ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ដន្ទាទោស​ជើងកាង​បាញ់​នៅ​ក្លឹប​រ៉ុ​ក លើ​សំណុំរឿង​ទី​១​ ប្លន់​យក​ខ្សែក្រវាត់ ​ដាំ​ពេជ្រ​

ភ្នំពេញ ​ ៖​ នៅ​ទីបំផុត ​កូនប្រុស​របស់ លោក ឌុ​ច សុ​វណ្ណា​រី រដ្ឋលេខាធិការ ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​រយៈពេល ៤​ឆ្នាំ នៅ​លើ​សំណុំរឿង​ទី​១​ ដែល​ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​លួច​ មាន​ស្ថាន​ទម្ងន់​ទោស ( ប្លន់ ) យក​ខ្សែ​ក្រវាត់​មាស​ដាំ​ពេជ្រ​របស់​យុវជន​ម្នាក់​ នៅ​ក្នុង​ក្លឹប​រ៉ុ​ក។

ជនជាប់ចោទ ឈ្មោះ ឌុ​ច សុ​វណ្ណា​រ៉េត ហៅ រិ​ទ្ធ​ញា​ញ់ អាយុ​៣៣​ឆ្នាំ ជា​ជន​ប្រដាប់​អាវុធ​ម្នាក់ ​ក្នុង​ចំណោម​៣​នាក់ ប្រើប្រាស់​កាំភ្លើងខ្លី​ម៉ា​កឡុក​២​ដើម​ ហ្នុង​ការធ្វើ​សកម្មភាព​ប្លន់​យក​ទ្រព្យសម្បត្តិ​របស់​អ្នកដទៃ។

កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅ តុលាការក្រុង​ភ្នំពេញ បាន​បើកសវនាការ​ជំនុំជម្រះ​ទោស ជនជាប់ចោទ​ឈ្មោះ ឌុ​ច សុ​វណ្ណា​រ៉េត ពាក់ព័ន្ធ​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់​ទោស ​ដោយ​ហិង្សា​នេះ។​

នៅក្នុង​សវនាការ​នាពេល​កន្លង​ទៅ ជនជាប់ចោទ​ ឈ្មោះ ឌុ​ច សុ​វណ្ណា​រ៉េត បាន​សារភាព​ថា រូបគេ​ពិត​ជា​បាន​វាយ​ជនរងគ្រោះ​យក​ខ្សែក​ប្រាកដ​មែន​។​

ជនជាប់ចោទ ​ឈ្មោះ ឌុ​ច សុ​វណ្ណា​រ៉េត ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ជាមួយ​បក្ខពួក​២​នាក់​ទៀត​ បញ្ជូនទៅ​តុលាការ​ ពាក់ព័ន្ធ​ករណី​បាញ់​ជនរងគ្រោះ ​ឈ្មោះ បៀ សំអឿន ជា Dj ប្រចាំ​មជ្ឈមណ្ឌល​កម្សាន្ត Rock ឲ្យ​រង​របួស​ចំ​កំភួនជើង និង​គូទ ចំនួន​៤​គ្រាប់ ប្រព្រឹត្ត​កាលពី​វេលា​ទៀបភ្លឺ ​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​កន្លងទៅ។ ចំពោះ​សំណុំរឿង​ទី​២​ ពាក់ព័ន្ធ​នឹង​ការបាញ់ប្រហារ​នៅក្នុង​ក្លឹប​កម្សាន្ត​រ៉ុ​ក​នេះ តុលាការ​មិនទាន់​សម្រេច​ផ្ដន្ទាទោស​ជន​ត្រូវ​ចោទ​ទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114