ព័ត៍មានទាន់​ហេតុការណ៏
Search

មាន សូ​នី​តា ប្រកាស​ទទួល​ថវិកា​សប្បុរសជន​ជួយ​គ្រួសារ​ជនរងគ្រោះ ​ករណី​ជនជាតិ​ជប៉ុន ​ប្លន់​សម្លាប់​ ខណៈ​ដៃគូ​សហការ​ជនជាតិ​ជប៉ុន​ ឧបត្ថម្ភ​១​ពាន់​ដុល្លារ

ភ្នំពេញ ​៖​ តារា​សម្តែង​ធ្មេញ​ជំ​ពើ​ស ​កញ្ញា ​មាន សូ​នី​តា ដោយសារ​មើលឃើញ​ពី​ក្តី​អាណិតអាសូរ​ និង​មាន​សប្បុរសជន​មួយចំនួន​មាន​ទឹកចិត្ត​ចង់​ចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ ដើម្បី​ជួយ​ដល់​គ្រួសារ​របស់​ជនរងគ្រោះ ​ដែល​ត្រូវបាន​ជនជាតិ​ជប៉ុន​ចំនួន​២​នាក់​ប្លន់​ ហើយ​សម្លាប់​នៅ​ខេត្ត​សៀមរាប​នោះ​នាង​បានប្រកាសថា ​ខ្លួន​នឹង​ទទួលយក​ថវិកា​ដែល​ទទួលបាន​ការឧបត្ថម្ភ​ពី​សប្បុរសជន​ទៅ​ប្រគល់​ជូន​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ។

កញ្ញា មាន សូ​នី​តា បានបញ្ជាក់​ឲ្យ​ដឹង​មុននេះ​ថា ​ដោយសារ​មាន​មិត្តភ័ក្ដិ​ជាច្រើន ​បាន​ចង់​ចូល​បុណ្យ (​ថវិកា​)​ ទៅ​គ្រួសារ​សព ​ដែលមាន​ករណី​ប្លន់​នៅ​សៀមរាប​ ដែល​ខ្ញុំ​បង្ហោះ​មុន​នេះ ក្នុង​នាម​ នាង​ខ្ញុំ មាន សូ​នី​តា នឹង​ទទួល​ថវិកា​ទាំងនោះ​ទុកជា​មួយ​ខ្ញុំ​សិន​ហើយ​ ទើបបាន​ផ្ញើ​ឲ្យ​គ្រួសារ​សព​សរុប​ទាំង​អស់ ហើយ​គ្រួសារ​សព​ នឹង​ទទួលបាន​ថវិកា​គ្រប់​ចំនួន​…​។ ​យកមុខ សូ​នី​តា មក​ធានា ​ខ្ញុំ​ទទួល​រហូត​ដល់​ថ្ងៃ​២៥(​ថ្ងៃ​ចន្ទ​)​ ខែ​មីនា​នេះ ​សូម​បងប្អូន​ស៊ែ​បន្ត​ផង ហើយក៏​អរគុណ​ជំនួស​គ្រួសារ​សព​ផងដែរ​។​

ជាមួយគ្នានេះដែរ​ តារា​សម្តែង​ កញ្ញា មាន សូ​នី​តា កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ ​ក៏បាន​ប្រកាស​នាំយក​ថវិកា​ចំនួន​១​ពាន់​ដុល្លារ​របស់​ដៃគូ​សហកា​រ​រកស៊ី​របស់ខ្លួន​ ដែលជា​ជនជាតិ​ជប៉ុន​ដើម្បី​ឧបត្ថម្ភ​ជូន​ដល់​គ្រួសារ​ជនរងគ្រោះ​។ ខណៈ​នោះ នាង ​ក៏បាន​លើកឡើងថា​ បើសិន​ជា​បងប្អូន​ណា​បាន​ស្គាល់​គ្រួសារ​ជនរងគ្រោះ​ខាងលើ​ មេត្តា​ផ្តល់​ដំណឹង​ផង​។​

កញ្ញា មាន សូ​នី​តា បាន​លើកឡើងថា ​ដំណឹង​រន្ធត់​មួយ​ ដែល​ពាក់ព័ន្ធ​រឿង​ជនជាតិ​ជប៉ុន​ប្លន់​សម្លាប់​… នេះ​គឺជា​ដំណឹង​មួយ​យ៉ាង​សោកស្ដាយ​ជាទីបំផុត ​ធ្វើ​ឲ្យ​ជនជាតិ​ជប៉ុន​ទទួលយក​ពុំបាន​ដូចគ្នា​ឥឡូវ​ដៃគូ​សហការ​របស់ខ្ញុំ​ ជនជាតិ​ជប៉ុន​ នៅ​ឯ​ប្រទេស​ជប៉ុន​។​ នាង​ខ្ញុំ មាន សូ​នី​តា នឹង​ជំនួសមុខ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន ​ដែល​បាន​សហការ​ជាមួយ​ បាន​ជូន​ថវិកា​បន្តិចបន្តួច​ចំនួន​១០០០​ដុល្លារ​ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​យ៉ាង​ក្រៀមក្រំ​បំផុត។

តារា​ស្រី​ កញ្ញា មាន សូ​នី​តា បាន​បន្ថែមទៀត​ថា សូម​អ្នក​ទាំងអស់គ្នា​ ជួយផ្តល់​ព័ត៌មាន​បន្ត​ផង ​ព្រោះ​ខ្ញុំ​ក៏​មិនដឹង​ទាក់ទង​ទៅ​គ្រួសារ​របស់​គាត់​យ៉ាង​ណាដែរ​?​។ ​តាមរយៈ​ការប្រកាស​ដំណឹង​របស់​សម្តែង​ស្រី ​កញ្ញា មាន សូ​នី​តា ខាងលើនេះ ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​បង្ហាញ​ការ​គាំទ្រ ​និង​លើក​សរសើរ​ពី​ទឹកចិត្តរ​បស់​ដៃគូ​សហ​ការ ព្រម​ទាំង​រូបនាង​ផងដែរ​៕