ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ សួន ​បវរ ៖ ស្រូវប្រាំង​ឆ្នាំនេះ ​ប្រជាកសិករ​ធ្វើ​លើស​ផែនការ ហើយ​បញ្ចប់​ការ​ច្រូតកាត់​អស់​ហើយ​ដែរ​

​បន្ទាយមានជ័យ ៖ នៅ​ព្រឹក ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៩​​​ លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ​និង​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ បានធ្វើការ​អះអាង​ថា ស្រូវប្រាំង​របស់​កសិករ​នៅ​ខេត្ត​បន្ទាយមានជ័យ​នា​ឆ្នាំ​២០១៩​នេះ បានធ្វើ​លើស​ផែនការ​ មកទល់ពេលនេះ​បានបញ្ចប់​ការ​ច្រូតកាត់​អស់ហើយ​ផង​ដែរ។​

លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​ម​ន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​បន្ទាយមានជ័យ​ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យ​ដឹងថា ក្នុង​របាយការណ៍​របស់​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​ ការប្រមូល​ផល​ស្រូវប្រាំង​ ត្រូវបាន​បញ្ចប់​រួចរាល់​ជា​ស្ថាពរ​ហើយ លើ​ផ្ទៃដី​ចំនួន​៤៧.០២៥​ហិកតា ដែល​ក្នុងនោះ ស្រុក​ផលិត​បាន​ច្រើនជាងគេ គឺ​ស្រុក​មង្គល​បូរី បន្ទាប់មក​ស្រុក​ព្រះនេត្រព្រះ និង​ក្រុង​សិរីសោភ័ណ។ ចំណែក​ លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ដែរ​ថា សូម​ជូនពរ​ និង​អគុណ​បងប្អូន​ប្រជាកសិករ​ ដែល​បាន​ខិតខំ​បង្កបង្កើនផល​ស្រូវ​រដូវ ​ក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះ​ សម្រេច​បាន​លើស​ផែនការ​កំណត់ ក្នុងនោះ​ស្រូវវស្សា​ជាង​១០០​ភាគរយ​ លើ​ផែនការ​២៥០.៥០០​ហិកតា និង​ស្រូវប្រាំង​ជាង​២០០​ភាគរយ​ លើ​ផែនការ​ជាង​២០.០០០​ហិកតា តែ​តាម​ការ​ជាក់ស្តែង ការ​ប្រមូល​ផល​ស្រូវប្រាំង បាន​ចប់​តាំងពី​ម្តុំ​ខែមករា​មក​ម្ល៉េះ ដោយសារ​កត្តា​ខ្វះ​ទឹក ហើយ​អាជ្ញាធរ​ហាម​ការ​ប្រើប្រាស់​ទឹក​ធ្វើ​ស្រូវប្រាំង​លើក​ទី​២​ផងដែរ​។ ​ទោះយ៉ាងណា​ ក៏​ លោក​ សួន បវរ ចៀសវាង​មិន​និយាយ​ពី​ការ​លួច​ទឹក​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​ស្រូវប្រាំង​លើក​ទី​២ ក៏ដូចជា​ការ​ខឹង​សម្បារ​របស់​កសិករ​ដែល​ខូចខាត​ស្រូវ ​ព្រោះតែ​ហាម​បូម​ទឹក​ស្រោចស្រព​នោះដែរ​។ ​ប៉ុន្តែ​លោក ​អគុណ​បង​ប្អូន​ដែល​បាន​ចូលរួម​រក្សា​ទឹក​ទុក​ប្រើប្រាស់​ក្នុង​រដូវប្រាំង តាម​ការអំពាវនាវរ​បស់​រដ្ឋបាលខេត្ត​ និង​រាជ​រដ្ឋាភិ​បាល។ ​ក្នុងនោះ​ លោក​ បានធ្វើ​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ មេត្តា​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​នៅ​រដូវប្រាំង​ក្តៅ​ហួតហែង សូម​មេត្តា​ប្រុងប្រយ័ត្ន​ការពារ​អគ្គិភ័យ ដែល​អាច​កើតឡើង​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី និង​ភ្លើង​ធូប​ទៀន ភ្លើង​ចង្ក្រាន ជាពិសេស​ការ​បោះ​ចោល​កន្ទុយ​បារី​ទៅ​ក្នុង​ព្រៃ ​ដែល​នាំ​ដល់​ភ្លើង​ឆេះ​រាលដាល​ដល់​ភូមិឋាន​រស់នៅ។

លោក​បាន​បន្ថែមថា ​សូម​អរគុណ​ដល់​បងប្អូន ជូនពរ​សុខ​សប្បាយ​ទាំងអស់គ្នា និង​ត្រៀមខ្លួន​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ ដែល​នឹង​ឈាន​ចូល​មកដល់​នាពេល​ដ៏​ខ្លី​ខាងមុខ​ឆ្នាំនេះ ​ធ្វើ​កន្លែង​សប្បាយ​ដល់​ទៅ​៣​កន្លែង​ធំៗ​ជាង​ឆ្នាំមុនៗ​៕