ព័ត៍មានទាន់​ហេតុការណ៏
Search

យ៉ែម សំ​អូន នឹក​កូនស្រី​ពេក​ ពោល​ពាក្យ​ទាំង​ទឹកភ្នែក​ បង្ហាញ​អារម្មណ៍​ពិត​ ក្នុង​នាម​ខ្លួន​ជា​ឪពុក

​ភ្នំពេញ​ ៖​ គិត​មក​ទល់​ពេល​នេះ​ តារា​ចម្រៀង​ប្រុស​ លោក យ៉ែម សំ​អូន និង ​អតីត​ភរិយា ​អ្នកនាង យ៉ាន លីន​ដា គឺ​បាន​បែក​គ្នា​មាន​រយៈពេល​ជិត​៤​ឆ្នាំ​មកហើយ​ ខណៈដែល​បច្ចុប្បន្ន​ លោក យ៉ែម សំ​អូន កំពុង​រស់នៅ​ជាមួយ​អាជីព​ការងារ​សិល្បៈ​ស្រុក​ខ្មែរ​។​ ចំណែកឯ​អតីត​ភរិយា ​អ្នកនាង យ៉ាន លីន​ដា ក៏​កំពុង​រស់​នៅឯ​ក្រៅប្រទេស​ជាមួយ​កូនស្រី​ជាទី​ស្រលាញ់​របស់ខ្លួន​។​

ដោយសារតែ​ក្តី​នឹករលឹក​ចំពោះ​កូនស្រី​ លោក យ៉ែម សំ​អូន មុននេះ​បន្តិច​ បាន​ផ្ញើ​ពំនោល​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តាមរយៈ​ការ​រៀបរាប់​ពី​ក្ដីបារម្ភ​ ក្នុងនាម​ខ្លួន​ជា​ឪពុក ចំពោះ​កូនស្រី​ជាទី​ស្រលាញ់ ​ដែល​កំពុង​រស់នៅ​នៅ​ឯនាយសមុទ្រ​ជាមួយ​អតីត​ភរិយា​ជា តារា​ចម្រៀង​រូប​ស្រស់​ អ្នកនាង​ យ៉ាន លីន​ដា រហូត​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួន​បានបង្ហាញ​ការ​អាណិត​ដល់​តារា​ប្រុស​រូបនេះ​ដែល​បាន​ឃ្លាតឆ្ងាយ​ទ្រូង​ពី​កូនស្រី​។​

ភ្ជាប់​នឹង​រូបថត​អនុស្សាវរីយ៍​ជាមួយ​កូនស្រី​វ័យ​ជំទង់​ លោក យ៉ែម សំ​អូន បាន​បរិយាយ​សារ​យ៉ាង​ដូច្នេះ​ថា ​ថ្ងៃនេះ ​ក៏​មិនសូវ​ជា​ខុស​អ្វី​ពី​រាល់ថ្ងៃ​ដែរ​ បើក​ភ្នែក​ភ្លាម ​ទឹកភ្នែក​ក៏​ហូរ​ចុះ​មក​ មាន​អារម្មណ៍​ថា ​នឹក​ម្នាក់​នេះ​ដល់​ហើយ ​កូនក្រមុំ​អ្នកណា​គេ​ទេ ស្អាត​ក៏​ស្អាត សុភាព ទន់ភ្លន់ ចេះ​គោរព​ស្គាល់ ចាស់ ស្គាល់​ទុំ ហើយ​វា​ក៏​ជា​សំណាង​មួយ​ដែល​ក្នុងនាម​យើង​ជា​ឪពុក​គេ។

តារា​ប្រុស​ពោះម៉ាយ ​លោក យ៉ែម សំ​អូន បាន​រៀបរាប់​បន្តទៀត​ថា ​សំណាង​មួយ​របស់​ប៉ា​ប៉ា​(​ឪពុក​)​
ដែល​វា​ជា​ទ្រព្យ​មិន​អាច​កាត់ថ្លៃ​បាន​នៅ​ក្នុង​មួយ​ជីវិត​របស់​ប៉ា​ប៉ា​(​នឹក​កូន​ពេក​ទើប​ប៉ា ចេះ​សរសេរ​ចេញពី​ចិត្ត​របស់​ប៉ា​)​ អ្នក​មិន​ដឹង គេ​ត្រឹមតែ​ថា ម្ដេច​មិន​ទៅ​ជួប គេ​មិន​ដឹង​ថា​កូន​គេច​ប៉ា​មិន​តប​សារ​ប៉ា មិន​លើក​ទូរស័ព្ទ​ប៉ា​ឯណា ប៉ា​ជា​ម​នុស្ស មិនមែន​ទេវតា​ដែល​អាច​ដឹង​បាន​គ្រប់​រឿង​ឯណា។

លោក យ៉ែម សំ​អូន ក៏បាន​បន្ថែម​ថា​ ដឹង​ត្រឹមតែ​ថា​ប៉ា​រក្សា​ចិត្ត​អំណត់​មិន​ឱប​ភាព​ក្ដៅក្រហាយ​ជាប់​នឹង​ខ្លួន ស្រលាញ់​កូន និង​បាន​ធ្វើ​ល្អ​បំផុត​ ហើយ​លើស​ពី​នឹង​អត់​ទេ​ ព្រោះ​ប៉ា​នៅតែ​ជា​ប៉ា​របស់​កូន ដាច់ខាត ​ប៉ា​ មិន​ឲ្យ​កូន​បាប​ឡើយ ប៉ា​ព្រម​ទទួល​ម្នាក់ឯង។ តើ​មាន​មនុស្ស​ប៉ុន្មាន​អ្នក​ដែល​យល់​អារម្មណ៍​មួយ​នេះ?។

គួរ​រំឭក​ថា ​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៥ ដំណឹង​ចែកផ្លូវ​រវាង​ លោក យ៉ែម សំ​អូន និង ​អ្នកនាង យ៉ាន លីន​ដា បានធ្វើ​ឲ្យ​កក្រើក​ពិភព​សិល្បៈ​ ក្រោយពី ​អ្នកនាង យ៉ាន លីន​ដា​ បាន​វេចបង្វេច​ឡើង​យន្តហោះ ​ទៅកាន់​ដែន​កោះ​អូស្ត្រាលី​ ក្រោយពេល​អតីត​ស្វាមីភរិយា​១​គូ​នេះ​ បាន​ផ្ទុះ​ជម្លោះ​រហូត​បង្ក​ហិង្សា។ យ៉ាងណាមិញ​ ក្រោយ​ចំណង​ស្វាមី ភរិយា ​ត្រូវ​បាន​កាត់ផ្ដាច់​ពី​ អ្នកនាង យ៉ាន លីន​ដា តារា​ចម្រៀង​ពោះម៉ាយ ​លោក យ៉ែម សំ​អូន កន្លងមក​ បាន​បង្ហាញ​រូបភាព​ស្ដែង​អំពី​កាតព្វកិច្ច​ជា​ឪពុក​ ដ៏​ល្អ​មក​លើ​កូនស្រី​សំណព្វ យ៉ែម វិ​រូ​នី​ខា (​សំ​អូន វិ​ថា​ណា​)​ផង​ដែរ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114