ព័ត៍មានទាន់​ហេតុការណ៏
Search

ភ្លៀង​១​មេ ​ធ្វើឲ្យ​ពលរដ្ឋ​ក្នុងស្រុក​មោង​ឫស្សី​សប្បាយចិត្ត​ ខណៈ​កំពុង​​ងាប់​ដំណាំ​ តែ​អកុសល​ក៏បាន​វាយប្រហារ​ផ្ទះ​ពលរដ្ឋ​ផ្សេង​ខូចខាត​២​ខ្នង​ផងដែរ

បាត់ដំបង ៖ ភ្លៀង​ធ្លាក់​១​មេ​ បាន​អង្រួន​ចិត្ត​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​មោង​ឫស្សី ​ខេត្ត​បាត់ដំបង​ឲ្យ​មាន​ការ​សប្បាយរីករាយ ​ខណៈ​ដែល​ដំណាំ​គ្រប់​ប្រភេទ​របស់​ពួកគាត់​រង​ការខូចខាត ​ពី​កម្ដៅ​ព្រះអាទិត្យ​ ស្ទើរ​ទាំងស្រុង ​កុំថាឡើយ​បាន​លក់ ​ត្រឹមតែ​បម្រើ​ការ​ក្នុង​គ្រួសារ​ស្ទើរ​មិនបាន​គ្រប់​ផង​។​

តែ​ជា​អកុសល​ ក្រៅពី​ប្រជាពលរដ្ឋ​សាទរ​នឹង​ភ្លៀង​១​មេ​នេះ​ យ៉ាងហោចណាស់​ក៏​មាន​ផ្ទះ​ប្រជា​ពលរដ្ឋ​ចំនួន​២​ខ្នង​ផងដែរ​ ត្រូវបាន​ខូចខាត​ ដោយ​ការ​វាយប្រហារ​ពី​ខ្យល់​កន្ត្រាក់​ ដែល​បាន​លាយឡំ​ជាមួយនឹង​ទឹកភ្លៀង​។

​តាម​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​មក​ថា​ កាលពី​ព្រលប់​ថ្ងៃទី​២២ ​ខែ​មីនា​ ឆ្នាំ​២០១៩​កន្លង​ថ្មីៗ​នេះ​នៅ​វេលា​ម៉ោង​១៩​និង​៥០​នាទី​ មាន​ភ្លៀង​ធ្លាក់​១​មេ​ បាន​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ បណ្តាលឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​រកា​ឈ្មោល ​ឃុំ​គារ​ ស្រុក​មោងឬស្សី ​ខេត្ត​បាត់ដំបង​ចំនួន​២​ខ្នង​ផ្ទះ ​បាន​ប៉ើង​ដំបូល​ស័ង្កសី​ទាំងស្រុង​។

​តាម​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​បានឲ្យ​ដឹង​ថា ​ម្ចាស់ផ្ទះ​ចំនួន​ពីរ​ខ្នង​ដែល​បាន​ខូចខាត​ពី​ខ្យល់​កន្ត្រាក់​នោះ​រួមមាន​ ឈ្មោះ ​ពេ​ជ​ ផាន​ ភេទ​ស្រី​ អាយុ​៥៣​ឆ្នាំ ​រស់នៅ​ភូមិ/​ឃុំ​ខាង​លើ ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ មាន​ទំហំ​៥x៦​ម៉ែត្រ​ ប៉ើង​ដំបូល​ស័ង្កសី​ចំនួន​១២​សន្លឹក​ និង ​ផ្ទះ​ ឈ្មោះ​ យឹម​ រីក ​ភេទ​ប្រុស ​អាយុ​៥៧​ឆ្នាំ ​មុខរបរ​ធ្វើ​ស្រែ ​រស់នៅ​ភូមិ/​ឃុំ​ជាមួយគ្នា​ខាង​លើ។ ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ ទំហំ​៦×៧​ម៉ែត្រ​ បាន​ប៉ើង​ដំបូល​ខូចខាត​អស់​ស័ង្កសី​ចំនួន​១៦​សន្លឹក​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ដែរ​ថា​ ក្រៅពី​មានការ​ខូចខាត​ផ្ទះ​ចំនួន​២​ខ្នង ​ក្នុង​ហេតុការណ៍​នេះ​ដែរ​ មិនបាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ​ឬ​សត្វ​ណាមួយ​នោះទេ​ ហើយ​បច្ចុប្បន្ន​ សមត្ថកិច្ច​ និង​អាជ្ញាធរ​មូលដ្ឋាន​ កំពុង​ជួយ​ជួសជុល​ជូន​ពួកគាត់ឲ្យ​បាន​រស់នៅ​ឡើងវិញ​ផង​ដែរ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114