ទឹកប្រាក់​ចំនួន​១៤​លាន​រៀល​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114